សូមអបអរសាទរ ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានស៊ីអ៊ីអូ និងលោកជំទាវ សូ សេរីវឌ្ឍនា អគ្គនាយិកា CEO Master Club ទទួលបានពានអ្នកអប់រំឆ្នើម

0

បន្ទាប់ពីបានខិតខំប្រឹងប្រែងអស់រយ:ពេល១៤ឆ្នាំក្នុងបេសកកម្មបណ្ដុះបណ្ដាលកសាងសមត្ថភាពសហគ្រិនដែលជាកម្លាំងទ័ពសេដ្ឋកិច្ចជាតិ នាថ្ងៃទី១៤ ធ្នូនេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្ដល់កិត្តិយសប្រគល់ជូនពានអ្នកអប់រំឆ្នើមជាផ្លូវការជូនឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានស៊ីអ៊ីអូ និងលោកជំទាវ សូ សេរីវឌ្ឍនា អគ្គនាយិកា CEO Master Club ក្នុងកម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2023 ដែលជាមហាព្រឹត្តិការប្រចាំឆ្នាំរបស់ វិទ្យាស្ថានស៊ីអ៊ីអូ។

ការប្រគល់ពានអ្នកអប់រំឆ្នើមគឺជាការទទួលស្គាល់ស្នាដៃដ៏ឆ្នើមក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្សឱ្យក្លាយទៅជាមូលធនមនុស្សដ៏មានប្រយោជន៍បំផុតសម្រាប់គ្រួសារ ស្ថាប័ន សង្គមជាតិ និងពិភពលោក ប្រកបដោយភាពប៉ិនប្រសប់ ច្នៃប្រឌិតខ្ពស់ និងមាននិរន្តភាព។ កន្លងមកនេះ ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ក៏ធ្លាប់ទទួលបានពានកិត្តិយសចំនួន២ប្រភេទពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជារួមមាន ពានកិត្តិយសលោកគ្រូធំឆ្នើម Best Guru Award នៅក្នុងឆ្នាំ២០១៩ និងពានស្ថាបនិកឆ្នើម Best Founder Award នៅក្នុងឆ្នាំ២០២២ ខណៈដែលលោកជំទាវ សូ សេរីវឌ្ឍនា ទទួលបានពានអ្នកដឹកនាំឆ្នើម Best Leader Award ក្នុងឆ្នាំជាមួយគ្នាផងដែរ។

ក្នុងនាមជាសហគ្រិនឆ្នើម អ្នកដឹកនាំឆ្នើម ស្ថាបនិកឆ្នើម ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា បានបង្កើតវិទ្យាស្ថានស៊ីអ៊ីអូសម្រាប់បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ដែលជួយនិស្សិតឱ្យក្លាយជា និស្សិតឆ្នើម បុគ្គលិកឆ្នើម អ្នកដឹកនាំឆ្នើម សហគ្រិនឆ្នើម និងក្លាយជាអ្នកមានចំណូលខ្ពស់ក្នុងវ័យ៣០ឆ្នាំ។ លើសពីនេះទៅទៀត វិទ្យាស្ថានស៊ីអ៊ីអូ តាមរយៈ CEO Master Club ដែលមានទស្សនៈវិស័យចង់ឃើញប្រទេសកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស បាននឹងកំពុងធ្វើសកម្មភាពយ៉ាងខ្លាំងក្លាក្នុងការបង្វឹកសមាជិកពេញមួយជីវិតរបស់ខ្លួនដែលជាម្ចាស់អាជីវកម្ម ឱ្យមានសមត្ថភាពបម្លែងការដឹកនាំគ្រប់គ្រងចាត់ចែងអាជីវកម្មរបស់ខ្លួនពីតូចទៅធំ ពីលក្ខណៈហេងស៊យ ឬលក្ខណៈគ្រួសារ ទៅជាលក្ខណៈស្ដង់ដារ ហើយមានសក្តានុពលអាចពង្រីកអាជីវកម្មរបស់ខ្លួនទៅទូទាំងប្រទេសបាន ក៏ដូចជាពង្រីកខ្លួនទៅកាន់ពិភពលោកបានផងដែរ។

