តម្លៃអចលនទ្រព្យលំនៅដ្ឋាននៅតាមទីក្រុងលំដាប់ធំៗរបស់ឥណ្ឌា ហក់ឡើងខ្ពស់កប់ពពក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃអចលនទ្រព្យលំនៅដ្ឋាននៅទូទាំងទីក្រុងសំខាន់ៗចំនួន១៣ ដូចជាទីក្រុង Delhi ទីក្រុង Mumbai និងទីក្រុង Bengaluru បានកើនឡើង១៨,៨% ក្នុងអំឡុងខែតុលាដល់ខែធ្នូ ឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យ Magicbricks បង្ហាញថា នៅត្រីមាសទី៤ តម្លៃអចលនទ្រព្យលំនៅដ្ឋាននៅទីក្រុង Gurugram កើនឡើង៣២,១% នៅទីក្រុង Greater Noida កើន៣១% នៅទីក្រុង Noida កើន២៦,១% និង នៅទីក្រុង Hyderabad កើនឡើង១៥,៨% ។របាយការណ៍នេះបានទាញយកទិន្នន័យរបស់អតិថិជន ដែលប្រើប្រាស់វេទិកាអចលនទ្រព្យ។ ការស្វែងរកអចលនទ្រព្យនៅលើវេទិកា បានកើនឡើង២% ក្នុងត្រីមាសទី៤ ខណៈដែលការផ្គត់ផ្គង់លំនៅដ្ឋានបានធ្លាក់ចុះ១៦,៩%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ លើកលែងតែការផ្គត់ផ្គង់នៅទីក្រុងបុមបៃ និងទីក្រុង Hyderabad ដែលមានការកើនឡើង។

ទោះជាយ៉ាងណាក្តី បើផ្អែកលើមូលដ្ឋានប្រចាំត្រីមាស តម្រូវការបានធ្លាក់ចុះ១៦,៩% ដោយសារតែការកើនឡើងតម្លៃអចលនទ្រព្យ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនខាងលើ។

របាយការណ៍បានបង្ហាញទៀតថា ប្រជាជនឥណ្ឌានិយមចូលចិត្តទិញផ្ទះ ដែលមានទំហំធំទូលាយជាងមុន ហើយផ្ទះដែលមានតម្រូវការខ្ពស់បំផុត គឺផ្ទះដែលមានទំហំចន្លោះពី៧០ ទៅ១១៦ ម៉ែត្រការ៉េ។

របាយការណ៍នេះបានសន្និដ្ឋានថា ទីផ្សារលំនៅដ្ឋានតម្លៃសមរម្យបានរីកដុះដាលនៅទីក្រុង Ahmedabad និងទីក្រុង Kolkata ខណៈដែលប្រភេទអចលនទ្រព្យប្រណីតថ្លៃៗត្រូវបានគេស្វែងរកច្រើនបំផុតនៅក្នុងតំបន់ទីក្រុង Mumbai ទីក្រុងNew Delhi និងទីក្រុង Gurugram ជាដើម៕ប្រភព៖The Times of India៕

LEAVE A REPLY

Please enter your comment!
Please enter your name here