ស្វែងយល់​ពី​ចំណុច​ទាំង៤នេះ​ ​ដើម្បី​ទិញ​ដី​បាន​ចំណេញ​លឿន​

0

ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ការទិញ​ដី​ដើម្បី​ទទួល​បានផល​ចំណេញ​ ​មិនមែន​ជា​រឿង​ងាយ​នោះ​ទេ​ ​តែ​ក៏​មិន​លំបាក​រហូត​មក​អាច​ធ្វើ​បានទេ​ ​ហេតុនេះ​ការសិក្សា​លើ​ចំណុច​ទាំង៤ខាងក្រោម​នេះ​ ​នឹង​ផ្តល់​ឲ្យ​អ្នក​វិនិយោគ​នូវ​មូលដ្ឋាន​ជាច្រើន​ ​ដើម្បី​វិភាគ​មុន​ធ្វើការ​សម្រេចចិត្ត​។​

​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​សមាគម​ជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោក​ ​យិន​ ​លាង​គង់​ បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ​ការ​វិនិយោគ​លើ​អ្វីមួយ​សុទ្ឋ​តែ​មាន​ហានិភ័យ​ ​ប៉ុន្តែ​ការ​វិនិយោគ​ដោយ​ប្រើប្រាស់​ចំណេះដឹង​ ​ជា​មូលដ្ឋាន​ ​និង​ព៌​ត​មាន​គ្រប់ជ្រុងជ្រោយ​ពិតជា​អាច​កាត់បន្ថយ​ហានិភ័យ​បាន​។​ ​តើ​ការ​វិនិយោគ​បែប​ណា​អាច​កាត់បន្ថយ​ហានិភ័យ​?​។​

​ទិញ​ដីធ្លី​នៅ​តំបន់​មាន​ប្រជាជន​រស់នៅ​ច្រើន​

​អចលនទ្រព្យ​ឡើងថ្លៃ​ ​ពិតជា​អាស្រ័យ​លើក​ត្តា​ប្រជា​សាស្រ្ត​ ​ព្រោះ​ការ​ឡើងថ្លៃ​ដីធ្លី​ ​ឬ​អចលនទ្រព្យ​ដទៃ​ពិតជា​ទាក់ទង​នឹង​ចរន្ត​មនុស្ស​។​ ​នៅ​ទីណា​មាន​មនុស្ស​រស់នៅ​ច្រើន​ទីនោះ​នឹង​មាន​សកម្មភាព​អាជីវកម្ម​ច្រើន​ ​ធ្វើឲ្យ​ចរន្ត​សេដ្ឋកិច្ច​តំបន់​នោះ​រីកចម្រើន​។​

​គេ​មិន​អាច​ទៅ​ទិញ​ដី​កណ្តាល​ព្រៃ​ ​ដែល​គ្មាន​មនុស្ស​រស់នៅ​ដើម្បីឲ្យ​តម្លៃ​ដី​កើនឡើង​ ​និង​ទទួល​បាន​ប្រាក់ចំណេញ​នោះ​ទេ​។​

​ឧស្សាហ៍​អាន​ព័ត៌មាន​ ​

​នៅពេល​យើង​អាន​ព័ត៌មាន​ច្រើន​ ​យើង​នឹង​ទទួល​បាន​ព័ត៌មាន​ច្រើន​ពី​ការអភិវឌ្ឍន៍​ ​ពី​ផែនការ​របស់​រដ្ឋាភិបាល​ទាក់ទង​នឹង​ការ​កសាង​ផ្លូវ​ ​កសាង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ឬ​គំរោង​អ​ភិ​វ​ឌ្ឈ​ន៍​របស់​រដ្ឋាភិបាល​ជាច្រើន​ទៀត​។​ ​នៅពេល​យើង​មានចំណេះ​ដឹង​ ​មាន​ព័ត៌មាន​ក្នុង​ដៃ​គ្រប់គ្រាន់​ហើយ​ ​មូលដ្ឋាន​នៃ​ការសម្រេច​ចិត្ត​របស់​យើង​ ​គឺ​មាន​ភាព​ត្រឹមត្រូវ​ជាជាង​ការ​វិនិយោគ​ដោយ​ប្រថុយប្រថាន​ ​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​។​

