បណ្តាប្រទេសក្នុងតំបន់អាស៊ានសម្រេចបានវឌ្ឍនភាពយឺតយ៉ាវក្នុងការឆ្ពោះទៅរកថាមពលស្អាត

0

ដោយ: គង់ លាងហួរ
អន្តរជាត: បណ្តាប្រទេសនៅក្នុងតំបន់អាស៊ានត្រូវបានគេរំពឹងថា នឹងបង្កើនការដោះដូរពាណិជ្ជកម្ម និងការប្រើប្រាស់ធ្យូងថ្មក្នុងទសវត្សរ៍នេះ ខណៈតម្រូវការនៅប្រទេសចិនកាន់តែខិតជិតដល់ចំណុចនៃកម្រិតកំពូល។

សមាគមអ្នកជីករ៉ែធ្យូងថ្មឥណ្ឌូនេស៊ី (ICMA) បានរំពឹងថា ការនាំចូលធ្យូងថ្មទៅកាន់ប្រទេសចិន និងឥណ្ឌានឹងហក់ឡើងដល់កម្រិតកំពូលនៅឆ្នាំ២០២៥ខាងមុខ។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារពត៌មាន Reuters។

ទោះជាយ៉ាងណា សមាគម ICMA រំពឹងថា ការនាំចូលធ្យូងថ្មប្រចាំឆ្នាំដោយបណ្តាប្រទេសអាស៊ាន ដូចជាវៀតណាម និងហ្វីលីពីននឹងកើនឡើងជិត៣ភាគរយគិតជាមធ្យមក្នុងមួយឆ្នាំដល់១៧០,៩លានតោនក្នុងឆ្នាំ២០៣០ បើធៀបនឹងចំនួន១៤០,៩លានតោនក្នុងឆ្នាំ២០២៣។

ការផលិតថាមពលអគ្គិសនីដើម្បីបំពេញតម្រូវការនៅក្នុងប្រទេសវៀតណាម ត្រូវបានគេមើលឃើញថា ជាទីផ្សារកំណើនដ៏ជោគជ័យបំផុតសម្រាប់ធ្យូងថ្ម ខណៈបច្ចុប្បន្ន វៀតណាមជាប្រទេសមានកំណើនសេដ្ឋកិច្ចជឿនលឿនបំផុតមួយក្នុងតំបន់។

ចំណែក ការនាំចូលធ្យូងថ្មដោយប្រទេសហ្វីលីពីនបានកើនឡើង៧,៦ភាគរយក្នុងរយៈពេល៨ខែដំបូងឆ្នាំ២០២៤ ខណៈការនាំចូលរបស់ម៉ាឡេស៊ីបានកើនឡើង៤ភាគរយ។

បណ្តាប្រទេសអាស៊ានត្រូវបានគេរំពឹងថា នឹងចូលមកជំនួសប្រទេសចិន និងឥណ្ឌាក្នុងនាមជាទីផ្សារដ៏ធំសម្រាប់ក្រុមហ៊ុននាំចេញធ្យូងថ្ម។ ប៉ុន្តែ ក្រុមមន្ត្រីឧស្សាហកម្មនៅតែរំពឹងថា ការប្រើប្រាស់នៅក្នុងប្រទេសចិន និងឥណ្ឌានឹងនៅតែមានកម្រិតខ្ពស់។

បច្ចុប្បន្ន ប្រទេសម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូនេស៊ី ស្ថិតក្នុងចំណោមបណ្តាប្រទេសផលិតថាមពលកកើតឡើងវិញបានក្នុងទំហំទាបបំផុត និងដើរយឺតយ៉ាវខ្លាំងបើធៀបនឹងបណ្តាប្រទេសផលិតថាមពលបៃតងធំៗ ដូចជាប្រទេសចិន និងឥណ្ឌា៕ប្រភព:Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here