ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក Sarbananda Sonowal រដ្ឋមន្ត្រីក្រសួងសហភាពឥណ្ឌា បានបង្ហើបឱ្យដឹងថា ប្រទេសឥណ្ឌាគ្រោងនឹងបង្កើតតំបន់សួនសាងសង់កប៉ាល់ខ្នាតយក្សចំនួន៤ទីតាំង។ ប៉ុន្តែ ក្នុងដំណាក់កាលដំបូង ឥណ្ឌាគ្រោងដាក់ឱ្យដំណើរការចំនួន២ទីតាំងនៅត្រឹមឆ្នាំ២០៣០។
ការប្រកាសបង្កើតតំបន់សាងសង់កប៉ាល់របស់ឥណ្ឌាមានគោលបំណង ដើម្បីចាប់យកចំណែកទីផ្សារផលិតកប៉ាល់នៅលើពិភពលោកដែលមានទំហំទឹកប្រាក់ចំនួន១០០ពាន់លានដុល្លារអាមេរិក។
តំបន់ទាំង៤អាចមានទីតាំងនៅរដ្ឋចំនួន៤ រួមមាន រដ្ឋ Gujarat រដ្ឋ Maharashtra រដ្ឋ Odisha និងរដ្ឋ Andhra Pradesh។នេះបើយោងតាមសម្តីរបស់លោកSarbananda Sonowal ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារពត៌មាន Economic Times។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា បណ្តារដ្ឋនានាបានក្រើនរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេសម្រាប់គម្រោងសាងសង់កប៉ាល់ នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍រដ្ឋដែនសមុទ្រលើកទី២០ (MSDC)។
លោក Sonowal បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា នៅតំបន់ឆ្នេរភាគខាងលិច និងឆ្នេរភាគខាងកើតនៃប្រទេសឥណ្ឌានៅឆ្នាំ២០៣០ នឹងក្លាយជាតំបន់ប្រតិបត្តិការសាងសង់កប៉ាល់ខ្នាតយក្ស។
យោងតាមផែនការបានឱ្យដឹងថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi គ្រោងនឹងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដូចជាផ្លូវថ្នល់ ការអភិវឌ្ឍន៍ដី និងប្រព័ន្ធប្រើប្រាស់ដូចជា ថាមពល និងទឹក ខណៈវិស័យឯកជននឹងផ្តល់ឧបករណ៍សម្ភារៈសំខាន់ៗដូចជា ម៉ាសុីនស្ទូច ម៉ាស៊ីនលើកដាក់ទំនិញ និងម៉ាសុីនកាត់ដែក។
គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនសមត្ថភាពនៃឧស្សាហកម្មផលិតកប៉ាល់របស់ប្រទេសឥណ្ឌា និងអនុញ្ញាតឱ្យមានការសាងសង់នាវាធំៗដែលមានសមត្ថភាពដឹកទំនិញចំណុះ៣លានតោន បើធៀបនឹងចំណុះអតិបរមាបច្ចុប្បន្នចំនួន១,២៥លានតោន។
លោក Sonowal ក៏បានគូសបញ្ជាក់ឱ្យដឹងផងដែរថា សួនឧស្សាហកម្មទាំងនេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារបន្ថែមទៀតសម្រាប់ប្រជាជនឥណ្ឌា។
លោក Sonowal បន្ថែមថា បច្ចុប្បន្ននេះ វិវាទទាក់ទងនឹងការដឹកជញ្ជូនភាគច្រើនត្រូវបានវិនិច្ឆ័យដោះស្រាយនៅទីក្រុងឡុងដ៍ ទីក្រុងសិង្ហបុរី និងទីក្រុងហុងកុង ខណៈសមត្ថភាពដោះស្រាយវិវាទតាមដែនសមុទ្ររបស់ប្រទេសឥណ្ឌាមាននៅមានកម្រិតនៅឡើយ៕ប្រភព: Economic Times៕