​ព័ត៌មាន​ដែល​អាច​ទុកចិត្ត​បាន​ ​ប្រកបដោយ​ក្រមសីលធម៌​ ​ពិតជា​មូលដ្ឋាន​សំខាន់​ ​ដែល​អ្នក​វិនិយោគ​ត្រូវ​អាន​ ​ដើម្បី​យក​មក​ធ្វើជា​មូលដ្ឋាន​សំរាប់​ពិចារណា​ឲ្យបាន​គ្រប់​ជ្រុង​ ​ជ្រោយ​មុន​សម្រេចចិត្ត​ទិញ​ដី​នៅ​តំបន់​ណាមួយ​។​

​ឧទាហរណ៍​នៅ​តំបន់​ផ្លូវជាតិ​លេខ៥៥​ ​ពីមុន​ដី​នៅ​តំបន់​នោះ​គ្មាន​ហាងឆេង​ ​និង​គ្មាន​អ្នកចាប់​អារម្មណ៍​ទេ​ ​ប៉ុន្តែ​ក្រោយពេល​សាងសង់​ផ្លូច​រួច​ ​ដី​នៅ​តាម​តំបន់​នោះ​បាន​ឡើងថ្លៃ​យ៉ាង​គំហុក​ ​ហេតុនេះ​បើ​យើ​ងនឹងព៌​ត​មាន​ពី​ការសាងសង់​ផ្លូវ​ ​ហើយ​យើង​ទិញ​នៅពេល​ផ្លូវ​ចាប់ផ្តើម​សាងសង់​ ​ច្បាស់​ណាស់​យើង​នឹង​រក​ផល​ចំណេញ​បាន​លឿន​ ​និង​បាន​ឆាប់រហ័ស​។​

​តាមដាន​គោលនយោបាយ​របស់​រដ្ឋាភិបាល​

​រដ្ឋាភិបាល​តែងតែមាន​ចេញ​គោលនយោបាយ​ជាបន្តបន្ទាប់​ ​រៀងរាល់​ ​៣ទៅ​ ​៥ឆ្នាំ​ម្តង​ ​ដើម្បី​រៀបចំផែនការ​អភិវឌ្ឍន៍​ប្រទេស​ ​ហេតុនេះ​បើសិនជា​យើង​តាមដាន​ដឹងពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​ជាមុន​ ​យើង​មានឱកាស​ចំណេញ​ច្រើន​ពី​ការ​វិនិយោគ​របស់​ខ្លួន​។​

​ឧទាហរណ៍​ជាក់ស្តែង​ ​កាលពី​ខែតុលា​ឆ្នាំ២០១៥​ ​រដ្ឋាភិបាល​បាន​ប្រកាស​ដាក់ចេញ​នូវ​គោលនយោបាយ​អ​ភិ​វ​ឌ្ឈ​ន៍​ ​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ​២០២៥​ ​ដោយ​ក្នុង​គោលនយោបាយ​នោះ​ ​រដ្ឋាភិបាល​បាន​ជ្រើសរើស​យក​ទីក្រុង២​ ​និង​ខេត្ត១ជា​តំបន់​សំរាប់​អ​ភិ​វ​ឌ្ឈ​ន៍​វិស័យ​ឧស្សាហកម្ម​ជាពិសេស​។​ ​ខេត្ត​នោះ​រួមមាន​ ​ខេត្ត​ព្រះសីហនុ​ ​ក្រុង​ប៉ោយប៉ែត​ ​និង​ក្រុង​បាវិត​។​

