ការសិក្សាៈតម្លៃអាផាតម៉ិនថ្មីៗនៅទីក្រុងតូក្យូ ខ្ពស់ជាងប្រាក់ខែរបស់ប្រជាជនទូទៅចំនួន២៥ដង

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមសារពត៌មាន Reuters បានចុះផ្សាយថា អាផាតម៉ិនថ្មីនៅទីក្រុងតូក្យូ មានតម្លៃជាមធ្យមលើសពី១០០លានយ៉េនក្នុងឆ្នាំ២០២៣ ជាលើកដំបូងដែលមិនធ្លាប់មាន។

តម្លៃអាផាតម៉ិនថ្មីៗនៅទីក្រុងតូក្យូ ត្រូវបានជំរុញ ដោយការកើនឡើងនៃថ្លៃពលកម្ម និងសំណង់ ព្រមទាំងលំហូរនៃអ្នកវិនិយោគបរទេស ស្របពេលដែលប្រាក់យ៉េនកំពុងដាំក្បាលចុះ។

យោងតាមវិទ្យាស្ថានសេដ្ឋកិច្ច អចលនទ្រព្យបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា តម្លៃអាផាតម៉ិនជាមធ្យម ដែលទើបសាងសង់ថ្មី នៅក្នុងរដ្ឋធានីតូក្យូ បានកើនឡើង៣៩,៤ភាគរយ ធៀបនឹងឆ្នាំ២០២២ ដល់១១៤,៨លានយ៉េន (៧៧៨.០៤១ដុល្លារ) ក្នុងឆ្នាំ២០២៣។តម្លៃអាផាតម៉ិនចំនួន១១៤,៨លានយ៉េន មានន័យថា អាផាត  ម៉ិ​ននៅទីក្រុងតូក្យូឥឡូវនេះ មានតម្លៃប្រហែល២៥ដងនៃប្រាក់ខែទូទាំងប្រទេស ជាមធ្យមចំនួន៤,៦លានយ៉េន (៣១.១៧៥,៨៧ដុល្លារ)។

បន្ទាប់​ពី​ជួប​ប្រទះបញ្ហា​បរិត្តផរណា​រាប់​ទសវត្សរ៍ និង​កំណើន​សេដ្ឋកិច្ចនៅ​ទ្រឹង នៅពេលនេះប្រទេសជប៉ុន​ កំពុង​ស្គាល់នូវការ​រីក​ចម្រើន​នៃ​ការ​វិនិយោគ​ ទាំង​ក្នុង​វិស័យ​អចលនទ្រព្យ និង​ទីផ្សារ​ភាគហ៊ុន។

បន្ថែមពីលើកត្តាអត្រាការប្រាក់ទាប ការកើនឡើងនៃតម្លៃអាផាតម៉ិននៅតូក្យូ កំពុងត្រូវបានជំរុញកត្តាផ្សេងទៀត ដូចជា អតិថិជនបរទេស ដែលឆ្លៀតទាញយកអត្ថប្រយោជន៍ ពីការដាំក្បាលចុះនៃប្រាក់យ៉េន និងក្រុមហ៊ុនបរទេស ដែលចង់ផ្លាស់ប្តូរការវិនិយោគចេញពីប្រទេសចិន ចូលមកកាន់ប្រទេសជប៉ុន។

ក្នុងឆ្នាំ២០២៣ អាផាតម៉ិន ដែលមានតម្លៃជាង១០០លានយ៉េនចំនួន៤.០០០យូនីត នៅតំបន់ទីក្រុងតូក្យូត្រូវបានផ្តល់ជូន ដែលក្នុងនោះ អគារអាផាតម៉ិន Mita Garden Hills នៅកណ្តាលទីក្រុងតូក្យូ ត្រូវបានដាក់លក់ ក្នុងតម្លៃ៤,៥ពាន់លានយ៉េនក្នុង១យូនីត ដែលមានទំហំ៣៧៦,៥ម៉ែត្រការ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here