ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ឋសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឆ្លើយតប៦ចំណុច ទៅអ្នកដែលលើកឡើងទាំងល្ងិតល្ងង់ថា “ព្រែកជីកហ្វូណនតេជោ នឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាម”។
ការចេញមកឆ្លើយតបរបស់សម្តេចនាព្រឹកថ្ងៃទី៩ មេសានេះ បន្ទាប់ពីសម្ដេច បានឃើញការចុះផ្សាយ មួលបង្កាច់ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម និងជាពិសេសថ្មីៗនេះ មានការប្រឌិតរឿង ព្រែកជីកតេជោហ្វូណនដែលលើកឡើងទាំងល្ងិតល្ងង់ថា ព្រែកជីកនេះនឹងសម្រួល ដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមបន្ថែមទៀត ក្នុងពេលដែលព្រែកជីក កំពុងស្ថិតនៅក្នុងគំរោងនៅឡើយ។
ជុំវិញការចុះផ្សាយបែបប្រឌិតទាំងនេះ ត្រូវបានសម្ដេចតេជោ ឆ្លើយតបដោយការដាស់តឿន “ដល់មិត្តភក្ដិ ឬមិនមែនមិត្តភក្ដិរបស់សម្ដេចតេជោ លើចំណុចមួយចំនួន ក្នុងនោះសម្ដេចចោទសួរទៅកាន់អ្នកប្រឌិតព័ត៌មានទាំងនោះថា តើកម្ពុជាត្រូវការកងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី?”។
ក្រៅពីការចោទសួរ សម្ដេចតេជោហ៊ុន សែនបានរម្លឹកថា កម្ពុជា និងវៀតណាម ជាប្រទេសជិតខាងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អលើគ្រប់វិស័យ ហើយសម្ដេចក៏បញ្ជាក់ពីទំនាក់ទំនង ចិន និងវៀតណាម ដែលមានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
សម្ដេចតេជោ បានបន្ថែមការចោទសួរយ៉ាងដូច្នេះថា “តើកម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និងតើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការគោរពឯករាជ្យភាពកម្ពុជា ពីសំណាក់ចិនឬ?”។
មាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ ហាមឃាត់មិនឲ្យកម្ពុជា មានមូលដ្ឋានយោធាបរទេស លើទឹកដីរបស់ខ្លួន។ នៅមានមាត្រាទី៥៥ បានចែងយ៉ាងច្បាស់ថា (សិន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល)។ ចំណុចនេះបានបញ្ជាក់ច្បាស់ថា គ្មានកិច្ចព្រមព្រៀងណាមួយអនុវត្តន៍បានទេ ប្រសិនវាមិនស្របជាមួយឯករាជ្យ អធិបតេយ្យភាពកម្ពុជា ព្រោះរដ្ឋធម្មនុញ្ញបានលុបចោលរួចទៅហើយ។ នេះជាការបន្ថែមរបស់សម្ដេចតេជោ។
សម្ដេចតេជោគូសបញ្ជាក់ទៀតថា “ព្រែកជីក តេជោហ្វូណន គឺជាផលប្រយោជន៍ សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលព្រែកជីកនេះ នឹងជួយឲ្យកម្ពជាទិសនិរតី មានផ្លូវទឹកដឹកជញ្ជូន ទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេរមេគង្គដែលមានស្រាប់”។សម្តេចបន្ថែមថា “ព្រែកជីកនេះ នឹងជួយឲ្យប្រជាជននៅតាមព្រែកនេះ មានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននៅផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។”
សម្ដេចប្រធានព្រឹទ្ធសភាបានអះអាងបន្តថា ព្រែកជីកនេះមិនប៉ះពាល់ ដល់លំហូរទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និងម្យ៉ាងទៀតយើងមានទ្វារទឹកមិនឲ្យទឹកសាប ធ្លាក់ចូលទៅក្នុងសមុទ្រនោះឡើយ”។ សម្ដេចបានបញ្ជាក់ថា “កម្ពុជាអនុវត្តតាមកិច្ចព្រមព្រៀងមេគង្គ១៩៩៥”។
សម្ដេចបានប្រាប់ក្រុមប្រឌិតព័ត៌មាន គួរនាំគ្នាសួរទៅគណៈកម្មការទន្លេមេគង្គ ព្រោះកម្ពុជាបានជូនដំណឹង តាមកិច្ចព្រមព្រៀងនេះ ទៅគណៈកម្មការទន្លេមេគង្គរួចហើយ។
សម្ដេចតេជោក៏បានអំពាវនាវ កុំមួលបង្កាច់កម្ពុជា ក្នុងគោលបំណងប្រឆាំងចិន តាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយ។ សម្ដេចតេជោអះអាងថា កម្ពុជាក៏ចេះគិតពីប្រយោជន៍ជាតិរបស់ខ្លួន ដូចពួកអ្នកប្រឆាំង។
សម្ដេចតេជោ បានចំអកទៅកាន់ក្រុមប្រឆាំងល្ងិតល្ងង់ថា “ខួរក្បាលរបស់ពួកអ្នកឯងក៏មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេ សំណាងត្រង់ពួកអ្នកឯង កើតក្នុងប្រទេសអ្នកមាន។ ឯពួកខ្ញុំកើតក្នុងប្រទេសក្រីក្រ ទើបពួកអ្នកឯងមើលងាយពួកខ្ញុំ”៕