តម្រូវការអចលនទ្រព្យឧស្សាហកម្មនៅតំបន់ភាគខាងកើតរដ្ឋធានីហ្សាការតារបស់ឥណ្ឌូនេសុីមានសន្ទុះខ្លាំង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL រំពឹងថា សក្ដានុពលទីផ្សារអចលនទ្រព្យឧស្សាហកម្មនៅក្នុងរដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូនេសុីនឹងផ្លាស់ប្តូរ ស្របពេលមានការបណ្តាក់ទុនរួមគ្នា ការទិញយកដី និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ចម្រុះ។

ក្នុងនោះ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានព្យាករណ៍ថា តំបន់ភាគខាងកើតរដ្ឋធានីហ្សាការតានឹងមានកំណើនតម្រូវការអចលនទ្រព្យឧស្សាហកម្ម ជាពិសេសពី វិស័យផលិតកម្ម និងរថយន្តអគ្គិសនី (EV) រហូតដល់ដំណាច់ឆ្នាំ២០២៥។

ការផ្គត់ផ្គង់អចលនទ្រព្យឧស្សាហកម្មថ្មីនៅរដ្ឋធានីនេះត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ចំនួន០,៨លានម៉ែត្រការ៉េនៅឆ្នាំ២០២៧ខាងមុខ។ឥណ្ឌូនេសុីមានគោលបំណងទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) កាន់តែច្រើនចូលក្នុងវិស័យផលិតកម្ម។

យោងតាមរបាយ​ការណ៍​របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បាន​បញ្ជាក់ឱ្យដឹងបន្ថែម​ថា សួន​ឧស្សាហកម្ម​នឹងត្រូវបានកែលម្អ​ឱ្យប្រសើរ​ឡើង​ក្នុងគោលបំណងដើម្បី​បំពេញ​តម្រូវ​ការ​ថ្មី។

ក្រុមហ៊ុនចិននានាបានស្វែងរកទីតាំងផលិតកម្ម ជាពិសេសការជួលរោងចក្រ ហើយឃ្លាំងទំនើបមួយចំនួនបានបំពេញតម្រូវការនេះប្រកបដោយជោគជ័យដោយផ្តល់នូវការកែតម្រូវ និងការកែប្រែចាំបាច់ដើម្បីបំពេញតាមតម្រូវការរបស់ក្រុមហ៊ុនទាំងនេះ។

តំបន់ភាគខាងកើតនៃទីក្រុងហ្សាការតាបានក្លាយជាមជ្ឈមណ្ឌលផលិតកម្មរថយន្ត EV ដែលជំរុញឱ្យមានកំណើនតម្រូវការឃ្លាំង។ ការប្រកួតប្រជែងលើទីផ្សារមានសភាពកាន់តែខ្លាំងឡើងក្នុងចំណោមម្ចាស់ឃ្លាំង ឬម្ចាស់រោងចក្រមួយចំនួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here