តែម សុខុម
បាងកកៈ ប្រទេសថៃ និងឥណ្ឌូនេស៊ី ដែលជាគូប្រជែងជើងខ្លាំងក្នុងតំបន់អាស៊ាន កំពុងប្រជែងគ្នាទាក់ទាញការវិនិយោគពីក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក អំឡុងកិច្ចប្រជុំកំពូល APEC ដែលកំពុងតែប្រព្រឹត្តទៅនៅ San Francisco សហរដ្ឋអាមេរិក។
ជាលទ្ធផលរហូតមកទល់ពេលនេះ ប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងធំៗដែលមានទំហំច្រើនពាន់លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយនៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា នេះ។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នៅមុននេះបានព្យាយាមទាក់ទាញការវិនិយោគពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla អំឡុងជំនួបជាមួយកំពូលមហាសេដ្ឋី Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុននេះអំឡុងខែឧសភា ឆ្នាំ២០២២។
ទន្ទឹមនេះ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ក៏បានព្យាយាមទាក់ទាញការវិនិយោគពីក្រុមហ៊ុន Tesla ផងដែរ ហើយថែមទាំងបានបើកបរសាកល្បងរថយន្ត Tesla នៅវិមានរដ្ឋាភិបាលកាលពីខែមុនទៀតផង។
អំឡុងកិច្ចប្រជុំកំពូល APEC នៅសប្តាហ៍នេះ លោក Srettha Thavisin សម្រេចបានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនធំៗរួមមានក្រុមហ៊ុន Google ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Amazon ដែលបូកបញ្ចូលគ្នាមានទំហំទុនវិនិយោគប្រមាណ៣០០ពាន់លានបាត (៨,៥១ពាន់លានដុល្លារអាមេរិក)។
ការវិនិយោគទាំងនេះមានគោលដៅបង្កើនហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ប្រទេសថៃ ដោយផ្ដោតលើគោលនយោបាយនវានុវត្តន៍ថ្មី និងគោលនយោបាយសេវាកម្ម Cloud។
ក្រុមហ៊ុន Google កំពុងសម្លឹងជ្រើសយកប្រទេសថៃ ធ្វើជាទីតាំងមជ្ឈមណ្ឌលរក្សាទុកទិន្នន័យទី៤ របស់ខ្លួនប្រចាំអាស៊ី។ ការសហការគ្នានេះត្រូវបានចាត់ទុកថាមានសារៈសំខាន់ខ្លាំងសម្រាប់ប្រទេសថៃ ដែលមានបំណងបោះជំហានឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត AI។
ទន្ទឹមនេះ ក្រុមហ៊ុន Microsoft គ្រោងបោះទុនវិនិយោគ១០០ពាន់លានបាត (២,៨៤ពាន់លានដុល្លារអាមេរិក) នៅក្នុងប្រទេសថៃ ក្នុងដំណាក់កាលដំបូងនៃការផ្ដោតលើការសាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យ និងថាមពលស្អាត។
ប្រទេសថៃ បានប្រកួតប្រជែងឈ្នះប្រទេសម៉ាឡេស៊ី និងវៀតណាម នៅក្នុងការទាក់ទាញបានការវិនិយោគរបស់ក្រុមហ៊ុន Microsoft។
ចំណែកឯប្រទេសឥណ្ឌូនេស៊ី ទទួលបានជោគជ័យនៅក្នុងការសម្រេចបានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រេងខ្នាតយក្សរបស់អាមេរិក ExxonMobil ដោយទាក់ទាញបានការវិនិយោគក្នុងទំហំ១៥ពាន់លានដុល្លារអាមេរិក លើគីមីឥន្ធនៈ បន្ទាប់ពីប្រធានាធិបតី Joko Widodo បានជួបជាមួយប្រធានក្រុមហ៊ុននេះ គឺលោក Darren Woods។
ក្រុមហ៊ុន ExxonMobil គ្រោងបោះទុនវិនិយោគលើគម្រោងគីមីឥន្ធនៈ និងការសាងសង់រោងចក្រផ្ទុកគីមីឥន្ធនៈក្នុងប្រទេសឥណ្ឌូនេស៊ី។ រោងចក្រផ្ទុកគីមីឥន្ធនៈនេះត្រូវបានរំពឹងថាមឹងមានទំហំធំបំផុតប្រចាំអាស៊ីអាគ្នេយ៍។
ប្រទេសឥណ្ឌូនេស៊ី ដែលជាសេដ្ឋកិច្ចធំបំផុតទី១ និងប្រទេសថៃ ដែលជាសេដ្ឋកិច្ចធំបំផុតទី២ ប្រចាំតំបន់អាស៊ាន កំពុងធ្វើការប្រកួតប្រជែងគ្នាទាក់ទាញការវិនិយោគពីក្រុមហ៊ុនឈានមុខគេលំដាប់ពិភពលោក ជាពិសេសក្រុមហ៊ុនដែលរកស៊ីខាងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ តាមរយៈការបង្អួតបង្ហាញពីឱកាសវិនិយោគដល់ទាក់ទាញនៅក្នុងតំបន់៕ The Nation៕