ដោយ វល័ក្ខ
ភ្នំពេញ៖ នៅប្រទេសចិនអ្នកជំនួញដែលល្បីឈ្មោះជាងគេ ដែលធ្វើឲ្យពិភពលោកស្គាល់ច្រើនជាងគេគឺទំនងជាលោក Jack Ma ហើយ ប៉ុន្តែអ្នកដែលរកស៊ីអចលនទ្រព្យល្បីជាងគេ និងមានទ្រព្យសម្បត្តិច្រើនជាងគេជាប់លំដាប់លេខ១ ផ្នែកវិនិយោគលើវិស័យអចលនទ្រព្យ មិនសូវមានអ្នកចាប់អារម្មណ៍ច្រើននោះទេ។
ការពិតលោក Hui Ka Yan ត្បិតតែឈរនៅលេខរៀងទី២២ នៃកំពូលមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើន ជាងគេបំផុតក្នុងពិភពលោកក្ដី ប៉ុន្តែលោកគឺជាកំពូលមហាសេដ្ឋីលេខ១ ដែលមានទ្រព្យច្រើនជាងគេ ក្នុងវិស័យអចលនទ្រព្យរហូតដល់ ៣៨.៥ពាន់លានដុល្លារអាមេរិក។
នៅថ្ងៃនេះគេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ច Propertyarea.asia បានលើកយកព័ត៌មានមួយចំនួនទាក់ទង នឹងកំពូលមហាសេដ្ឋីរូបនេះមកលាតត្រដាង ដើម្បីឱ្យប្រិយមិត្តអ្នកអានបានជ្រាប់ច្បាស់។
លោក Hui Ka Yan ជាមហាសេដ្ឋីជំនួញចិន ដែលបានកើតនៅឆ្នាំ១៩៥៨ និងបច្ចុប្បន្នលោក គឺជាម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ (Real Estate Developer) ដ៏ធំមួយនៅក្នុងប្រទេសចិនដែលមានឈ្មោះថា Evergrande Group។ ក្រុមហ៊ុន Evergrande Group ត្រូវបានគេដឹងថា បានកាន់កាប់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យប្រមាណជិត៨០០គម្រោង នៅក្នុងទីក្រុងចំនួន ២៤០នៃប្រទេសចិន ហើយបើតាមការវាយតម្លៃ ក្រុមហ៊ុន Evergrande Group មានតម្លៃប្រមាណ៣១.៨ពាន់លានដុល្លារអាមេរិក។
ហេតុអ្វីបានជាលោក Hui Ka Yan បង្កើតក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឡើង? ក្រោយពីបញ្ចប់ការសិក្សាឆ្នាំ១៩៨២ លោក Hui Ka Yan បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនផលិតដេកមួយ ដោយលោកធ្វើការល្អ ត្រូវបានគេតំឡើងតំណែងនាយករង និងចុងក្រោយបានឡើងជានាយកក្រុមហ៊ុន។
នៅឆ្នាំ១៩៩២ លោកបានលាឈប់ពីការងារមួយនោះ និងចាប់ផ្ដើមការងារថ្មីនៅតំបន់សេដ្ឋកិច្ចពិសេសមួយ ក្នុងខេត្ត Guangdong ប្រទេសចិន និងមួយឆ្នាំក្រោយមកលោកត្រូវបានគេតែងតាំងជាប្រធានសាខា។ ក្នុងរយៈពេលជាង១០ឆ្នាំ ដែលលោកបានបម្រើការងារឱ្យគេនោះ គឺលោកទទួលបានបទពិសោធន៍ជាច្រើន នៅក្នុងវិស័យអចលនទ្រព្យ ជាពិសេសគឺការសាងសង់ ដូច្នេះហើយទើបនៅចុងឆ្នាំ ១៩៩៦ និងដើមឆ្នាំ ១៩៩៧ លោកចាប់ផ្ដើមបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន ដែលមានឈ្មោះថា Evergrande Group ហើយលោកបានកាន់តំណែងជាអគ្គនាយក និងជាប្រធានក្រុមប្រឹក្សាភិបាល។
យុទ្ធសាស្ត្រដំបូងក្រោយពេលលោក បានបង្កើតក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឡើង គឺលោកបានចាប់យកគម្រោងសាងសង់ ដែលមានតម្លៃទាបនៅក្នុងទីផ្សារតូចៗ ហើយយុទ្ធសាស្ត្រនេះ គឺពិតជាធ្វើឱ្យលោកទទួលបានជោគជ័យខ្លាំងមែន រហូតទទួលបានការគាំទ្រ ហើយលោកក៏ចាប់ផ្ដើមគម្រោងធំ៕