ដោយៈ ហ្វីអូណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ទីក្រុងប៉េកាំង បានសន្យានឹងអំពាវនាវឲ្យក្រុមហ៊ុនវិនិយោគរបស់ចិន ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ពិសេសខេត្តកំពង់ស្ពឺ កាន់តែច្រើនឡើង។
ព័ត៌មាននេះ ត្រូវបានលើកឡើងដោយលោកលូ យៀន អនុប្រធានសភាពិគ្រោះយោបល់នយោបាយទី ក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសជួបជាមួយលោកវ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺ បន្ទាប់ពីលោកបានអញ្ជើញមកទស្សនកិច្ច សិក្សាស្វែងយល់អំពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ។
ក្នុងកិច្ចជំនួបកាលពីថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២៣ លោក វ៉ី សំណាង បានលើកអំពីសក្តានុពលរបស់ខេត្តថា “ខេត្តកំពង់ស្ពឺយើងគឺជាតំបន់ដែលសក្ដានុពលលើវិស័យកសិកម្ម កសិឧស្សាកម្មទេសចរណ៍ និងវារីវប្បកម្ម ជាពិសេសមានផ្នែកកាត់ដេរសម្លៀកបំពាក់ កាបូប ស្បែកជើងសម្រាប់នាំចេញដែរ”។អភិបាលខេត្តបានបន្តថា បច្ចុប្បន្ននេះខេត្តកំពង់ស្ពឺ យើងចង់បានការវិនិយោគ ពីសាធារណៈរដ្ឋប្រជាមានិតចិន លើវិស័យកសិកម្ម កសិឧស្សាកម្មទេសចរណ៍ ហើយនិងវារីវប្បកម្ម ដែលជាតម្រូវការចាំបាច់របស់បងប្អូន ប្រជាពលរដ្ឋរស់នៅផ្ទាល់ក្នុងខេត្ត។
លោក លូ យៀន អនុប្រធានសភាពិគ្រោះយោបល់នយោបាយទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងថា លោកនឹងខិតខំជំរុញអ្នកវិនិយោគប្រទេស នៃសាធារណៈរដ្ឋប្រជាមានិតចិន គេមកសិក្សាអំពីសក្ដានុពល ទាក់ទងនឹងវិស័យមួយចំនួនខាងលើ។លោក យៀន បានបញ្ជាក់ថា ក្រោយវិលត្រឡប់ទៅវិញ និងអំពាវនាវឲ្យក្រុមហ៊ុនវិនិយោគរបស់ចិន ត្រូវខិតខំស្វែងរកឱកាសវិនិយោគទៅលើវិស័យ កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្ម វារីវប្បកម្ម និងវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ស្ពឺ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