ក្រុមហ៊ុនTemasek Holdingsដ៏ល្បីរបស់សិង្ហបុរីមើលឃើញកម្ពុជាជាគោលដៅវិនិយោគដ៏សំខាន់មួយក្នុងតំបន់អាស៊ាន

0

ដោយៈ គង់ ហ្វីអូណា

ភ្នំពេញៈ ក្រុមហ៊ុនឈានមុខមួយរបស់សិង្ហបុរី ដែលមានឈ្មោះថា Temasek Holdings បានមើលឃើញកម្ពុជា ជាគោលដៅវិនិយោគដ៏សំខាន់នៅក្នុងតំបន់អាស៊ាន។

ថ្នាក់ដឹកនាំក្រុមហ៊ុននេះ មានបំណងក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា លើបច្ចេកវិទ្យាឌីជីថល វិស័យថាមពលកកើតឡើងវិញ និងវិស័យសំខាន់ៗមួយចំនួនទៀតជាដើម។

នៅក្នុងកិច្ចជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសនៃការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស លោកLim Boon Heng ប្រធានក្រុមហ៊ុន Temasek Holdings បានលើកឡើងថា ក្រុមហ៊ុនរបស់លោក មានមូលដ្ឋាននៅសិង្ហបុរី ហើយ បាននិងកំពុងមានប្រតិបត្តិការអាជីវកម្ម នៅតាមបណ្ដាប្រទេសជាច្រើន នៅក្នុងតំបន់និងពិភពលោក ដោយផ្ដោតលើលើវិស័យហិរញ្ញវត្ថុ ដឹកជញ្ជូន ទូរគមនាគមន៍ បច្ចេកវិទ្យា និងការផ្សព្វផ្សាយ និង អចលនទ្រព្យជាដើម។លោកប្រធានក្រុមហ៊ុន បានគូសបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុនមានគោលដៅ ពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត នៅក្នុងតំបន់អាស៊ាន ដែលក្នុងនោះកម្ពុជា ក៏ជាគោលដៅអាទិភាពមួយដែរ។ ជាមួយគ្នានេះ លោកប្រធានក្រុមហ៊ុន បានបង្ហាញអំពីបំណងក្នុងការពង្រីកការវិនិយោគរបស់ខ្លួន នៅកម្ពុជាលើបច្ចេកវិទ្យាឌីជីថល វិស័យថាមពលកកើតឡើងវិញ និងវិស័យសំខាន់ៗមួយចំនួនទៀត។

លោកប្រធានក្រុមហ៊ុន បានរំឭកអំពីជំនួបរវាងរូបលោក និងសម្តេចតេជោហ៊ុន សែន នាពេលកន្លងមក ដែលក្នុងនោះលោកបានសម្ដែងនូវការកោតសរសើរ ចំពោះគំរូវីរៈភាពដឹកនាំរបស់សម្តេចតេជោផងដែរ។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្រ្តី បានប្រកាសស្វាគមន៍ក្រុមហ៊ុន Temasek Holdings ដែលមានចំណាប់អារម្មណ៍ និងបំណងក្នុងការវិនិយោគលើវិស័យ ដែលបានរៀបរាប់ខាងលើនៅកម្ពុជា ហើយសម្ដេចធិបតីបានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរាជរដ្ឋាភិបាលអាណត្តិទី៧ គឺយកចិត្តទុកដាក់ និងបង្កើតបរិស្ថានគាំទ្ររឹងមាំ សម្រាប់ការវិនិយោគលើគ្រប់វិស័យ ប្រកបដោយចីរភាពនៅកម្ពុជា ហើយកម្ពុជាបានបើកចំហសម្រា​ប់វិនិយោគិន មកពីគ្រប់ប្រទេសទាំងអស់។

សម្តេចបន្តថា លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខ័ណ្ឌច្បាប់ បទដ្ឋានគតិយុត្ត និងយន្តការថ្មីៗ ដើម្បីលើកកម្ពស់ គាំពារ និងលើកទឹកចិត្តដល់វិនិយោគិនបរទេស ក្នុងនោះសម្ដេចបានបញ្ជាក់ពីការវិនិយោគ លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេ​ស និងសួនឧស្សាហកម្ម ដោយផ្ដោតលើឧស្សហកម្មជាក់លាក់ ឬភាពជាក់ស្ដែងនៃប្រទេសនីមួយៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here