ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ប្រទេសកម្ពុជា និងកូរ៉េនឹងមានការផ្លាស់ប្តូរជាប្រវត្តិសាស្រ្ត តាមរយៈការពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីម៉ូន ជេអ៊ីនមកកម្ពុជារយៈពេលបីថ្ងៃ ដែលបានចាប់ផ្តើមពីថ្ងៃទី ១៤ដល់១៦មិនាខាងមុខ។
នៅថ្ងៃនេះ ប្រធានាធិបតីកូរ៉េខាងត្បូង និងសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាអធិបតីរួមគ្នាក្នុងវេទិកាធុរកិច្ចកម្ពុជា កូរ៉េជាលើកដំបូងនៅកម្ពុជា។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងនៅព្រលប់ថ្ងៃទី១៤ មិនាកន្លងមកថា វេទិកាធុរកិច្ចកម្ពុជា កូរ៉េដែលចាប់ផ្តើមនាថ្ងៃនេះ មានចំណុចវិជ្ជមានជាច្រើន ដែលកូរ៉េកំពុងសហប្រតិបត្តិការជាយុទ្ឋសាស្រ្តយូរអង្វែងតាមរយៈការតភ្ជាប់ការផ្លាស់ប្តូរហិរញ្ញវត្ថុ ការផ្លាស់ប្តូរផ្នែកព៌តមានវិទ្យា ការជួយបណ្តុះបណ្តាលធនធានមនុស្ស និងការជំរុញការធ្វើពាណិជ្ជកម្មទៅវិញទៅមក។ ហេតុនេះយើងសង្ឃឹមថា អ្នកវិនិយោគកូរ៉េនឹងមកវិនិយោគកម្ពុជាកាន់តែច្រើន។
លោកឧកញ៉ាបានបន្តថា “ការមកវិនិយោគនៅកម្ពុជាលើសក្តានុពល និងធនធានកម្ពុជាមានស្រាប់ដែលកម្ពុជាមាននិងមិនទាន់ទាញយកអស់សក្តានុពលមកប្រើប្រាស់អស់នៅឡើយ”។
កម្ពុជាមានសក្តានុពលជាច្រើនដូចជា ផ្នែកទេសចរណ៍ យើងមានតំបន់ឆ្នេរ និងប្រាសាទអង្គរដ៏ល្បីល្បាញ ទី២ ផលិតផលកសិកម្ម ដែលអ្នកវិនិយោគកូរ៉េអាចបង្កើតរោងចក្រកែច្នៃដើម្បីនាំចេញ ទី៣ យើងមានធនធានរ៉ែច្រើន ដែលមិនទាន់កែច្នៃ ដែលអាចទាក់ទាញអ្នកវិនិយោគកូរ៉េចូលមកវិនិយោគ និងទី៤ កូរ៉េកំពុងមានទិសដៅឆ្ពោះមកកាន់តំបន់អាស៊ាន ព្រោះអាស៊ានមានទីផ្សារធំណាស់ ដែលកូរ៉េក៏ជាសមាជិកអាស៊ានបូក អាស៊ានបូកចិនជាដើម។
លោកឧកញ៉ា លឹម ហេង បានបន្តថា “នៅកម្ពុជាមានចិន និងជប៉ុនកំពុងវិនិយោគច្រើននៅកម្ពុជា ហេតុនេះគាត់(កូរ៉េ)មិនអាចនៅស្ងៀមបាននោះទេ គាត់នឹងមកវិនិយោគនៅកម្ពុជា”។
ជាមួយគ្នានេះលោក ឈាង វណ្ណារិទ្ឋ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកម៉ូន ជេអ៊ីនជាការឆ្លុះបញ្ជាំងទំនាក់ទំនងដ៏ល្អលើវិស័យសេដ្ឋកិច្ច កាទូតរវាងប្រទេសទាំងពីរ ព្រោះលោកម៉ូន ជេអ៊ីនបានជ្រើសរើសប្រទេសតែ៣ប៉ុណ្ណោះក្នុងតំបន់អាស៊ាន ដើម្បីធ្វើទស្សនកិច្ច។
