ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Travelers International Hotel Group របស់លោកមហាសេដ្ឋីហ្វីលីពីនដើមកំណើតចិន Andrew Tan គ្រោងបណ្តាក់ទុនប្រហែល៤០០លានដុល្លារ ដើម្បីបង្កើតរមណីយដ្ឋានកាសុីណូថ្មីមួយនៅខេត្តសេប៊ូ(Cebu)ប្រទេសហ្វីលីពីន។
លោក Kevin Tan នាយកប្រតិបត្តិក្រុមហ៊ុន Alliance Global Group ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Travelers International Hotel Group និងត្រូវជាកូនប្រុសរបស់លោក Andrew Tan បានលើកឡើងថា ក្រុមហ៊ុនកំពុងរៀបចំផែនការចាប់ផ្តើមសាងសង់គម្រោងនេះនៅឆមាសទីមួយនៃឆ្នាំក្រោយ។
លោក Tan បានថ្លែងក្នុងបទសម្ភាសន៍មួយនៅខាងក្រៅកិច្ចប្រជុំកំពូល Inside Asian Game ថា “យើងគ្រោងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗនេះ ហើយរមណីយដ្ឋាននេះនឹងមានទីតាំងស្ថិតនៅសង្កាត់ Mactan Newtown នៃទីក្រុង Lapu-Lapu ក្នុងខេត្ត Cebu របស់យើង”។
យោងតាមលោក Tan បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកជិតទទួលបានអាជ្ញាប័ណ្ណហើយ ខណៈគម្រោងនេះបានកំណត់គោលដៅចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មនៅចុងឆ្នាំ២០២៦ខាងមុខ។
គម្រោងសាងសង់អគាររមណីយដ្ឋានកាសុីណូនេះ នឹងរួមមានទាំងទីតាំងលេងហ្គេម ហាងលក់អាហារ និងភេសជ្ជៈ វីឡា និងសណ្ឋាគារលំដាប់ផ្កាយប្រាំ។
ការប្រកាសគម្រោងសាងសង់កាសុីណូនៅខេត្ត Cebu នាពេលខាងមុខ កើតឡើង បន្ទាប់ពីក្រុមហ៊ុនTravelers International Hotel Group បានទទួលជោគជ័យពីការបើកអាជីវកម្មកាសុីណូឈ្មោះ “Newport World Resorts” នៅទីក្រុង Pasay។
លើសពីនេះ បច្ចុប្បន្ន ក្រុមហ៊ុនក៏កំពុងសម្រុកសាងសង់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ Mactan Expo ដែលមានកៅអីសម្រាប់ទស្សនិកជនចំនួន២.៥០០កៅអី។ មជ្ឈមណ្ឌលនេះមានទីតាំងនៅជាប់នឹងសណ្ឋាគារដែលមានស្រាប់ចំនួន២ នៅខាងក្នុងសង្កាត់ Mactan Newtown ដូចគ្នា៕ប្រភព:Philstar៕