រដ្ឋាភិបាលឥណ្ឌូនេស៊ីរៀបចំផែនការអភិវឌ្ឍន៍រយៈពេល២០ឆ្នាំខាងមុខសម្រាប់ទីក្រុងហ្សាការតា

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋបាលក្រុងហ្សាការតា កំពុងរៀបចំផែនទីបង្ហាញផ្លូវមួយ ដើម្បីរក្សាតួនាទីរបស់ទីក្រុងហ្សាការតា ក្នុងនាមជាចំណុចស្នូល នៃសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន CNA។

ទីក្រុងហ្សាការតា នឹងត្រូវបាត់បង់ឋានៈជា រដ្ឋធានី ក្រោយពីលោកប្រធានាធិបតី Joko Widodo ចេញក្រឹត្យមួយប្រកាសដាក់ឈ្មោះរដ្ឋធានីជាផ្លូវការថា “Nusantara” ដែលជាគម្រោងខ្នាតយក្សតម្លៃ៣២ពាន់លានដុល្លារអាមេរិក។

-->

សភាឥណ្ឌូនេស៊ី បានកំណត់ឋានៈពិសេស សម្រាប់ទីក្រុងហ្សាកាតា ដើម្បីអនុញ្ញាតឱ្យទីក្រុងនេះ នៅតែអាចប្រកួតប្រជែ ងជាមួយ ទីក្រុងលំដាប់ពិភពលោកផ្សេងទៀត។ ទីក្រុងហ្សាកាតានឹងនៅតែដើរតួនាទី ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងជាមជ្ឈ មណ្ឌលសកល សម្រាប់ពាណិជ្ជកម្ម សេវាកម្ម ហិរញ្ញវត្ថុ និងអាជីវកម្ម។

បច្ចុប្បន្ន រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដែលរៀបរាប់យ៉ាងលម្អិត អំពីផែនការអភិវឌ្ឍន៍រយៈពេលវែងក្នុងទីក្រុងហ្សាការតា សម្រាប់រយៈពេល២០ឆ្នាំខាងមុខ ខណៈការរៀបចំឯកសារ ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បញ្ចប់​រួចរាល់ក្នុង​ឆ្នាំ​នេះ។

លោកស្រី Sri Haryati ជំនួយការផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំ នៅលេខាធិការដ្ឋាន តំបន់រដ្ឋបាលខេត្ត Jakarta បានអះអាងថា “យើងមានចក្ខុវិស័យ ប្រែក្លាយទីក្រុងហ្សាកាតាទៅជាទីក្រុងលំដាប់ថ្នាក់សកលលោក ដែលមានវឌ្ឍនភាព ព្រមទាំងមានការប្រកួតប្រជែង និងមាននិរន្តរភាព”។

លោកស្រីបន្តថា និរន្តរភាព ពិតជាមានសារៈសំខាន់ណា ស់ ព្រោះយើងកំពុងពិភាក្សា អំពីបញ្ហាទាក់ទងនឹងបរិស្ថាន និងការប្រែប្រួលអាកាសធាតុជាដើម។ ដូច្នេះ និរន្តរភាព​គឺ​ជា​អ្វី​ ដែល​ទីក្រុង​ហ្សាការតា ​ត្រូវផ្តោត​យក​ចិត្ត​ទុក​ដាក់​។

លោកស្រីបន្ថែមថា “ធនធាន​មនុស្ស​ នៅ​ទីក្រុង​ហ្សាកាតា​មាន​គុណភាព​ល្អ មានផលិតភាព និង​មានវិបុលភាព។  សេដ្ឋកិច្ច​របស់​ទីក្រុង​ហ្សាការតា​ មិន​ត្រឹម​តែ​រីក​ចម្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មានបរិយាបន្ន មានសមត្ថភាពប្រកួតប្រជែង​ជា​សាកល និង​មាន​និរន្តរភាព”៕ប្រភព:CNA៕