ប្រទេសហ្វីលីពីនរំពឹងក្លាយជាគោលដៅលេងល្បែងស៊ីសងដ៏ធំបំផុតទី២របស់តំបន់អាស៊ី នៅឆ្នាំ២០២៥

0

ដោយ: គង់់ លាងហួរ

ម៉ានីល: ប្រទេសហ្វីលីពីន អាចនឹងវ៉ាដាច់ប្រទេសសិង្ហបុរី នៅឆ្នាំ២០២៥ខាងមុខ ឆ្ពោះទៅក្លាយជាគោលដៅលេងល្បែងស៊ីសងដ៏ធំបំផុតទី២ របស់តំបន់អាស៊ី បន្ទាប់ពីទីក្រុងម៉ាកាវរបស់ប្រទេសចិន។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Bloomberg។

លោក Alejandro Tengco ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Pagcor ដែលជានិយតករ កំពុងប្រតិបត្តិការកាស៊ីណូរដ្ឋ បានអះអាងថា  រមណីយដ្ឋានកាស៊ីណូថ្មី ឈ្មោះ Bloombery Resorts Corp របស់មហាសេដ្ឋីហ្វីលីពីនលោក Enrique Razon គ្រោងនឹងបើកដំណើរការ នៅទីក្រុងម៉ានីលនៅឆ្នាំនេះ ខណៈដែលគម្រោងកាស៊ីណូចំនួន៨ទៀតកំពុងត្រូវបានគ្រោងទុក។

លោក Tengco បានមានប្រសាសន៍ឱ្យដឹងបន្តទៀតថា ក្រុមនិយតករ ក៏មានគម្រោងប្រកាសដាក់លក់កាស៊ីណូ ដែលគ្រប់គ្រងដោយរដ្ឋ មិនយូរជាងដើមឆ្នាំ២០២៦ផងដែរ។

លោក Tengco បានបញ្ជាក់ថា “ប្រសិនបើសិង្ហបុរីមិនពង្រីកខ្លួនទេ នោះពួកគេនឹងស្ថិតនៅទ្រឹង ហើយកុំភ្ញាក់ផ្អើល ប្រសិនបើឆ្នាំក្រោយ យើងនឹងវ៉ាដាច់ពួកគេ”។ លោក Tengco បានប៉ាន់ប្រមាណថា ប្រាក់ចំណូលសរុបពីការលេងល្បែងស៊ីសង ប្រចាំឆ្នាំរបស់សិង្ហបុរីនឹងមានទំហំប្រហែល៦ពាន់លានដុល្លារ។

ចំណែកឯប្រទេសហ្វីលីពីនរំពឹងថា ខ្លួននឹងអាចរកប្រាក់ចំណូលបានពីវិស័យល្បែងស៊ីសង សរុបចំនួន៣៣៦ពាន់លានប៉េសូ (ប្រហែ​ល៦,១ពាន់លានដុល្លារ) នៅឆ្នាំ២០២៤នេះ ដោយកើនឡើងពីកំណត់ត្រាកាលពីឆ្នាំមុនចំនួន២៨៥ពាន់លានប៉េសូ។

ទាក់ទិនទៅនឹងការលើកឡើងបែបនេះ របស់លោក Tengco អាជ្ញាធរនិយតកម្មល្បែងស៊ីសង របស់ប្រទេសសិង្ហបុរីបានឆ្លើយតបថា ខ្លួនមិនមានយោបល់ទេ នៅពេលដែលត្រូវបានសារពត៌មាន Bloomberg News សាកសួរទាក់ទងនឹងរឿងនេះ។

ទីក្រុងម៉ានីលកំពុងពឹងផ្អែក ទៅលើរមណីយដ្ឋានកាស៊ីណូរបស់ខ្លួន ដើម្បីជួយជំរុញការមកដល់របស់ភ្ញៀវទេសចរ។  នៅឆ្នាំនេះ ប្រ​ទេ​​សហ្វីលីពីន បានកំណត់គោលដៅទាក់ទាញ ភ្ញៀវទេសចរបរទេសចំនួន៧,៧លាននាក់ បន្ទាប់ពីទទួលបានចំនួន៥,៤៥លាននាក់ក្នុងឆ្នាំ២០២៣ ប៉ុន្តែគោលដៅនេះនៅតែទាប ជាងកម្រិតក្នុងឆ្នាំ២០១៩ ដែលមានភ្ញៀវទេសចរបរទេសចំនួន៨,២៦លាននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here