តែម សុខុម
ហូជីមិញ: គម្រោងអភិវឌ្ឍន៍កាស៊ីណូ និងរីហ្សតខ្នាតយក្ស Ho Tram តម្លៃ៤,២៣ពាន់លានដុល្លារអាមេរិក នៅប្រទេសវៀតណាម ភាគខាងត្បូង ត្រូវបានពន្យារពេលបញ្ចប់ការសាងសង់ជាស្ថាពរដល់ឆ្នាំ២០២៧។
នេះមិនមែនជាការពន្យារពេលលើកទី១ នោះទេ ពោលគឺជាលើកទី១១ ហើយ។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា។
ក្រុមហ៊ុនអភិវឌ្ឍន៍ Ho Tram Project Company Ltd ទទួលបានលិខិតអនុញ្ញាតក្នុងឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍគម្រោងកាស៊ីណូ និងរីហ្សត Ho Tram ដែលមានកាស៊ីណូមួយ សណ្ឋាគារលំដាប់ផ្កាយ៥ មួយដែលមាន៩.០០០បន្ទប់គេង ទីលានវាយកូនហ្គោលដែលមាន១៨រន្ធ វីឡាមួយចំនួន និងតំបន់លក់ទំនិញមួយ។កាស៊ីណូ និងទីលានវាយកូនហ្គោលក្នុងគម្រោងនេះបានបើកដំណើរការហើយនៅពេលនេះ។ ប៉ុន្តែគម្រោងទាំងមូលមិនទាន់បានសាងសង់បញ្ចប់ជាស្ថាពរនៅឡើយទេ ពោលគឺនៅសល់ច្រើនទៀត។
យោងតាមក្រសួងផែនការ និងវិនិយោគនៃប្រទេសវៀតណាម ឱ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ Ho Tram Project Company Ltd បានចំណាយអស់១,៣ពាន់លានដុល្លារ ឬស្មើនឹង៣០,៩%នៃថ្លៃចំណាយសរុបសម្រាប់គម្រោងកាស៊ីណូ និងរីហ្សតនេះ។
ក្រុមហ៊ុនបានពន្យារពេលបញ្ចប់គម្រោងនេះជាច្រើនលើកច្រើនសាដោយលើកហេតុផលថារងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមិនគ្រប់គ្រាន់រវាងក្រុងហូជីមិញ និងក្រុងបាហ្សៀ (Ba Ria) ខេត្តវង់តៅ (Vung Tau) ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍនៅឡើយ៕ VN Express៕