បារាំងសម្រេចផ្តល់ហិរញ្ញប្បទានប្រមាណ២៣៥លានដុល្លារដល់កម្ពុជាសម្រាប់វិស័យទឹកស្អាត ថាមពល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ

0

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្តល់ហិរញ្ញប្បទានចំនួនបីសម្រា​ប់វិស័យទឹកស្អាត ថាមពល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងទំហំទឹកប្រាក់ដ៏ច្រើនមិនធ្លាប់មានពីមុនមក។

ការចុះហត្ថលេខានេះ ធ្វើឡើងនៅទីក្រុងប៉ារីស៍ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមគ្នារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដែលចេញផ្សាយនៅថ្ងៃនេះ។

សេចក្តីប្រកាសព័ត៌មានដដែលនេះបានបញ្ជាក់ថា ចាប់តាំងពីការបើកដំណើរការនៅកម្ពុជានៅឆ្នាំ១៩៩៣មក ទីភ្នាក់ងារ AFD បានដើរតួនាទីសំខាន់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា ដោយបានផ្តល់ហិរញ្ញប្បទានសរុបជាង១,៥ពាន់លានអឺរ៉ូ រាប់បញ្ចូលទាំងហិរញ្ញប្បទានថ្មីៗផ្តល់ជូនសម្រាប់ឆ្នាំ ២០២៣។ហិរញ្ញប្បទានសម្បទានទាំងបីខាងលើ បង្ហាញឱ្យឃើញពីការបង្កើនហិរញ្ញប្បទាន ប្រចាំឆ្នាំរបស់ទីភ្នាក់ងារ AFD ដល់ប្រទេសកម្ពុជា ហើយឆ្លុះបញ្ចាំងពីគុណភាព នៃចំណងទាក់ទងរវាងប្រទេសទាំងពីរ។ ហិរញ្ញប្បទានទាំងនេះ នឹងជួយទ្រទ្រង់ការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ច ដែលមានលក្ខណៈលូតលាស់ ប្រកបដោយបរិយាប័ន្ន និងចីរភាព ក្នុងវិស័យអាទិភាពចំនួនបី ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ចំពោះវិស័យទឹកស្អាត ហិរញ្ញប្បទានរបស់ទីភ្នាក់ងារ AFD ចំនួន ១២០លានអឺរ៉ូ (ប្រមាណ១៣១លានដុល្លារ) នឹងអនុញ្ញាតឱ្យមានការចាប់ផ្តើមដំណាក់កាលទី៣ នៃរោងចក្រចម្រោះទឹកស្អាតបាក់ខែង ដែលគ្រប់គ្រងដោយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ជាមួយសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសរុប៦០០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ នឹងក្លាយទៅជារោងចក្រផលិតទឹកស្អាតធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាស្ថានីយកម្រិតពិភពលោកមួយផងដែរ លើផ្នែកគុណភាពនៃសំណង់ បច្ចេកវិទ្យា ប្រសិទ្ធភាពថាមពល និងគុណភាពទឹកដែលត្រូវបានផលិត។ការផ្តល់ហិរញ្ញប្បទានបន្ថែមរបស់ទីភ្នាក់ងារAFD ដែលមានចំនួន៨០លានអឺរ៉ូ គ្រោងធ្វើឡើងសម្រាប់ឆ្នាំ២០២៤ ដើម្បីបង្កើន ជួសជុល និងពង្រីកបណ្តាញបញ្ជូន និងចែកចាយទឹកស្អាត។ ជាងនេះទៅទៀត ជំនួយឥតសំណងរបស់គណៈកម្មការអឺរ៉ុប កំពុងត្រូវបានពិនិត្យ និងអនុម័តនៅឆ្នាំ២០២៤ ក្នុងគោលដៅបំពេញបន្ថែមហិរញ្ញប្បទាននេះ ដោយពង្រឹងការគិតគូរ ដល់ផលប៉ះពាល់លើសង្គម និងបរិស្ថាន រួមទាំងនិរន្តភាពនៃការវិនិយោគផងដែរ។

គម្រោងរបស់ក្រុមអឺរ៉ុប គឺស្ថិតក្នុងចំណោមគម្រោងចម្បងៗនៃក្របខ័ណ្ឌGlobal Gateway របស់សហភាពអឺរ៉ុប សម្រាប់ប្រទេសកម្ពុជា ដែលនឹងប្រកាសនៅឆ្នាំ២០២៤។

ចំណែកក្នុងវិស័យថាមពល ហិរញ្ញប្បទានក្រោមរូបភាពជាកម្ចីរបស់AFD ចំនួនប្រមាណ៧៨លានដុល្លារ នឹងអនុញ្ញាតឱ្យអគ្គិសនីកម្ពុជាបង្កើនទំនុកចិត្ត និងប្រសិទ្ធភាពបណ្តាញបញ្ជូនអគ្គិសនី តាមរយៈការដាក់ពង្រាយអនុស្ថានីយ៍ ឌីជីថលទីមួយនៅកម្ពុជា។

