ដោយៈ គង់ សូរិយា
ភ្នំពេញ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកប៉េង ពោធិ៍នា បានអញ្ជើញដឹកនាំគណៈប្រតិភូអមដំណើរ មន្ត្រីជំនាញបច្ចេកទេស នៃក្រុមការងារអនុវត្តគម្រោង ចុះទៅពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ។
គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចវឌ្ឍនភាពការងារសាងសង់តួស្ពានបាន៤៥,៥% ខណៈដែលការងារសាងសង់ ផ្លូវតភ្ជាប់សម្រេចបាន២៣%ហើយ ជារួមគម្រោងជារូបវ័ន្តទាំងមូល សម្រេចបាន ៣២% ដែលតួលេខនេះ បានបង្ហាញឱ្យឃើញពីការវិវត្ត ក្នុងទិសដៅវិជ្ជមាន ចំពោះការអនុវត្តគម្រោងការងារខាងលើ។
គម្រោងនេះគ្រោងនឹងបញ្ចប់ នៅខែកញ្ញា ឆ្នាំ២០២៦ ប៉ុន្តែយោងតាមការបញ្ជាក់របស់ក្រុមហ៊ុននាល្ងាចនេះ ការសាងសង់នឹងបញ្ចប់មុនផែនការ។
ទោះជាយ៉ាងនេះក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រី នៅតែសំណូមពរឱ្យក្រុមហ៊ុនសាងសង់ ជំរុញការអនុវត្តការងារទៅតាមប្រតិទិនការងារដែលបានកំណត់ ឱ្យបានច្បាស់លាស់ ពីព្រោះខណៈនេះជារដូវប្រាំង ដែលជាពេលវេលា អំណោយផលដល់ការងារសាងសង់ មុននឹងរដូវវស្សាចូលមកដល់នាពេលខាងមុខ។
លោករដ្ឋមន្ត្រី បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹងសុវត្ថិភាពការងារសាងសង់គ្រប់ជំហាន ពិសេសយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេសគ្រប់ប្រភេទការងារ ដើម្បីធានាឱ្យបាននូវសមិទ្ធផលសំណង់ ដែលប្រកបដោយគុណភាព និងអាយុកាលប្រើប្រាស់បានយូរអង្វែង៕