ការស្ទង់មតិថ្មី:វិនិយោគិនជាច្រើននៅតំបន់អាស៊ីគ្រោងលក់អចលនទ្រព្យរបស់ពួកគេចេញនៅឆ្នាំនេះ ដើម្បីទូទាត់បំណុល

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការស្ទង់មតិថ្មីមួយ របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Group បង្ហាញថា អ្នកវិនិយោគអចលនទ្រព្យជាច្រើននៅតំបន់អាស៊ី គ្រោងលក់ទ្រព្យសម្បត្តិរបស់ពួកគេចេញ នៅឆ្នាំនេះ ស្របពេលមានភាពមិនច្បាស់លាស់ខាងផ្នែកសេដ្ឋកិច្ច។

ការស្ទង់មតិខាងលើរបស់ក្រុមហ៊ុន CBRE Group បានធ្វើឡើងទៅលើអ្នកវិនិយោគចំនួន៥១០រូប។ នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារពត៌មាន Bloomberg។

យោងតាមការស្ទង់មតិបានបង្ហាញថា ចំនួនជាង៤០% នៃអ្នកឆ្លើយតបបានលើកឡើងថា ពួក​គេ​នឹង​លក់ទ្រព្យ​សម្បត្តិ ឬអចលនវត្ថុ ចេញនៅ​ឆ្នាំ​នេះ ដើម្បី​ទទួល​បាន​ផល​ចំណេញ និង​ទូទាត់សង​បំណុ​ល ដែលនេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីការស្ទង់មតិប្រចាំឆ្នាំបានចាប់ផ្តើមរៀបចំឡើង។

ជាមួយគ្នានេះ អ្នកវិនិយោគភាគច្រើន ដែលមានគោលបំណងលក់ទ្រព្យសម្បត្តិចេញ គឺជាអ្នកវិនិយោគអចលនទ្រព្យ ស្ថិតនៅក្នុងប្រទេសអូស្ត្រាលី ប្រទេសសិង្ហបុរី និងទីក្រុងហុងកុង។

លោក Henry Chin ប្រធានផ្នែកស្រាវជ្រាវប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្រុមហ៊ុនCBRE បានអះអាងថា “វិនិយោគិនកំពុងរង់ចាំមើលសូចនាករដែលបង្ហាញថា វដ្តនៃការកំណត់តម្លៃឡើងវិញ(Repricing) នាពេលបច្ចុប្បន្នបានបញ្ចប់ មុនពេលដែលពួកគេបណ្តាក់ទុនច្រើន ខណៈការដំឡើងអត្រាការប្រាក់ នៅក្នុងទីផ្សារធំៗរបស់ពិភពលោកបានឈានដល់ទីបញ្ចប់”។

លោកបន្តថា “អ្នក​វិនិយោគ​នៅ​ក្នុង​ទីផ្សារ​ភាគ​ច្រើន ​នៅតំបន់អាស៊ី តែមិន​រាប់​បញ្ចូល​ប្រទេស​ជប៉ុន​ នឹង​បន្ត​ប្រកាន់​យក​នូវ​វិធី​សាស្ត្រនៃការ​រង់​ចាំ​មើល(wait and see)”។

ភាពទុទិដ្ឋិនិយមនៅក្នុងទីផ្សារអចលនទ្រព្យ របស់ទីក្រុងហុងកុង នៅតែបន្តអូសបន្លាយ និងមានសភាពធ្ងន់ធ្ងរជាងគេបំផុត បើធៀបនឹងទីផ្សារធំៗផ្សេងទៀត។ ការ​វិនិយោគ​នៅទីក្រុងហុងកុង បាន​ធ្លាក់​ចុះ ​មក​នៅត្រឹម​កម្រិត​ទាប​បំផុត ក្នុង​រយៈពេល១៥ឆ្នាំ ខណៈដែលអត្រាការប្រាក់ ​បានកើនឡើងដល់​កម្រិត​ខ្ពស់​បំផុត។

ផ្ទុយ​ទៅ​វិញ ទីផ្សារអចលនទ្រព្យនៅប្រទេសជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហាក់មានសញ្ញាវិជ្ជមាន ខុសពីទីក្រុងហុងកុង។ តួយ៉ាង ប្រទេសជប៉ុនបានជាប់ចំណាត់ថ្នាក់ ជាគោលដៅកំពូល សម្រាប់ការវិនិយោគអចលនទ្រព្យឆ្លងដែន ចំនួន៥ឆ្នាំជាប់ៗគ្នាមកហើយ ខណៈអ្នកវិនិយោគនៅប្រទេសកូរ៉េខាងត្បូង ជាងពាក់កណ្តាល គ្រោងបង្កើនដើមទុនវិនិយោគទៅលើវិស័យអចលនទ្រព្យ។

ទន្ទឹមនឹងនោះ អ្នកវិនិយោគនៅតំបន់ចិនដីគោករំពឹងថា ពួកគេនឹងជួបប្រទះ បញ្ហាកាន់តែច្រើននៅឆ្នាំ២០២៤នេះ ស្របពេលដែលវិបត្តិអចលនទ្រព្យ នៅក្នុងប្រទេសចិន មិនទាន់អាចរកឃើញច្រកចេញនៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here