ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន គ្រោងជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Dubai Port World ក្នុងអំឡុងវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ (WEF) ដើម្បីពិភាក្សាអំពីឱកាសវិនិយោគ នៅក្នុងគម្រោងផ្លូវកាត់សមុទ្រ (Land brigde) របស់ប្រទេសនេះ។
លោក Pichai Naripthaphan ទីប្រឹក្សារបស់នាយករដ្ឋមន្ត្រី បានអះអាងថា ប្រទេសថៃនឹងរៀបចំសម័យប្រជុំមួយ ក្រោមប្រធានបទ “Thailand Land Bridge៖ ការតភ្ជាប់តំបន់អាស៊ានជាមួយពិភពលោក”។
លោក Pichai បានបង្ហាញទំនុកចិត្តថា គម្រោងផ្លូវកាត់សមុទ្រនេះ នឹងទាក់ទាញក្រុមហ៊ុន Dubai Port World ឱ្យចូលរួមក្នុងការវិនិយោគ ដោយសារគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិស័យដឹកជញ្ជូនរបស់ពិភពលោក។លោក Pichai បានបន្ថែមថា ក្នុងឆ្នាំ២០០៨ ទីក្រុងឌូបៃពិភពលោក បានផ្តល់ជំនួយចំនួន២០០លានបាត ដល់រដ្ឋាភិបាលថៃ ដើម្បីធ្វើការសិក្សាលទ្ធភាព លើការអភិវឌ្ឍន៍កំពង់ផែនៅឆ្នេរសមុទ្រ Andaman ក៏ដូចជាស្ពានតភ្ជាប់ទៅឈូងសមុទ្រថៃផងដែរ។
គម្រោងផ្លូវកាត់សមុទ្រ (Land Bridge) ដ៏ធំមួយនេះស្ថិតនៅភាគខាងត្បូងនៃប្រទេសថៃ ក្រោមទុនវិនិយោគប្រមាណ២៧,៤៤ពាន់លានដុល្លារ ដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ពិភពលោក។
យោងតាមប្រភពពីរដ្ឋាភិបាលថៃបានឱ្យដឹងថា ការដេញថ្លៃ និងការសាងសង់ នឹងចាប់ផ្តើមនៅឆ្នាំ២០២៥ ហើយគម្រោងនេះនឹងបង្កើតការងារចំនួន២៨០.០០០កន្លែង នៅខេត្តភាគខាងត្បូង រួមមាន ខេត្ត Ranong និងខេត្ត Chumpon។
គម្រោងដ៏មានមហិច្ឆតានេះ ពាក់ព័ន្ធនឹងការសាងសង់ កំពង់ផែទឹកជ្រៅចំនួន២ រួមទាំង ផ្លូវថ្នល់ និងផ្លូវដែកប្រវែង៩០គីឡូម៉ែត្រ ដែលតភ្ជាប់ផ្លូវដឹកជញ្ជូនរវាងសមុទ្រ Andaman Sea និងឈូងសមុទ្រថៃ (Gulf of Thailand)។
លើសពីនោះ គម្រោងប្រកបដោយមហិមាមួយនេះ ក៏នឹងឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា (Strait of Malacca) ដែលជាច្រកសមុទ្រដ៏តូចចង្អៀត រវាងប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីផងដែរ។
អត្ថប្រយោជន៍នៃគម្រោងនេះ រួមមាន ការបង្កើតទំនាក់ទំនងរវាងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា និងការបន្ធូរបន្ថយការកកស្ទះ នៃការដឹកជញ្ជូននៅក្នុងច្រកសមុទ្រម៉ាឡាកា ដែលបច្ចុប្បន្ន វាជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយនៅក្នុងតំបន់ សម្រាប់ដឹកជញ្ជូនទំនិញ។
Dubai Port World គឺជាក្រុមហ៊ុនដឹកជញ្ជូនខ្នាតយក្សមួយនៅលើពិភពលោក ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ ក្រុមហ៊ុននេះមានជំនាញ ក្នុងការដឹកជញ្ជូនទំនិញ ប្រតិបត្តិការស្ថានីយកំពង់ផែ សេវាកម្មដែនសមុទ្រ និងតំបន់ពាណិជ្ជកម្មសេរី៕ប្រភព៖The nation៕