តើទីផ្សារអចលនទ្រព្យសកលនឹងទទួលផលវិជ្ជមានឬយ៉ាងណាពីគោលនយោបាយរបស់ធនាគារកណ្តាលធំៗ?

0

តើទីផ្សារអចលនទ្រព្យសកលនឹងទទួលផលវិជ្ជមានឬយ៉ាងណាពីគោលនយោបាយរបស់ធនាគារកណ្តាលធំៗ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារអចលនទ្រព្យសកល ត្រូវបានក្រុមអ្នកជំនាញរំពឹងថា នឹងទទួលបានផលវិជ្ជមាន ពីការបញ្ចុះអត្រាការប្រាក់ របស់ធនាគារកណ្តាលធំៗនៅលើពិភពលោក ដោយទាក់ទាញលំហូរសាច់ប្រាក់ របស់អ្នកវិនិយោគត្រលប់មកវិញ។

វិស័យអចលនទ្រព្យសកល បានរីកចម្រើននៅក្នុងទស​វត្សរ៍ ក្រោយវិបត្តិហិរញ្ញវត្ថុពិភពលោក។ ប៉ុន្តែវិស័យនេះបានប្រែក្លាយជាបញ្ហា ប្រឈមដ៏ធំបំផុតមួយ បន្ទាប់ពីធនាគារកណ្តាលនានាបានដំឡើងអត្រាការប្រាក់។

នៅពេលនេះ ធនាគារកណ្តាលធំៗ ដូចជា ធនាគារកណ្តាលអឺរ៉ុប ធនាគារកណ្ដាលអង់គ្លេស ធនាគារកណ្តាលស្វីស និងធនាគារកណ្ដាលស៊ុយអែត កំពុងកាត់បន្ថយអត្រាការប្រាក់ ដោ​យធ្វើឱ្យប្រជាជនមានលទ្ធភាពខ្ចីប្រាក់។ ទន្ទឹមនោះ ធនាគា​រកណ្តាលអាមេរិក គ្រោងបញ្ចុះអត្រាការប្រាក់ នៅខែកញ្ញានេះ។

ប៉ុន្តែបណ្តាថ្នាក់ដឹកនាំប្រតិបត្តិ ក្នុងវិស័យអចលនទ្រព្យ និងមន្ដ្រីធនាគារអះអាងថា វិស័យអចលនទ្រព្យនឹងមិនប្រសើរឡើងលឿនឆាប់រហ័សនោះទេ។

លោក Andrew Angeli ប្រធាន​ផ្នែក​ស្រាវជ្រាវ​អចលនទ្រព្យ​សកល​នៅ​ក្រុមហ៊ុន Zurich Insurance លើកឡើងថា “​យើង​មិន​ទាន់​ឆ្លងផុតឧបសគ្គលំបាកនៅឡើយ ខណៈវិស័យនេះហាក់មិនអាចស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនោះទេ”។

វិបត្តិទីផ្សារការិយាល័យ មានសភាពស្រួចស្រាវ ដោយសា​រការជះឥទ្ធិពល ពីការកើនឡើងថ្លៃដើមលើការខ្ចីប្រាក់ និងការបំពេញការងារពីផ្ទះ ខណៈផលប៉ះពាល់កំពុងរាលដាល ទៅក្នុងទីផ្សារលំនៅដ្ឋាន។

លោក Brian Walker ប្រធានក្រុមហ៊ុនអចលនទ្រព្យ NAI Burns Scalo ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានអះ​អាងថា “មនុស្សមួយចំនួននឹងនិយាយថា ទីផ្សារការិយាល័យធ្លាក់ចុះដល់បាត”។ លោកបន្ថែមថា “ប៉ុន្តែខ្ញុំមិនដឹងថា តើអ្នកអាចនិយាយបែបនោះ បានដោយរបៀបណាទេ ខណៈ​អគារ​ការិយាល័យ​ជា​ច្រើន​ ចាប់ផ្តើមត្រូវ​បាន​ធនាគារ​រឹបអូស”។

យោងតាមរបាយការណ៍ របស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យសកល JLL បានប៉ាន់ប្រមាណថា បំណុលអចលនទ្រព្យពាណិជ្ជកម្មសរុប ទូទាំងពិភពលោកចំនួន២,១ទ្រីលានដុល្លារ នឹងត្រូវដល់កាលកំណត់ ទូទាត់សងវិញនៅឆ្នាំនេះ និងឆ្នាំក្រោយ។

បន្ថែមលើសពីនេះ បណ្តាធនាគារ​តូចៗ​មួយ​ចំនួន​ ដែល​បាន​ផ្តល់ប្រាក់កម្ចី យ៉ាងច្រើនលើសលប់ ចូលទៅ​កាន់ទីផ្សារ​ក្នុងកំឡុងពេល វិស័យអចលនទ្រព្យ​រីក​ចម្រើន​ ឥឡូវ​នេះ​កំពុង​ស្ថិត​ក្រោម​ការ​គំរាមកំហែង៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here