ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងសហការជាមួយរាជធានី-ខេត្តទាំង២៥ សមាគមឧកញ៉ា ក៏ដូចជា សភាពាណិជ្ជកម្មកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីរៀបចំសៀវភៅ ដែលជាបញ្ជីសក្ដានុពលវិនិយោគរបស់បណ្ដារាជធានី-ខេត្តទាំង២៥។
ព័ត៌មាននេះ ត្រូវបានឯកភាពនិងសម្រេចក្នុងអង្គសិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពី ការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីដើមសប្តាហ៍នេះ។
ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជាថ្មីជាច្បាប់វិនិយោគ ដែលមានភាពបើកចំហរ ជូនចំពោះគ្រប់វិនិយោគិន មិនថាទាំងវិនិយោគិនខ្មែរ ឬបរទេស ដោយច្បាប់ថ្មីនេះត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កន្លងទៅ។
ធនាគារពិភពលោក (World Bank) បានលើកឡើងថា ច្បាប់វិនិយោគកម្ពុជា ជាច្បាប់ដែលមានភាពបើកចំហរ និងទូលំទូលាយជាងគេនៅក្នុងតំបន់ សម្រាប់វិនិយោគិន។
គិតត្រឹម៦ខែចុងក្រោយនេះ (កញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភ: ឆ្នាំ២០២៤) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន១៧៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ៤ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារសរុបចំនួន១៨០,២២៥កន្លែង កើនឡើងចំនួន៨៣គម្រោង និងទុនវិនិយោគមានការកើនឡើងចំនួន ៣១០០លានដុល្លារអាមេរិក បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលបានថ្លែងថា បច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងរៀបចំបន្ថែមទៀតលើការផលិតវីដេអូផ្សព្វផ្សាយ អំពីសក្ដានុពលរបស់កម្ពុជា ក៏ដូចជារៀបចំប្រព័ន្ធបច្ចេកវិទ្យាចុះបញ្ជី គម្រោងវិនិយោគមួយដែលនឹងធ្វើការតភ្ជាប់ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅផ្ដល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធិភាពបន្ថែមទៀតជូនវិនិយោគិន៕