តើទីផ្សារអចលនទ្រព្យសកលនឹងទទួលផលវិជ្ជមានឬយ៉ាងណាពីគោលនយោបាយរបស់ធនាគារកណ្តាលធំៗ?
ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យសកល ត្រូវបានក្រុមអ្នកជំនាញរំពឹងថា នឹងទទួលបានផលវិជ្ជមាន ពីការបញ្ចុះអត្រាការប្រាក់ របស់ធនាគារកណ្តាលធំៗនៅលើពិភពលោក ដោយទាក់ទាញលំហូរសាច់ប្រាក់ របស់អ្នកវិនិយោគត្រលប់មកវិញ។
វិស័យអចលនទ្រព្យសកល បានរីកចម្រើននៅក្នុងទសវត្សរ៍ ក្រោយវិបត្តិហិរញ្ញវត្ថុពិភពលោក។ ប៉ុន្តែវិស័យនេះបានប្រែក្លាយជាបញ្ហា ប្រឈមដ៏ធំបំផុតមួយ បន្ទាប់ពីធនាគារកណ្តាលនានាបានដំឡើងអត្រាការប្រាក់។
នៅពេលនេះ ធនាគារកណ្តាលធំៗ ដូចជា ធនាគារកណ្តាលអឺរ៉ុប ធនាគារកណ្ដាលអង់គ្លេស ធនាគារកណ្តាលស្វីស និងធនាគារកណ្ដាលស៊ុយអែត កំពុងកាត់បន្ថយអត្រាការប្រាក់ ដោយធ្វើឱ្យប្រជាជនមានលទ្ធភាពខ្ចីប្រាក់។ ទន្ទឹមនោះ ធនាគារកណ្តាលអាមេរិក គ្រោងបញ្ចុះអត្រាការប្រាក់ នៅខែកញ្ញានេះ។
ប៉ុន្តែបណ្តាថ្នាក់ដឹកនាំប្រតិបត្តិ ក្នុងវិស័យអចលនទ្រព្យ និងមន្ដ្រីធនាគារអះអាងថា វិស័យអចលនទ្រព្យនឹងមិនប្រសើរឡើងលឿនឆាប់រហ័សនោះទេ។
លោក Andrew Angeli ប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យសកលនៅក្រុមហ៊ុន Zurich Insurance លើកឡើងថា “យើងមិនទាន់ឆ្លងផុតឧបសគ្គលំបាកនៅឡើយ ខណៈវិស័យនេះហាក់មិនអាចស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនោះទេ”។
វិបត្តិទីផ្សារការិយាល័យ មានសភាពស្រួចស្រាវ ដោយសារការជះឥទ្ធិពល ពីការកើនឡើងថ្លៃដើមលើការខ្ចីប្រាក់ និងការបំពេញការងារពីផ្ទះ ខណៈផលប៉ះពាល់កំពុងរាលដាល ទៅក្នុងទីផ្សារលំនៅដ្ឋាន។
លោក Brian Walker ប្រធានក្រុមហ៊ុនអចលនទ្រព្យ NAI Burns Scalo ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានអះអាងថា “មនុស្សមួយចំនួននឹងនិយាយថា ទីផ្សារការិយាល័យធ្លាក់ចុះដល់បាត”។ លោកបន្ថែមថា “ប៉ុន្តែខ្ញុំមិនដឹងថា តើអ្នកអាចនិយាយបែបនោះ បានដោយរបៀបណាទេ ខណៈអគារការិយាល័យជាច្រើន ចាប់ផ្តើមត្រូវបានធនាគាររឹបអូស”។
យោងតាមរបាយការណ៍ របស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យសកល JLL បានប៉ាន់ប្រមាណថា បំណុលអចលនទ្រព្យពាណិជ្ជកម្មសរុប ទូទាំងពិភពលោកចំនួន២,១ទ្រីលានដុល្លារ នឹងត្រូវដល់កាលកំណត់ ទូទាត់សងវិញនៅឆ្នាំនេះ និងឆ្នាំក្រោយ។
បន្ថែមលើសពីនេះ បណ្តាធនាគារតូចៗមួយចំនួន ដែលបានផ្តល់ប្រាក់កម្ចី យ៉ាងច្រើនលើសលប់ ចូលទៅកាន់ទីផ្សារក្នុងកំឡុងពេល វិស័យអចលនទ្រព្យរីកចម្រើន ឥឡូវនេះកំពុងស្ថិតក្រោមការគំរាមកំហែង៕ប្រភព: Reuters៕