កម្ពុជាអនុម័តគម្រោងវិនិយោគក្នុងទំហំទឹកប្រាក់២,២ពាន់លានដុល្លារនៅក្នុងត្រីមាសទី១

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា កម្ពុជាបានអនុម័តគម្រោងវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន២,២ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី១ ឆ្នាំនេះ កើនឡើង៦៤៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅក្នុងចំណោមគម្រោង ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត មានចំនួន១០៦គម្រោង គិតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំនេះ កើនឡើងយ៉ាងគំហុក បើធៀបនឹងគម្រោងត្រឹមតែ៣៩គម្រោងដែលត្រូវបានអនុម័ត ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងបង្កើតការងារបានប្រមាណ១០៧.០០០កន្លែង។

គម្រោង​វិនិយោគ​ថ្មី​ទាំង​នោះ ​ផ្តោត​ជា​ចម្បង​ទៅលើ​វិស័យ​ឧស្សា​ហកម្ម វិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យវារីអគ្គិសនី វិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម និង​វិស័យទេសចរណ៍។

យោងតាមរបាយការណ៍របស់ CDC បានឱ្យដឹងថា វិនិយោគិនបរទេសកំពូលទាំង៥ ដែលបានបណ្តាក់ទុនច្រើនជាងគេ នៅកម្ពុជា មានប្រភពមកពីប្រទេសចិន សិង្ហបុរី វៀតណាម កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយបន្ថែមថា ការវិនិយោគពីប្រទេសចិនមានទំហំទឹកប្រាក់ចំនួន៧៧៧លានដុល្លារ ឬស្មើនឹង៣៥ភាគរយនៃការវិនិយោគសរុប។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា  បានមានប្រសាសន៍ឱ្យដឹងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងច្បាប់ថ្មីរបស់កម្ពុជាស្តីពីការវិនិយោគ គឺជាកត្តាគន្លឹះក្នុងការទាក់ទាញលំហូរ វិនិយោគផ្ទាល់ពីបរទេស (FDI) មកកាន់កម្ពុជា។

លោកបានថ្លែងប្រាប់សារពត៌មាន Xinhua ថា “ទាំងកិច្ចព្រមព្រៀងRCEP និងកិច្ចព្រមព្រៀងCCFTA គឺជាមេដែកស្រូបទាក់ទា​ញអ្នកវិនិយោគបរទេសមកកាន់កម្ពុជា”។

មន្ត្រីជាន់ខ្ពស់រូបនេះដដែលបានបន្តថា “លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ជាពិសេសមកពីប្រទេសចិន គឺជាកត្តាសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា”។

មន្ត្រីរូបនេះបានគូសបញ្ជាក់បន្ថែមថា លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ថ្មីនឹងនាំមកនូវដើមទុនថ្មី បច្ចេកវិទ្យា និងបង្កើតឱកាសការងារជាច្រើន សម្រាប់ប្រជាជននៅក្នុងប្រទេសកម្ពុជា៕ប្រភព:Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here