ដោយៈ គង់ សូរិយា
ភ្នំពេញៈ គំនិតថ្មីនៃការបង្កើតនូវបុរីជនបទ ដែលមានន័យលើការផ្សារភ្ជាប់ភូមិថ្មី និងភូមិចាស់ តាមបែបផែននគរូបនីយកម្ម ត្រូវបានគិតគូរ និងរៀបចំឡើងបណ្តើរៗ។
ទស្សនទានថ្មីនេះ ត្រូវបានលើកឡើង ដោយលោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពេលអញ្ជើញចែកប័ណ្ណ សម្គាល់អចលនវត្ថុដល់ប្រជាពលរដ្ឋប្រមាណ២០០គ្រួសារ នៅក្នុងខេត្តស្វាយរៀង។
លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងថា ប្រជាពលរដ្ឋនឹងទទួលបានការពង្រីកភូមិថ្មី ដែលផ្សារភ្ជាប់ជាមួយនឹងភូមិចាស់ និងមានការរៀបចំទៅតាមលក្ខខណ្ឌ និងតាមគំនិតនគរូបនីយកម្ម ដែលមានការគិតគូរអំពីសេដ្ឋកិច្ច ស្របតាមអ្វីដែលហៅថាបុរីជនបទ។
លោកបន្តថា ដីឡូត៍ដែលរាជរដ្ឋាភិបាល បានប្រគល់ជូនសម្បទានិកនាពេលនេះ គឺជាទ្រព្យមួយដ៏មានតម្លៃ។ ដូច្នេះសូមធ្វើយ៉ាងណាកែច្នៃពង្រីកទ្រព្យនេះ ឱ្យកើនឡើងថែមទៀត ដើម្បីបង្កើនជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។
លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់កាលពីពេលថ្មីៗនេះ ក៏បានជម្រុញឲ្យវិស្វករ និងក្រុមស្ថាបត្យករគិតគូរយ៉ាងណា ក្នុងការសាងសង់លំនៅដ្ឋាន ឲ្យមានតម្លៃទាបចន្លោះ ពីប្រមាណ១០,០០០ទៅ១៥០០០ដុល្លារអាមេរិក សម្រាប់ប្រជាពលរដ្ឋ ស្របតាមស្ថានភាពសសេដ្ឋកិច្ចរបស់ពួកគាត់ផងដែរ៕