រយៈពេលជាង៣០ឆ្នាំKOICA ផ្តល់ជំនួយជាង៣៦០លានដុល្លារ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅកម្ពុជា

0

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ  ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសកូរ៉េ (KOICA) បានផ្តល់ជំនួយប្រមាណ៣៦០លានដុល្លារ ដល់ប្រទេសកម្ពុជា សម្រាប់អភិវឌ្ឍលើវិស័យស្នូលចំនួន៤។

នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ក្រុមប្រឹ​ក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៥មករា លោកស្រី Choi Moon Jung នាយិកាប្រចាំប្រទេសនៃការិយាល័យKOICA ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ចាប់តាំងពីការបង្កើតការិយាល័យកម្ពុជា នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០០៣ កយកា-KOICA បាននិងកំពុងជួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមលើវិស័យស្នូលចំនួន៤។ វិស័យទាំងនោអ រួមមាន ការគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ការអប់រំ កសិកម្ម ការអភិវឌ្ឍន៍ជនបទ និងការដឹកជញ្ជូនតាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ផ្សេងៗ ដែលគម្រោង និងកម្មវិធីទាំងអស់ មានតម្លៃប្រហែល៣៦៦,៥ លានដុល្លារអាមេរិក ចាប់ពីឆ្នាំ ១៩៩១-២០២៣ ។

លោកស្រីបានបន្តថា នៅក្នុងជំនួបនោះ បានពិភាក្សាអំពីគម្រោ​ងសម្រាប់ឆ្នាំ២០២៥ ផែនការសម្រាប់គម្រោងថ្មី ឆ្នាំ២០២៦ និងការធ្វើបច្ចុប្បន្នភាព លើកម្មវិធីដែលកំពុងដំណើរការ។ ភាគីទាំងសងខាងក៏បានពិភាក្សាអំពីការរៀបចំ ពិធីសម្ពោធអគារថ្មីសម្រាប់មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)ផងដែរ។

លោកស្រីChoi Moon Jung បានកោតសរសើរចំពោះ​ការរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់កម្ពុជា និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីរបស់ខ្លួន ជាពិសេសគណៈកម្មាធិការសហប្រតិបត្តិការ អភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិ​វឌ្ឍន៍កម្ពុជា (CDCB/CDC)  សម្រាប់កិច្ចសហការដ៏ល្អ ក្នុងការធានាឲ្យទទួលបានជោគជ័យនៃគម្រោង និងកម្មវិធីរបស់KOICA នៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា ក៏បានថ្លែងអំណរគុណចំពោះ-KOICA រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលតែងតែគាំទ្រ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់កម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធីនានា។

លោកបានវាយតម្លៃខ្ពស់ ចំពោះរាល់សមិទ្ធិផលដែលបានធ្វើដោយKOICA ។ភាគីទាំងពីរក៏បានពិភាក្សា បន្តអំពីកិច្ចសហប្រតិបត្តិការលើជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)រវាងកម្ពុជា និងកូរ៉េក៏ដូចជាបានផ្តោតសំខាន់ ទៅលើជំហានបន្ទាប់នៃការងាររវាងKOICA ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអភិវឌ្ឍគម្រោងថ្មីសម្រាប់ឆ្នាំ២០២៦៕

LEAVE A REPLY

Please enter your comment!
Please enter your name here