អ្នកឧកញ៉ា​ កុក​ អាន​ បោះទុន​ ២០លាន​ដុល្លារ​វិនិយោគ​លើទឹក​ស្អាត​ក្នុង​ខេត្តកំពត

0

ដោយ ដែន ចែងចាំង

កំពត៖ អ្នកឧកញ៉ា កុក អាន បានគ្រោងបោះទុន២០លានដុល្លារអាមេរិក ដើម្បីវិនិយោគលើវិស័យទឹកស្អាតក្នុងកំពត តាម​រយៈ​ការសាងសង់ស្ថានីយ៍សំខាន់ៗចំនួនពីរនៅក្នុងខេត្តភូមិភាគនារតីនេះ។

ការដ្ឋានដែលជាស្ថានីយ៍ចែកចាយទឹកនេះ ទី១ ទីតាំងផលិតនៅចំណុចអតីតព្រលានយន្តហោះកកេះក្រុងកំពត ដោយ​យក​ទឹក​ពីកំចាយ។ ចំណែកមួយទៀត នៅទំនប់ប្រទ័ក្សក្រឡាក្នុងស្រុកទឹកឈូ ដោយមួយថ្ងៃអាចផលិត​ទឹកស្អាត​បាន​មួយ​ម៉ឺន​ម៉ែត្រត្រីគុណ។

លោកទេសរដ្ឋមន្រ្តីចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុម​ការងារចុះ​ជួយ​ខេត្តកំពត បានមានប្រសាសន៍ឲ្យដឹងពីគំរោងនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅ​អនុវត្ត​បន្តរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីគាំទ្រគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃ​រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្តថា ក្រសួងទើបតែយល់ព្រមកាលពីរសប្តាហ៍មុន ហើយឥឡូវអ្នកឧកញ៉ាបានចាប់ផ្តើមឈូសឆាយ និង​បញ្ជា​ទិញ​សម្ភារៈ និងឧបករណ៍បំពាក់រួចរាល់ហើយ នៅការដ្ឋានទំនប់ប្រទ័ក្សក្រឡា។

បើតាមការរំពឹងទុកនៅរយៈពេលប្រាំមួយខែទៀត ខេត្តកែប និងផ្នែកខ្លះនៃស្រុកទឹកឈូ នឹងទទួលបានទឹកស្អាត ពីការដ្ឋាន​ទំនប់​ប្រទ័ក្សក្រឡានេះ ប្រើប្រាស់ហើយ។

លោក ចម ប្រសិទ្ឋ បានបន្តថា ការផ្តល់អាទិភាពវិនិយោគិនក្នុងស្រុក ជាងក្រុមហ៊ុនបរទេសព្រោះយល់ឃើញថា ប្រាក់​ចំណូល​ទាំងឡាយពិតជាមិនយកទៅណាទេ ក្រៅពីចាយវាយវិលក្នុងស្រុកឡើយ។

លើសពីនេះរាជរដ្ឋាភិបាលក៏អាចនឹងអនុគ្រោះពន្ធ ចំពោះការ នាចូលនូវសម្ភារៈ បរិក្ខានានាសម្រាប់បំពាក់ និងសាង​សង់​ការ​ដ្ឋានផលិតទឹកស្អាតទាំងពីរនេះផងដែរ។

ខេត្តកំពតមានរោងចក្រផលិតស្អាតរបស់រដ្ឋចំនួនពីរ ដែលមានសមត្ថភាពអាចផលិតបានជាង ១៣០០០​ម៉ែត្​រគូប​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែទឹកស្អាតទាំងនោះនៅមិនទាន់អាចចែកចាយឲ្យប្រជាពលរដ្ឋប្រើប្រាស់អស់នៅឡើយទេ ដោយសារកង្វះ​បច្ចេកទេស និងថវិការតប្រព័ន្ធបណ្តាញចែកចាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here