​ជាល​ទ្ឋ​ផល​ក្រុង​ព្រះសីហនុ​ ​ក្រុង​បាវិត​ ​និង​ក្រុង​ប៉ោយប៉ែត​ ​កំពុង​មានការ​រីកចម្រើន​និង​កំពុង​ស្ថិត​ក្នុង​ក្រសែភ្នែក​អ្នក​វិនិយោគ​ជាតិ​ ​និង​អន្តរជាតិ​ចូល​ទៅ​វិនិយោគ​យ៉ាងច្រើន​ ​ដែល​ធ្វើឲ្យ​គ្រប់គ្នា​ស្ទើរ​មិន​នឹង​ស្មាន​ដល់​។​

​ហេតុនេះ​ការ​តាមដាន​ ​ការ​អា​នព៌​ត​មាន​តាម​ទូរទស្សន៍​ ​វេ​ប​សាយ​ ​កាសែត​ ​ពិតជា​មាន​សារៈសំខាន់​ ​ដែល​អ្នក​វិនិយោគ​គ្រប់គ្នា​ត្រូវតែ​ដឹង​ ​ត្រូវតែ​អាន​ ​ដើម្បី​ដឹងពី​ផែនការ​ ​ដឹងពី​ដំណើរ​នៃ​ការ​អ​ភិ​វ​ឌ្ឈ​ន៍​ប្រទេសជាតិ​។​

​សិក្សា​កត្តា​ផ្លូវច្បាប់​​

​ទិដ្ឋភាព​និង​មូលដ្ឋាន​ច្បាប់​ ​ពិតជា​មាន​សារៈសំខាន់​ណាស់​ ​ព្រោះ​វា​ជា​ឧបករណ៍​មួយ​យ៉ាង​សំខាន់​ ​ដែល​អ្នក​វិនិយោគ​ជាតិ​ ​ពិសេស​អ្នក​វិនិយោគ​អន្តរជាតិ​តែងតែ​សិក្សា​មុនគេ​ ​មុន​ចូល​ទៅ​វិនិយោគ​នៅ​ប្រទេស​ណាមួយ​។​ ​ច្បាប់​ពន្ឋ​លើ​ប្រាក់​ចំណេញ​ ​ច្បាប់​វិនិយោគ​ ​ច្បាប់​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​នានា​ ​សុទ្ឋ​តែ​ជា​កត្តា​សំខាន់​នៅក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​។​

​ឧទាហរណ៍​ ​ច្បាប់​វិនិយោគ​កម្ពុជា​បាន​អនុញ្ញាត​ ​ឲ្យ​ជនបរទេស​អាច​បណ្តាក់​ទុន​រកស៊ី១០០ភាគរយ​នៅ​កម្ពុជា​បាន​ ​ដោយ​មិន​ចាំបាច់​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​។​ ​ច្បាប់​នេះ​ពិតជា​មាន​សារៈសំខាន់​បំផុត​ ​ដែល​បាន​និង​កំពុង​ធ្វើឲ្យ​កម្ពុជា​ឈានឡើង​ ​និង​មានការ​រីកចម្រើន​យ៉ាង​លឿន​ហើយ​សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បា​នកំនើន​ ​ជាមធ្យម៧,៧ភាគរយ​ក្នុងរយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ​។​

​មូលដ្ឋាន​ទាំងនេះ​ ​គឺ​នៅតែ​ឈរ​លើក​ត្តា​សុខ​សន្តិភាព​ ​ស្ថេរ​ភាព​នយោបាយ​ ​ស្ថេរ​ភាព​សង្គម​ ​និង​កំនើន​សេដ្ឋកិច្ច​ដ៏​រ៉ឹង​មាំ​របស់​កម្ពុជា​ ​ព្រោះ​បើ​ប្រទេសជាតិ​គ្មាន​ចំណុច​ប៉ុន្មាន​នេះ​ទេ​ ​តម្លៃ​អចលនទ្រព្យ​ ​និង​ការ​វិនិយោគ​ក៏​មិន​អាច​កើនឡើង​បាន​ដែរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here