ដោយ គង់ សូរិយា
ភ្នំពេញ៖ ស្របពេលពិភពលោកបានផ្លាស់ប្តូរអាកាសធាតុ ដែលធ្វើឱ្យកំដៅក្នុងបរិយាកាសកើនឡើង ការសាងសង់លំនៅដ្ឋានសម្រាប់រស់នៅ ក៏ត្រូវមានការផ្លាស់ប្តូរដើម្បីកាត់បន្ថយកំដៅក្នុងគេហដ្ឋាន និងទទួលបានបរិយាកាសក្នុងលំនៅដ្ឋានកាន់តែមានផាសុខភាពក្នុងការរស់នៅ។
លោកសាស្រ្តាចារ្យ ទួស សាភឿន អគ្គលេខាធិការរងនៃគណស្ថាបត្យករកម្ពុជា និងជាស្ថាបត្យករកម្រិតអាស៊ាន បានមានប្រសាសន៍ឱ្យដឹងកាលពីដើមសប្តាហ៍នេះថា ការសាងសង់លំនៅដ្ឋាន ពិសេសបុរី ឬសំណង់ផ្ទះល្វែង អ្នកដើរតួសំខាន់ជាងគេដំបូងគឺអ្នករៀបចំប្លង់មេ (Master Plan) របស់គម្រោង ព្រោះគម្រោងមួយងាប់រស់គឺអ្នករៀបចំ Master Planនេះហើយ ដែលជាអ្នកកំណត់បរិយាកាសក្នុងតំបន់ ឬលំនៅដ្ឋានមានផាសុខភាព។លោកបន្តថា ដូចគ្នានឹងការសាងសង់សណ្ឋាគារដែរ ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំទាក់ទងនិយាមកំណត់ការសាងសង់ ដោយជំរុញឱ្យមានការដាំដើមឈើ និងមានគំលាតអាគារពីមួយទៅមួយតាមស្តង់ដាបច្ចេកទេសផងដែរ។
លោកបន្តថា “ដើម្បីឱ្យលំនៅដ្ឋានមានផាសុខភាព និងផ្តល់បរិយាកាសរស់នៅមានភាពមនោរម្យ ម្ចាស់បុរីត្រូវទុក១៥ ទៅ៣០ភាគរយនៃបរិវេណបុរីសម្រាប់ដាំដើមឈើ និងគម្លាតពីលំនៅដ្ឋាន១ ទៅ១តាមស្តង់ដាបច្ចេកទេស”។ លោកបន្តថា “ស្ថាបត្យករនិងអ្នកឌីសាញមួយចំនួន តែងតែក្បត់សម្តីគ្រូ ឬមិនធ្វើតាមការណែនាំរបស់ក្រសួង”។
លោកសាស្រ្តាចារ្យទួស សាភឿនបានបន្តថា អ្នកសាងសង់លំនៅដ្ឋានឯកជន គួរទុកដីទនេរនៅមុខផ្ទះចន្លោះ៦ទៅ៨ម៉ែត្រ សល់ក្រោយផ្ទះនិងចំហៀងផ្ទះឱ្យបានពី២ទៅ៣ម៉ែត្រ មានដាំដើមឈើក្នុងបរិវេណផ្ទះ”។ លោកបន្តថា “ផ្ទះនិមួយៗ ពិសេសផ្ទះវីឡាគួរ មានអាងទឹកនៅខាងមុខឬចំហៀងផ្ទះ និងត្រូវមានបំពង់ពន្លឺ ដែលអាចជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងធ្វើឱ្យមានខ្យល់ចូលក្នុងបរិវេណផ្ទះបានល្អ”។
លោកបានលើកជាឧទាហរណ៍ជាក់ស្តែងថា លោកវីរស្ថាបត្យករវណ្ណ ម៉ូលីវណ្ណ នៅពេលសាងសង់ពហុកីឡាដ្ឋានអូរឡាំពិក លោកបានសាងសង់ឱ្យមានអាងទឹកព័ទ្ឋជុំវិញស្តាតនេះ ទើបបរិយាកាសក្នុងពហុកីឡាដ្ឋាននេះមានភាពត្រជាក់។ វាប្រៀបដីដូចជាសម្លក្តៅ នៅពេលយើងយកស្លាបព្រាទៅដួស ហើយផ្លុំ ដែលធ្វើឱ្យសម្លត្រជាក់អាចញុំាបាន ដូចគ្នានឹងការសាងសង់អាងទឹកជុំវិញផ្ទះ ពេលខ្យល់បក់មកប៉ះនឹងទឹក ធ្វើឱ្យខ្យល់ត្រជាក់ហើយនៅពេលបក់ចូលក្នុងផ្ទះ ធ្វើឱ្យបរិយាកាសក្នុងផ្ទះមានភាពត្រជាក់មនោរម្យ៕