កម្ពុជាជាប់ឈ្មោះជាប្រទេសដែលមានទីផ្សារកំពុងទាក់ទាញ ការវិនិយោគនៅឆ្នាំនេះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) សំដៅលើការវិនិយោគ ដែលធ្វើឡើងដោយបុគ្គល ក្រុមហ៊ុន ឬអង្គភាពពីប្រទេសមួយចូលទៅក្នុងប្រទេសមួយផ្សេងទៀត។

លំហូរ FDI ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក ដោយសារ FDI ជួយសម្រួលដល់លំហូរមូលធន ជំរុញការពង្រីកអាជីវកម្ម និងរួមចំណែកដល់ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ច។

នៅក្នុងអត្ថបទនេះ យើងសូមលើកមកបង្ហាញពីបណ្តាប្រទេសដែលមានទីផ្សារ កំពុងរីកចម្រើនកំពូលទាំង១០ ដែលនឹងសម្រេចបានសន្ទុះលំហូរ FDI ខ្លាំងជាងគេ នៅក្នុងឆ្នាំ២០២៤នេះ។ ចំណាត់ថ្នាក់នេះ ត្រូវបានវាយតម្លៃដោយទស្សនាវដ្តី fDi Intelligence ។បណ្តាប្រទេសទាំង១០ ដែលមានទស្សនវិស័យនៃសន្ទុះលំហូរ FDI ខ្លាំងជាងគេបំផុត សម្រាប់ឆ្នាំ២០២៤ រួមមាន នៅទ្វីបអាស៊ី ទ្វីបអាហ្វ្រិក ទ្វីបមជ្ឈិមបូព៌ា និងទ្វីបអឺរ៉ុប។

ជាមួយគ្នានេះ នៅក្នុងទ្វីបអាស៊ី​ មាន​ប្រទេស​ចំនួន​៦ ដែលជាប់ចំណាត់ថ្នាក់ នៅក្នុង​បញ្ជីបណ្តាប្រទេសកំពូលទាំង១០ ដោយ​កម្ពុជា​ត្រូវបានគេរំពឹង​ថា​ នឹង​សម្រេចបានសន្ទុះ ​នៃលំហូរវិនិយោគ​FDI ខ្លាំង​ជាងគេបំផុត ​ក្នុងចំណោមបណ្តាប្រទេស ដែលមានទីផ្សារកំពុងរីកចម្រើនទាំង១០ នៅ​ឆ្នាំ​២០២៤នេះ។

យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានព្យាករថា កំនើន​សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងអត្រា៦,១% ក្នុងឆ្នាំ២០២៤នេះ ដោយកើនឡើងពី៥,៦% ក្នុងឆ្នាំ២០២៣។ មូលនិធិ IMF រំពឹងថា កម្ពុជានឹងក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេបំផុតនៅក្នុងតំបន់អាស៊ាន ខណៈប្រទេសនេះបានពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួន ជាមួយប្រទេសចិន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប។

បន្ថែមពីលើនេះ កម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងខ្លាំង ពីការស្ទុះងើបឡើងវិញ នៃវិស័យទេសចរណ៍ ចាប់តាំងពីប្រទេសចិនបានចាប់ផ្តើមលុបចោល ការរឹតបន្តឹងលើការធ្វើដំណើរ ដោយសារជំងឺកូវីដ-១៩ កាលពីដើមឆ្នាំ២០២៣កន្លងទៅ។

ទន្ទឹមនឹងនេះ ហ្វីលីពីន បានជាប់ចំណាត់ថ្នាក់ទី២ ក្នុងនាមជាប្រទេស ដែលនឹងសម្រេចបានសន្ទុះនៃលំហូរFDI ខ្លាំងជាងគេលំ​ដាប់ទី២ នៅក្នុងចំណោមបណ្តាប្រទេស ដែលមានទីផ្សារកំពុងរីកចម្រើនទាំង១០ បន្ទាប់ពីកម្ពុជា។

មូលនិធិ IMF រំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន នឹងកើនឡើងក្នុងអត្រា៥,៩% ក្នុងឆ្នាំ២០២៤នេះ ខណៈការវិនិយោគសាធារណៈ និងឯកជន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងកំណើនសេដ្ឋកិច្ចរបស់ហ្វីលីពីន ដែលជំរុញដោយការបើកចំហ វិស័យថាម​ពលកកើតឡើងវិញដល់វិនិយោគិនបរទេស។

ចំណែក ចំណាត់ថ្នាក់លេខ៣ បានទៅលើប្រទេសកេនយ៉ា ចំណាត់ថ្នាក់លេខ៤ បានទៅលើប្រទេសអ៊ីរ៉ាក់ ចំណាត់ថ្នាក់លេខ៥ បានទៅលើប្រទេសNamibia ចំណាត់ថ្នាក់លេខ៦ បានទៅលើការហ្សាក់ស្ថាន ចំណាត់ថ្នាក់លេខ៧ បានទៅលើអាស៊ែបៃហ្សង់ ចំណាត់ថ្នាក់លេខ៨ បានទៅលើប្រទេសម៉ារ៉ុក ចំណាត់ថ្នាក់លេខ៩ បានទៅលើប្រទេសស៊ែប៊ី និងចំណាត់ថ្នាក់លេខ១០ ចុងក្រោយគេបានទៅលើប្រទេសឥណ្ឌា៕

LEAVE A REPLY

Please enter your comment!
Please enter your name here