លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងលើកឡើងពីដំណោះស្រាយក្នុង វិស័យអចលនទ្រព្យ

0

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ជាមួយបទពិសោធន៍ជិត២០ឆ្នាំ ក្នុងវិស័យអចលនទ្រ​ព្យ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ដែលបានប្រែក្លាយខ្លួនពីភ្នាក់ងារធម្មតា មកជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ បានលើកឡើងនូវដំណោះស្រាយមួយចំនួន ដើម្បីធ្វើឲ្យវិស័យនេះងើបឡើងវិញ។

       លោកបានមានប្រសាសន៍ឲ្យដឹង កាលពីដើមសប្តាហ៍នេះថា ការដោះស្រាយឲ្យវិស័យនេះងើបឡើងវិញ មិនពិបាកត្រឹមតែនិយាយទេ ព្រោះប្រទេសមួយរីកចម្រើនបាន អាស្រ័យលើរដ្ឋាភិបាល ដែល   ​រដ្ឋាភិបាលបច្ចុប្បន្ន បាននិងកំពុងពង្រីកទំនាក់ទំនង ជាមួយបណ្តាប្រទេសនានាយ៉ាងសកម្ម។

       លោកបន្តថា “នៅពេលយើងនិយាយពីសេដ្ឋកិច្ច យើងត្រូវមើលតើអត្រាការប្រាក់អាមេរិកឡើងឬចុះ បើឡើងសេដ្ឋកិច្ចធ្លាក់ហើយ តែបើការប្រាក់ធ្លាក់ចុះ សេដ្ឋកិច្ចល្អហើយ”។ លោកបន្តទៀតថា “យើងត្រូវតាមដានផ្សារហ៊ុននៅអាមេរិក និងសិក្សាបញ្ហាភូមិសាស្រ្តនយោបាយ បើចិន និងអាមេរិកត្រូវគ្នា សេដ្ឋកិច្ចនឹងប្រសើរ ប៉ុន្តែយើងក៏មានមធ្យោបាយជួយខ្លួនឯងបានដែរ”។តើធ្វើដូចម្តេចដើម្បីឲ្យវិស័យដីធ្លី និងអចលនទ្រព្យកម្ពុជាល្អដូចឆ្នាំ២០១៩? លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍ថា ចម្លើយ ដែលត្រូវឆ្លើយ គឺយើងត្រូវសួរខ្លួនឯងថា តើយើងឈឺអ្វីពិតប្រាកដ ដែលមនុស្សភាគច្រើនមិនបានដឹងទេ ប៉ុន្តែលោកដឹងថាកម្ពុជា សេដ្ឋកិច្ចយើង ឈឺជំងឺអ្វីពិតប្រាកដ។

       លោកបញ្ជាក់ថា “ជម្ងឺរបស់យើង គឺខ្វះទុនវិនិយោគពីបរទេស ឬខ្វះខាតលុយក្នុងស្រុក ហេតុនេះកម្ពុជាត្រូវប្រើមធ្យោបាយគ្រប់យ៉ាង ដើម្បីទាក់ទាញការវិនិយោគពីបរទេស”។ លោកបន្តថា “ដំណោះស្រា​យ គឺដោះស្រាយ និងធ្វើយ៉ាងណាឲ្យអ្នកវិនិយោគ មករកស៊ីគ្រប់ផ្នែកនៅកម្ពុជា ពេលនោះសេដ្ឋកិច្ចរបស់យើងជាហើយ”។

       លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា កម្ពុជាមានសក្តានុពលច្រើនលើការវិនិយោគ ដោយសារមានច្បាប់ល្អ មានបរិយាកាសវិនិយោគកាន់តែប្រសើរ លក្ខខ័ណ្ឌសណ្ឋានដីល្អ មិនមានទឹកជំនន់ និងគ្រោះរញ្ជួយដីជាដើម ហេតុនេះអ្វីដែលរដ្ឋាភិបាលគួរធ្វើ គឺជម្រុញការផ្សព្វផ្សាយពីកេរ្ត៍ឈ្មោះកម្ពុជា ទៅកាន់ពិភពលោកឲ្យបានកាន់តែច្រើន ដើម្បីឲ្យគេស្គាល់ និងចូលមកវិនិយោគនៅកម្ពុជា។

       លោកបន្តថា “បើទីផ្សាររបស់យើង ត្រូវចាក់បញ្ចូលទឹកប្រាក់២០ពាន់លានដុល្លារ វិស័យដីធ្លី និងអចលនទ្រព្យនៅកម្ពុជានឹងស្ទុះងើបឡើងវិញហើយ”។

       របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា កម្ពុជាបានទាក់ទាញទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ជាង២,២ពាន់លានដុល្លារអាមេរិក ក្នុងត្រីមាសទី១ដើមឆ្នាំ២០២៤នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here