ក្នុងនាមជាគ្រូបង្វឹកឆ្នើមក្នុងរយៈពេល១៤ឆ្នាំ មកនេះ ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា បានបូជាទាំងពេលវេលា កម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបង្កើត កម្មវិធីបណ្តុះបណ្តាលដែលមានលក្ខណៈពិសេសនិងមានភាពច្នៃប្រឌិតខ្ពស់ ដើម្បីជួយដល់អ្នកសិក្សាដែលមានកម្រិតសិក្សាខុសគ្នា តំណែងតួនាទីខុសគ្នា វ័យខុសគ្នា អាចរៀនជាមួយគ្នាបានប្រកបដោយភាពងាយស្រួល និង ប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមពិតជាមានសេចក្តីពេញចិត្តរីករាយក្រៃលែង ដែលឯកឧត្តមបានឃើញសមាជិកពេញមួយជីវិតរបស់លោកមានភាពរីកចម្រើនសុខដុម្យរមនា ទាំងនៅក្នុងភាពជាខ្លួនឯង ភាពជាគ្រួសារ ភាពជាស្ថាប័នអាជីវកម្ម ការពង្រីកទំនាក់ទំនងនៅក្នុងសង្គម ក៏ដូចជាការចូលរួមចំណែកកិច្ចការសង្គមនិងមនុស្សធម៌បានច្រើនជាងមុន។

រហូតមកដល់ពេលនេះ CEO Master Club នៃវិទ្យាស្ថានស៊ីអ៊ីអូ បានធ្វើការបណ្ដុះបណ្ដាលសហគ្រិនកម្ពុជាយើងបានចំនួនរាប់ម៉ឺននាក់ និងមានសមាជិកម្ចាស់អាជីវកម្មពេញមួយជីវិតចំនួន ១,៧៤៨នាក់ ទាំងនៅក្នុង និងនៅក្រៅប្រទេស ដែលពួកគាត់ទាំងអស់បានកាន់កាប់អាជីវកម្ម ប្រមាណ ៣,៤០០ក្រុមហ៊ុន និងបានចូលរួមបង្កើតប្រតិបត្តិការអាជីវកម្មជាទឹក ប្រាក់ប្រមាណ ៣,៤០០លានដុល្លារក្នុង១ឆ្នាំ និងបានជួយបង្កើតការងាររកប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋប្រមាណ ១៧ម៉ឺននាក់ ទៀតផង។

ឯកឧត្តមបណ្ឌិតយល់ឃើញថា ការជួយជ្រោមជ្រែងម្ចាស់អាជីវកម្មរបស់យើងឱ្យជោគជ័យ គឺជាការជួយដល់សេដ្ឋកិច្ចជាតិរបស់យើងឱ្យមានភាពរីកចម្រើន និងរឹងមាំបានឆាប់រហ័ស ព្រោះពួកគាត់បានចូលរួមចំណែក បង្កើតផលិតផលសេវាកម្មដែលជាតម្រូវការរបស់សង្គមបានច្រើន បង្កើតការងារនិងប្រាក់ចំណូលជូនប្រជាពលរដ្ឋបានច្រើន បណ្តុះបណ្តាលធនធានមនុស្សនៅកន្លែងការងារជាក់ស្តែងបានច្រើន បង្កើនប្រាក់ចំណូលជូនរដ្ឋតាមរយៈការបង់ពន្ធបានច្រើន និង ជាមូលដ្ឋានគ្រឹះសេដ្ឋកិច្ចក្នុងស្រុកដែលមិនអាចខ្វះបានគ្រប់កាលៈទេសៈទាំងអស់។ ឯកឧត្តមបណ្ឌិតចាត់ទុក “សហគ្រិនល្អគឺជាជនស្នេហាជាតិ” ដែលពាក្យស្លោកនេះក៏ទទួលបានការគាំទ្រពីសំណាក់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

-ហេតុអ្វីត្រូវចូលជាសមាជិក CEO Master Club ពេញមួយជីវិត: https://youtu.be/axVGLsHc5Xc
Follow us: CEO Master Club Channel: https://t.me/ceomasterclubchannel
𝗬𝗼𝘂𝗧𝘂𝗯𝗲: https://www.youtube.com/c/CEOTV
CEO Master Club Channel: https://t.me/ceomasterclubchannel
𝗬𝗼𝘂𝗧𝘂𝗯𝗲: https://www.youtube.com/c/CEOTV
𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 : https://www.instagram.com/ceomaster_club/

LEAVE A REPLY

Please enter your comment!
Please enter your name here