ស្របតាមគោលដៅជាតិ ក្នុងការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០%ក្នុងឆ្នាំ២០៣០ គម្រោងនេះនឹងធ្វើឲ្យអគ្គិសនីកម្ពុជាមានសមត្ថភាពខ្ពស់ ក្នុងការស្តុកថាមពល (៧៥មេហ្កាវ៉ាត់ម៉ោង -គឺស្ថិតក្នុងចំណោមសមត្ថភាព ស្តិកថាមពលខ្ពស់បំផុតក្នុងតំបន់) ដើម្បីពន្លឿនសមាហរណកម្មប្រភពថាមពល កកើតឡើងវិញ ដូចជាថាមពលព្រះអាទិត្យ និងថាមពលខ្យល់។

ក្នុងន័យនេះ បណ្តាញអគ្គិសនីជាតិរបស់កម្ពុជា នឹងកាន់តែការ​ពារបរិស្ថាន និងធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្ត។

ដោយឡែក ក្នុងកបណ្តុះបណ្តាលវិជ្ជាជីវៈ ហិរញ្ញប្បទានក្រោមរូបភាពជាកម្ចីរបស់ទីភ្នាក់ងារ AFD ចំនូន២៥លានអឺរ៉ូ (២៧លានដុល្លារ) ដែលបន្ថែមលើប្រាក់៨០លានដុល្លារ ផ្តល់ដោយធនាគារអភិវឌ្ឍន៍អាស៊ី នឹងអនុញ្ញាតឱ្យមានការពង្រឹង ការបណ្តុះបណ្តាលវិជ្ជាជីវៈកម្រិតខ្ពស់មួយ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងជួយអភិវឌ្ឍធនធានមនុស្ស និងគាំទ្រដល់ការបែ្រក្លាយសេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅកាន់សេដ្ឋកិច្ច ដែលផ្តោតលើឧស្សាហកម្ម គាំទ្រដោយបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត។

ការផ្តល់ហិញ្ញប្បទាននេះ នឹងជួយដល់ការបណ្តុះបណ្តាល ប្រជាពលរដ្ឋកម្ពុជា ដើម្បីទទួលបានការងារនៅពេលអនាគត ជាពិសេសក្នុងវិស័យការងារបៃតង និងមុខអាជីពឌីជីថល ក្នុងក្របខ័ណ្ឌនៃគម្រោង Global Gatway របស់សហភាពអឺរ៉ុបនៅកម្ពុជា ដែលមានឈ្មោះថា “ភាពជាដៃគូដើម្បីការអប់រំ សម្រាប់ការងារបៃតង និងឌីជីថល”។

ក្នុងពិធីចុះហត្ថលេខាខាងលើ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានឆ្លៀតឱកាសគូសបញ្ជាក់អំពីទំនាក់ទំនងទ្វេរភាគី ប្រកបដោយចីរភាព និងរឹងមាំ ធ្វើឡើងដោយទីភ្នាក់ងារ AFD ជាច្រើនឆ្នាំកន្លងមក។

លោកបានឲ្យដឹងទៀតថា ក្នុងពេលដែលប្រទេសកម្ពុជាបានឆ្លងកាត់ដំណាក់កាលដំបូងៗនៃការអភិវឌ្ឍ យើងកំពុងស្ថិតលើមាគ៌ាមួយដ៏ល្អប្រសើរ ដើម្បីធ្វើការលើវិស័យផ្គត់ផ្គង់ទឹកស្អាត ថាមពល និងការអភិវឌ្ឍមនុស្ស។ បញ្ហាប្រឈមនៃការអភិវឌ្ឍ អាចត្រូវបានដោះស្រា​យ ដើម្បីផ្តល់ផលវិជ្ជមាន ដល់កំណើនសេដ្ឋកិច្ចរបស់យើង។ ដោយមានការគាំទ្ររឹងមាំពីទីភ្នាក់ងារ AFD សេដ្ឋកិច្ចកម្ពុជាកំពុងត្រូវបានពង្រឹង បានឆ្លងកាត់បញ្ហាប្រឈមសាកល ហើយបន្តឆ្ពោះទៅមុខដើម្បីសម្រេចបានជោគជ័យថ្មីៗទៀត”។

កម្ពុជាចង់ឃើញកិច្ចសហការថ្មីៗ លេចចេញជារូបរាងឡើង ដើម្បីបង្កើតបរិស្ថានជីវិតមួយដ៏ខ្លាំងក្លា រឹងមាំ និងប្រកបដោយគុណភាពសម្រាប់ប្រជាពលរដ្ឋ។

ចំណែកលោកស្រី Marie-Hélène Loison អគ្គនាយិការងទីភ្នាក់ងារ AFD បានប្រកាសថា ក្នុងឱកាសនៃខួប៣០ឆ្នំារបស់ទីភ្នាក់ងារ AFD នៅកម្ពុជា គម្រោងទាំងបីនេះ គឺជាដំណាក់កាលថ្មីមួយនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ដោយឆ្លុះបញ្ចាំងឱ្យឃើញពីឆន្ទៈរបស់ទីភ្នាក់ងារAFD ក្នុងការពង្រឹងភាពជាដៃគូជាមួយកម្ពុជា ដើម្បីគំាទ្រ ដល់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងមានភាពធន់ជាមួយអាកាសធាតុ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

លោកស្រីបន្ថែមថា នៅឆ្នាំ២០២៤ ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ នឹងបន្តសកម្មភាពរបស់ខ្លួន នៅក្នុងវិស័យថាមពល ទឹក ទឹកស្អាត ធនធានមនុស្ស និងការអភិវឌ្ឍជនបទ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here