ដោយៈ ហ្វីអូណា
ភ្នំពេញៈ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានពន្លឿនក្នុងការជួសជុល និងពង្រីកតួផ្លូវពីទទឹងជាង៤ម៉ែត្រ ទៅទទឹង៦ម៉ែត្រ និងក្រាលកៅស៊ូ២ស្រទាប់ (DBST) ឲ្យកាន់តែប្រសើរជាងមុនងាយស្រួល ក្នុងការសម្រួលចរាចរណ៍របស់ប្រជាពលរដ្ឋ និងក្រុមភ្ញៀវទេសចរណ៍។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ លោក ស៊ូ ស៊ុន្ធរ៉ា បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ថា ការងារនេះបានធ្វើឡើង ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
លោកបញ្ជាក់ថា “តម្រូវការចាំបាច់អំពីកំណើនទេសចរណ៍ដែលមកលេងកំសាន្តនៅលើភ្នំគីរីរម្យ (ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈគីរីរម្យ) ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែមានភ្ញៀវមកកំសាន្តច្រើន ទើបតម្រូវការចាំបាច់ត្រូវពង្រីកតួ ផ្លូវឲ្យកាន់តែធំ និងជួសជុលជង្ហុកដែលខូចខាត ដោយសារតែទឹកភ្លៀងឲ្យបានប្រសើរឡើងវិញ”។
លោកប្រធានមន្ទីរ បានឲ្យដឹងទៀតថា ផ្លូវមួយខ្សែនេះមានប្រវែង២៧គីឡូម៉ែត្រ គិតចាប់ពីផ្លូវជាតិលេខ៤ រហូតដល់លើភ្នំ ហើយបច្ចុប្បន្ននេះ មន្ទីរបានថែទាំជាប្រចាំ និងជួសជុលរួចមានប្រវែងជាង១០គីឡូម៉ែត្រហើយ។ សព្វថ្ងៃមន្ទីរបានពន្លឿន ការជួសជុលឲ្យបានល្អប្រសើរ មុនបុណ្យចូលឆ្នាំប្រពៃណីជាតិ២០២៤។
លោកបញ្ជាក់ថា ការជួសជុលបានជួបផលវិបាកខ្លះ ដោយសារតែស្ថានភាពផ្លូវឡើងភ្នំ ហើយមានផ្លូវបត់បែនជាច្រើនកន្លែង ធ្វើឲ្យគ្រឿងចក្រខ្លះ មិនអាចប្រើបច្ចេកទេស ដូចផ្លូវលាតស្មើបានឡើយ៕