ការសិក្សាថ្មី: តើវិបត្តិទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនត្រូវចំណាយពេលយូរប៉ុណ្ណាដើម្បីដោះស្រាយ?

0

ដោយ: គង់ លាងហួរ

ប៉េកាំង: វិបត្តិអចលនទ្រព្យរបស់ប្រទេសចិន បាននិងកំពុងបន្តប្រឈមមុខនឹងបញ្ហាជាច្រើន ស្របពេលទីផ្សារនេះរំពឹងងើបឡើងវិញ​នៅមានសភាពមិនច្បាស់លាស់ ប៉ុន្តែសំនួរសួរថា តើប្រទេសមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោកនេះ ត្រូវចំណាយពេលយូរប៉ុណ្ណាដើម្បីដោះស្រាយ?។

លោកស្រី Louise Loo សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Oxford Economics បានលើកឡើងថា ប្រទេសចិនមានបញ្ហាធំមួយនៅក្នុងវិស័យអចលនទ្រព្យ ដែលនឹងចំណាយពេលច្រើនឆ្នាំ ដើម្បីដោះស្រាយ។

ដោយក្រឡេកមើលទិន្នន័យ នៅទូទាំងប្រទេសចិន ដោយផ្អែកលើការប៉ាន់ប្រមាណជាផ្លូវការនៃផ្ទះ ដែលមិនទាន់លក់ចេញ ឬសមាមាត្រ សំណង់ធៀបទៅនឹងការលក់ លោកស្រី Loo បានរកឃើញថា  អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងប្រទេសចិននឹងត្រូវចំណាយពេលយ៉ាងហោចណាស់ពី៤ទៅ៦ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់គម្រោងលំនៅដ្ឋាន ដែលជាប់គាំងរបស់ពួកគេ។

លោកស្រី Loo បានបញ្ជាក់ឱ្យដឹងនៅក្នុងរបាយការណ៍មួយថា “ទោះជាយ៉ាងណាក្តី  ការផ្គត់ផ្គង់ដ៏ច្រើនលើសលប់ ដែលមានស្រាប់នៅក្នុងទីផ្សារអចលនទ្រព្យចិន ទំនងជាត្រូវចំណាយពេលយ៉ាងហោចណាស់៤ឆ្នាំទៀតដើម្បីថមថយចុះ”។

លោកស្រី Loo បានបញ្ជាក់នៅក្នុងសារអ៊ីមែលថា ការសាងសង់លំនៅដ្ឋាននៅក្នុងខេត្ត Guizhou ដែលជាខេត្តក្រីក្រមួយនៅប្រទេសចិន អាចចំណាយពេលលើសពី២០ឆ្នាំដើម្បីបញ្ចប់ ខណៈសំណង់លំនៅដ្ឋាន នៅក្នុងខេត្តផ្សេងទៀត ដូចជា ខេត្តJiangxi និងខេត្ត Hebeiនឹងចំណាយពេលយ៉ាងហោចណាស់១០ឆ្នាំ ។កាលពីខែមុន ក្រុមហ៊ុនហិរញ្ញវត្ថុ Nomura បានប៉ាន់ប្រមាណថា ទំហំផ្ទះដែលមិនទាន់សាងសង់រួចរាល់ និងត្រូវបានដាក់លក់ជាមុននៅក្នុងប្រទេសចិន ស្មើនឹងប្រហែល២០ដង នៃទំហំរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Country Garden គិតត្រឹមចុងឆ្នាំ២០២២។

ទោះបីជាមានបញ្ហាធ្ងន់ធ្ងរ នៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេ​សចិនបែបនេះយ៉ាងណាក្តី លោកស្រី Louise Loo មិនរំពឹងថា វានឹងជះឥទ្ធិពលរាលដាលខ្លាំង គួរឱ្យកត់សម្គាល់ដល់ប្រទេសផ្សេងទៀតនោះឡើយ។

លោកស្រីបន្ថែមថា ការធ្លាក់ចុះនៃវិស័យលំនៅដ្ឋាន របស់ប្រទេ​សចិននឹងដើរលើផ្លូវខុសពីសហរដ្ឋអាមេរិក អេស្បាញ ឬអៀរឡង់កាលពី១០ទៅ១៥ ឆ្នាំមុន ហើយវាទំនងជាមិនអាចបង្កឱ្យមានវិបត្តិហិរញ្ញវត្ថុទូលំទូលាយនោះទេ។

ចំណែក ក្រុមហ៊ុន S&P Global Ratings  បានគូសបញ្ជាក់ថា យើងមើលឃើញភាពស្រដៀងគ្នា មួយចំនួនរវាងស្ថានភាពរបស់ប្រទេសចិននាពេលនេះ និងការជាប់គាំងសេដ្ឋកិច្ច នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីពពុះអចលនទ្រព្យនៅជប៉ុន បានផ្ទុះឡើងក្នុងឆ្នាំ១៩៩១។

ទោះជាយ៉ាងណាក្តី ក្រុមហ៊ុន S&P Global Ratings ជឿជាក់ថា ប្រទេសចិនអាចបញ្ចៀសលទ្ធផលបែបនេះ ដោយសារសកម្មភាពបទប្បញ្ញត្តិ និងភាពរឹងមាំនៃវិស័យធនាគារ និងសាជីវកម្មរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here