ដោយ ដែន ចែងចាំង
កំពត៖ អ្នកឧកញ៉ា កុក អាន បានគ្រោងបោះទុន២០លានដុល្លារអាមេរិក ដើម្បីវិនិយោគលើវិស័យទឹកស្អាតក្នុងកំពត តាមរយៈការសាងសង់ស្ថានីយ៍សំខាន់ៗចំនួនពីរនៅក្នុងខេត្តភូមិភាគនារតីនេះ។
ការដ្ឋានដែលជាស្ថានីយ៍ចែកចាយទឹកនេះ ទី១ ទីតាំងផលិតនៅចំណុចអតីតព្រលានយន្តហោះកកេះក្រុងកំពត ដោយយកទឹកពីកំចាយ។ ចំណែកមួយទៀត នៅទំនប់ប្រទ័ក្សក្រឡាក្នុងស្រុកទឹកឈូ ដោយមួយថ្ងៃអាចផលិតទឹកស្អាតបានមួយម៉ឺនម៉ែត្រត្រីគុណ។
លោកទេសរដ្ឋមន្រ្តីចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារចុះជួយខេត្តកំពត បានមានប្រសាសន៍ឲ្យដឹងពីគំរោងនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីគាំទ្រគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា។
លោកបន្តថា ក្រសួងទើបតែយល់ព្រមកាលពីរសប្តាហ៍មុន ហើយឥឡូវអ្នកឧកញ៉ាបានចាប់ផ្តើមឈូសឆាយ និងបញ្ជាទិញសម្ភារៈ និងឧបករណ៍បំពាក់រួចរាល់ហើយ នៅការដ្ឋានទំនប់ប្រទ័ក្សក្រឡា។
បើតាមការរំពឹងទុកនៅរយៈពេលប្រាំមួយខែទៀត ខេត្តកែប និងផ្នែកខ្លះនៃស្រុកទឹកឈូ នឹងទទួលបានទឹកស្អាត ពីការដ្ឋានទំនប់ប្រទ័ក្សក្រឡានេះ ប្រើប្រាស់ហើយ។
លោក ចម ប្រសិទ្ឋ បានបន្តថា ការផ្តល់អាទិភាពវិនិយោគិនក្នុងស្រុក ជាងក្រុមហ៊ុនបរទេសព្រោះយល់ឃើញថា ប្រាក់ចំណូលទាំងឡាយពិតជាមិនយកទៅណាទេ ក្រៅពីចាយវាយវិលក្នុងស្រុកឡើយ។
លើសពីនេះរាជរដ្ឋាភិបាលក៏អាចនឹងអនុគ្រោះពន្ធ ចំពោះការ នាចូលនូវសម្ភារៈ បរិក្ខានានាសម្រាប់បំពាក់ និងសាងសង់ការដ្ឋានផលិតទឹកស្អាតទាំងពីរនេះផងដែរ។
ខេត្តកំពតមានរោងចក្រផលិតស្អាតរបស់រដ្ឋចំនួនពីរ ដែលមានសមត្ថភាពអាចផលិតបានជាង ១៣០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ប៉ុន្តែទឹកស្អាតទាំងនោះនៅមិនទាន់អាចចែកចាយឲ្យប្រជាពលរដ្ឋប្រើប្រាស់អស់នៅឡើយទេ ដោយសារកង្វះបច្ចេកទេស និងថវិការតប្រព័ន្ធបណ្តាញចែកចាយ៕