ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសារពត៌មាន CNN បានចុះផ្សាយថា ការសាងសង់ផ្ទះថ្មី នៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងកាលពីខែកុម្ភៈកន្លងទៅ ខណៈដែលក្រុមហ៊ុនសំណង់រំពឹងថា តម្រូវការផ្ទះថ្មីនឹងនៅតែបន្តមានភាពរឹងមាំ។
កំណើននៃការចាប់ផ្តើមសាងសង់ផ្ទះថ្មី បានកើតឡើងស្របពេលដែលសហរដ្ឋអាមេរិក កំពុងជួបប្រទះកង្វះលំនៅដ្ឋាន និងវិបត្តិ ដែលតម្លៃផ្ទះហក់ឡើងខ្ពស់កប់ពពក។
ជាមួយគ្នានេះ ការបង្កើនការសាងសង់អាផាតម៉ិន សម្រាប់ជួល និងការផ្គត់ផ្គង់ផ្ទះសម្រាប់ទិញ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ក្នុងការធ្វើឱ្យតម្លៃផ្ទះ មានកម្រិតសមរម្យឡើងវិញ សម្រាប់ប្រជាជនអាមេរិក។
ជាក់ស្តែង នៅក្នុងតំបន់មួយចំនួន ដែលមានការសាងសង់ផ្ទះជាច្រើន គេសង្កេតឃើញថា ថ្លៃជួល និងតម្លៃផ្ទះ នៅទីនោះ មានការកើនឡើងក្នុងកម្រិតមធ្យមប៉ុណ្ណោះ។យោងតាមទិន្នន័យ ដែលបានចេញផ្សាយ ដោយការិយាល័យជំរឿន និងនាយកដ្ឋានអភិវឌ្ឍន៍លំនៅដ្ឋាន និងទីក្រុង បង្ហាញថា ការចាប់ផ្តើមសាងសង់លំនៅដ្ឋានថ្មី បានកើនឡើង១០,៧% នៅក្នុងខែកុម្ភៈ បើធៀបនឹងខែមករាកន្លងទៅ។
ការចាប់ផ្តើមសាងសង់ផ្ទះថ្មី បានកើនឡើងដល់អត្រាប្រចាំឆ្នាំចំនួន១,៥២១លានយូនីត កាលពីខែកុម្ភៈ បើធៀបនឹងការព្យាករណ៍ចំនួន១,៤២៥លានយូនីត។ ចំណែក កាលពីខែមករា ការសាងសង់ផ្ទះមានចំនួន១,៣៧៤លានយូនីត។
ដោយសារតែចំនួនផ្ទះ ដែលត្រូវបានដាក់លក់ស្រាប់ នៅលើទីផ្សារ នៅតែមានកម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ ដូច្នេះ កំណើននៃការសាងសង់ថ្មី បានផ្តល់នូវជម្រើសបន្ថែមទៀត សម្រាប់អ្នកទិញផ្ទះ និងនាំឱ្យតម្លៃផ្ទះមិនហក់ឡើងខ្ពស់ពេកផងដែរ។
ជាមួយគ្នានេះ ការដាក់ពាក្យស្នើសុំប្រាក់កម្ចីទិញផ្ទះ ដែលទើបសាងសង់ថ្មីបានកើនឡើង១៥,៧% នៅក្នុងខែកុម្ភៈ បើធៀបនឹងឆ្នាំមុន និងកើនឡើង១% បើធៀបនឹងខែមករា។ នេះបើយោងតាមរបាយការណ៍ពីសមាគម Mortgage Bankers Association ៕ប្រភព:CNN៕