ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យដ៏ល្បីល្បាញមួយបានលើកឡើងថា វិស័យអចលនទ្រព្យពាណិជ្ជកម្មរបស់ប្រទេសចិនកំពុងបង្ហាញសញ្ញាវិជ្ជមានមួយចំនួនឡើងវិញ ក្នុងរយៈពេលប៉ុន្មានខែដំបូងដើមឆ្នាំ២០២៤នេះ។
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានសរសេររៀបរាប់នៅក្នុងរបាយការណ៍មួយថា ថ្លៃជួលទីតាំងលក់រាយសំខាន់ៗនៅទីក្រុងប៉េកាំងបានកើនឡើងក្នុងល្បឿនដ៏លឿនបំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០១៩។
យោងតាមប្រភពពីរបាយការណ៍ខាងលើបានឱ្យដឹងបន្តទៀតថា ថ្លៃជួលនៅទីនោះបានកើនឡើង១,៣ភាគរយ ក្នុងអំឡុងរយៈពេល៣ខែដំបូងដើមឆ្នាំនេះ បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៣។
យោងតាមក្រុមហ៊ុន JLL បានឱ្យដឹងថា តម្រូវការបើកហាងពីសំណាក់ម៉ាកយីហោម្ហូបអាហារ និងភេសជ្ជៈថ្មីៗ រួមទាំងម៉ូដសម្លៀកបំពាក់បរទេស និងក្រុមហ៊ុនរថយន្តអគ្គិសនី បានជំរុញឱ្យការជួលទីតាំងលក់រាយនៅតាមផ្សារទំនើបនានាមានការកើនឡើង។
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យខាងលើរំពឹងថា តម្រូវការទាំងអស់នេះនឹងបន្តកើនឡើងពេញមួយឆ្នាំ២០២៤ ដែលនឹងជួយជំរុញឱ្យការជួល និងថ្លៃជួលស្ទុះងើបឡើងវិញ។
ទីផ្សារអចលនទ្រព្យបែបពាណិជ្ជកម្ម ដែលរួមមានដូចជា អគារការិយាល័យ និងផ្សារទំនើបជាដើម បង្កើតបានជាចំណែកមួយប៉ុណ្ណោះនៃទីផ្សារអចលនទ្រព្យទាំងមូលរបស់ប្រទេសចិន។
យោងតាមក្រុមហ៊ុនផ្តល់ទិន្នន័យហិរញ្ញវត្ថុ Wind Information បានឱ្យដឹងថា បើគិតពីទំហំផ្ទៃក្រឡា ការលក់ការិយាល័យ និងអចលនទ្រព្យផ្សេងទៀត ដែលប្រើប្រាស់ក្នុងគោលបំណងពាណិជ្ជកម្ម បានកើនឡើង១៥% និង១៧% រៀងៗគ្នា នៅក្នុងខែមករា និងខែកុម្ភៈ បើធៀបនឹងឆ្នាំមុន៕ប្រភព:CNBC៕