RGPPSEZទាក់ទាញក្រុមហ៊ុនចំនួនជាង១០០ចូលរួមក្នុងខ្សែ ច្រវ៉ាក់ផលិតកម្ម

0

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ (RGPPSEZ)រហូតមកទល់ពេលនេះ បានទាក់ទាញក្រុមហ៊ុនជាតិ អន្តរជាតិចំនួន១១៤ មកបោះទុនវិនិយោគនៅមូលដ្ឋានេះ។

បង្កើតឡើងនៅឆ្នាំ២០១៦ តំបន់សេដ្ឋកិច្ចពិសេសដ៏ធំនេះបានអភិវឌ្ឍន៍ និង​បានផ្លាស់ប្តូរមុខមាត់ថ្មី នៃទឹកដីធ្លាប់តែជាវាលស្រែមានសកម្មភាពការងារតិចតួច មកជាតំបន់ឧស្សាហកម្មឈានមុខគេមួយ ដែលបច្ចុប្បន្ន មានក្រុមហ៊ុនកម្មន្តសាលចំនួន៨៥ក្រុមហ៊ុន និងក្រុមហ៊ុនមិនមែនកម្មន្តសាលចំនួន២៩ក្រុមហ៊ុន និងផ្តល់ឱកាសការងារដល់ប្រជាជនខ្មែរដល់ទៅជាង៤៣,០០០នាក់។

​យោងតាម​សេចក្តីប្រកាសព័ត៌មាន របស់តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅដើមឆ្នាំ២០២៤ ក្រុមហ៊ុនមានការចាប់ផ្តើមមួយដ៏ល្អប្រសើរ ដោយការនាំចេញសរុប ក្នុងខែមករា និងខែកុម្ភៈ មាន​តម្លៃ២៦៤លានដុល្លារអាមេរិក ខ្ពស់ជាងតួ​លេខ​ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំតំបន់សេដ្ឋកិច្ចនេះ បានសម្តែងសុទិ​ដ្ឋិនិយមថា ការនាំចេញក្នុងឆ្នាំ២០២៤នេះ អាចនឹងបំបែកកំណត់ត្រាម្តងទៀត ដោយការនាំចេញសរុបបាន​ប្រមាណ២០០០ លានដុល្លារអាមេរិក។

ដើម្បីបំពេញនូវតម្រូវការ ទីតាំងឧស្សាហកម្មដ៏មានគុណភាពខ្ពស់ នៅ​ជុំវិញរាជធានីភ្នំពេញ ប្រភព​បានបញ្ជាក់ឲ្យ​ដឹង​ថា ក្រុមហ៊ុនក៏​កំពុងដំណើរការស្នើសុំ បង្កើតតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល ឬRoyal Group Kandal Special Economic Zone (RGKSEZ) ដែលលាតសន្ធឹងលើផ្ទៃដី ទំហំប្រមាណ១២០​ហិកតា​បន្ថែមទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here