ជាមួយគ្នានេះ ប្រទេសកូរ៉េបានជាប់ជាប្រទេសឈានមុខគេរួចទៅហើយ ដែលអ្នកវិនិយោគមកពីប្រទេសនេះបានផ្លាស់ប្តូរមុខមាត់កម្ពុជា តាមរយៈការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក យិន លាងគង់ បានមានប្រសាសន៍ថា វត្តមានលោកម៉ូន ជេអ៊ីនមិនត្រឹមតែជាការផ្តល់ភាពកក់ក្តៅសំរាប់ទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនោះទេ តែដំណើរទស្សនកិច្ចនេះក៏ជាការលើកទឹកចិត្តអ្នកវិនិយោគកូរ៉េ ឲ្យបន្តនិងបង្កើនការវិនិយោគនៅកម្ពុជាច្រើនថែមទៀត ព្រោះកាលពីកំឡុង១ទសវត្សរ៍កន្លងមក អ្នកវិនិយោគកូរ៉េបានឈរលំដាប់លេខ១ ក្នុងការវិនិយោគលើវិស័យសំណង់ និងអចលនវត្ថុកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ មុនពេលអ្នកវិនិយោគចិនមកឈរចំណាត់ថ្នាក់លេខ១ក្នុងវិស័យនេះវិញ។
លោកបន្តថា ក្រុមហ៊ុនកូរ៉េធំៗជាច្រើននៅតែបង្ហាញវត្តមានវិនិយោគក្នុងវិស័យនេះនៅកម្ពុជា ដូចជាក្រុមហ៊ុន YUNWOO ដែលកំពុងសាងសង់បញ្ចប់អាគារ ៤២ជាន់ ក្រុមហ៊ុនBOOYOUNG កំពុងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋាននៅលើមហាវិថីសហព័ន្ឋរុស្ស៊ី ក្រុមហ៊ុន World City កំពុងសាងសង់ទីក្រុងរណប CAMKO CITY ជាដើម។
លោកបន្តថា “តាមរយៈដំណើរទស្សនកិច្ចនេះ ខ្ញុំរំពឹងថាអ្នកវិនិយោគកូរ៉េនឹងបន្តមកវិនិយោគកាន់តែច្រើននៅកម្ពុជាបន្ថែមទៀត ពិសេសវិស័យសំណង់និងអចលនទ្រព្យ”។
លើកឡើងស្រដៀងគ្នានេះ លោកឧកញ៉ាពុង ឃាវសែប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន OCIC បានមានប្រសាសន្យដឹងបន្ទាប់ពីចុះកិច្ចព្រមព្រៀងជាមួយសមាគមពាណិជ្ជកម្មក្រៅប្រទេសកូរ៉េ (KOTRA) កាលពីថ្ងៃទី១៤ មិនាកន្លងមកថា ក្រុមហ៊ុនសាងសង់កូរ៉េនឹងបន្តងាកមកវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត បន្ទាប់ពីពួកគេបានចាកចេញ ក្រោយពេលវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាកលឆ្នាំ២០០៨ កន្លងមកនេះ។
លោកឧកញ៉ាបានបន្តថា “នៅក្រោយពីចុះហត្ថលេខាលើអនុសារណៈកិច្ចព្រមព្រៀងរវាងសមាគមអ្នកសាងសង់កម្ពុជា (CCA) និងទីភ្នាក់ងារលើកកំពស់ពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) ថ្ងៃទី១៤ ខែមីនានេះថា នៅពេលឆាប់ៗនេះ កម្ពុជានឹងទទួលក្រុមហ៊ុនវិនិយោគសាធារណរដ្ឋកូរ៉េ នឹងមកបណ្តាក់ទុនវិនិយោគច្រើនឡើងវិញ”។
លោកឧកញ៉ា ពុង ឃាវសែ បានបន្តថា កាលពីអំឡុងបណ្តាប្រទេសលើពិភពលោក បានជួបវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨ មានក្រុមហ៊ុន និងអ្នកវិនិយោគទុនកូរ៉េមួយចំនួនធំ បានផ្អាកការវិនិយោគនៅកម្ពុជា ហើយត្រឡប់ទៅប្រទេសគេវិញ ហើយពេលនេះបណ្តាអ្នកវិនិយោគទាំងនោះ បានកំពុងត្រឡប់មកស្វែងរកការវិនិយោគទុនឡើងវិញ ខណៈស្ថានភាពសេដ្ឋកិច្ចកម្ពុជា កំពុងរក្សាកំណើន៧ភាគរយ៕