ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ ម៉ាក គឺជាសញ្ញាដែលមើលឃើញ ហើយអាចសំគាល់លក្ខណ:ខុសគ្នានៃទំនិញឬសេវានៃសហគ្រាសនីមួយៗ។ ម៉ាកដែលប្រើប្រាស់សំរាប់ទំនិញហៅថាពាណិជ្ជសញ្ញា ហើយម៉ាកដែលប្រើប្រាស់សំរាប់សេវាហៅថា សេវាសញ្ញា។
ម៉ាកអាចមានលក្ខណៈជា ពាក្យ អក្សរ រូបភាព រូបសញ្ញា (ឡូហ្គោ) និមិត្តសញ្ញា ពណ៌ បង្គុំនៃពណ៌ឬបង្គុំនៃសញ្ញាទាំងនេះ។ មិនមែនគ្រប់ម៉ាកទាំងអស់ សុទ្ធតែអាចចុះបញ្ជីដើម្បីទទួលបានកិច្ចការពារនោះទេ។
យោងតាមមាត្រា៤នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ កំណត់ពីម៉ាកមួយចំនួនដែលមិនអាចចុះបញ្ជីបានដូចខាងក្រោម៖
ក. ម៉ាកដែលមិនអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញឬសេវា របស់សហគ្រាសមួយទៅនឹងសហគ្រាសមួយផ្សេងទៀត។
ខ.ម៉ាកដែលបណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌ ឬប្រពៃណីល្អរបស់ជាតិ។
គ.ម៉ាកដែលនាំឱ្យសាធារណជន ឬមជ្ឈដ្ឋានពាណិជ្ជកម្មភាន់ច្រឡំទៅនឹងប្រភពភូមិសាស្ត្រទំនិញឬសេវាពាក់ព័ន្ធ ឬធាតុដើមឬលក្ខណៈខាងក្រៅរបស់ទំនិញឬសេវានោះ។
ឃ. ម៉ាកដែលដូចគ្នានឹង/ឬត្រាប់តាម ឬមានចំណុចណាមួយដូច សញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឈ្មោះឬឈ្មោះសង្ខេបឬអក្សរកាត់ ឬសញ្ញាឬត្រាជាផ្លូវការ ដែលអនុម័ត ដោយរដ្ឋណាមួយ អង្គការអន្តររដ្ឋាភិបាល ឬអង្គការដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច នៃរដ្ឋនោះឬអង្គការនោះ។
ង. ម៉ាកដែលដូចគ្នាឬប្រហាក់ប្រហែលគ្នា ដែលនាំឱ្យច្រឡំនឹងម៉ាកឬពាណិជ្ជនាមមួយដែលល្បីក្នុងព្រះរាជាណាចក្រកម្ពុជា ឬបង្កើតពីការបកប្រែនៃម៉ាកឬ ពាណិជ្ជនាមដែលល្បីនោះ សម្រាប់ទំនិញឬសេវាដូចគ្នា ឬប្រហាក់ប្រហែលគ្នានៃសហគ្រាសមួយទៀត។
ច. ម៉ាកដែលដូចគ្នាឬប្រហាក់ប្រហែល ដែលនាំឱ្យច្រឡំនឹងម៉ាកឬពាណិជ្ជនាមមួយដែលល្បី ឬបង្កើតពីការបកប្រែនៃម៉ាកឬពាណិជ្ជនាម ដែលល្បីនោះ ហើយដែលបានចុះបញ្ជីនៅក្នុង ព្រះរាជាណាចក្រកម្ពុជា សម្រាប់ទំនិញឬសេវាដែលមិនដូចគ្នា ឬមិនប្រហាក់ប្រហែលគ្នា ដោយការប្រើប្រាស់ម៉ាកនោះ ធ្វើឱ្យខូចខាតប្រយោជន៍របស់ម្ចាស់ម៉ាកល្បី។
ឆ. ម៉ាកដែលដូចឬស្ទើរតែដូចគ្នាទាំងស្រុង ទៅនឹងម៉ាកដែលជាកម្មសិទ្ធិរបស់ម្ចាស់ផ្សេង ដែលបានចុះបញ្ជីរួចហើយ ឬបានដាក់ពាក្យស្នើសុំចុះបញ្ជីមុន ឬបានទទួលអាទិភាពចុះបញ្ជីមុន នៅឯបរទេសចំពោះទំនិញ ឬសេវាដូចគ្នាឬទំនិញឬសេវាដែលពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធិ។
សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជីម៉ាក មានដូចខាងក្រោម៖
ក- ចំពោះម៉ាកដែលទាក់ទងនឹងទំនិញឬសេវា ដែលបានចុះបញ្ជីរួចហើយ ការប្រើប្រាស់ម៉ាកនោះ ដោយជនណាមួយក្រៅពីម្ចាស់ដើម ត្រូវមានការយល់ព្រមពីម្ចាស់ម៉ាកដើមជាមុនសិន។
ខ- ម្ចាស់ដើមនៃម៉ាកមានសិទ្ធិ ប្តឹងទៅតុលាការប្រឆាំងនឹងជនណាម្នាក់ ដែលប្រើប្រាស់ដោយរំលោភនូវម៉ាករបស់ខ្លួន ដោយគ្មានការយល់ព្រមពីម្ចាស់ដើម។ ម្ចាស់ដើមក៏មានសិទ្ធិប្តឹង ផងដែរចំពោះការប្រើប្រាស់នូវសញ្ញា ដែលប្រហាក់ប្រហែលនឹងម៉ាកដែលខ្លួនបានចុះបញ្ជីរួចហើយ និងការប្រើប្រាស់ម៉ាកដែលទាក់ទិនទៅនឹងទំនិញ និងសេវាដែលប្រហាក់ប្រហែល ទៅនឹងទំនិញឬសេវានៃម៉ាកដែលចុះបញ្ជីរួចហើយ ដែលអាចបណ្តាលឱ្យមានការភាន់ច្រឡំជាសាធារណៈ៕
គ- សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជី ម៉ាកនឹងមិនរាប់បញ្ចូលនូវការដាក់លក់ទំនិញនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយម្ចាស់ដែលបានចុះបញ្ជីឬដោយមានការយល់ ព្រមពីម្ចាស់ម៉ាកនោះទេ។
រយៈពេលការពារនៃម៉ាក
ម៉ាកដែលបានចុះបញ្ជីហើយ មានសុពលភាព១០ឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃការទទួលពាក្យស្នើសុំចុះបញ្ជី។ តាមការស្នើសុំ ការចុះបញ្ជីម៉ាកមួយ អាចធ្វើសាជាថ្មីសម្រាប់រយៈពេល១០ឆ្នាំម្តង ជាបន្តបន្ទាប់ ក្នុងលក្ខខណ្ឌដែលម្ចាស់ដើមបង់អាករចុះបញ្ជីជាថ្មីតាមការកំណត់។ ការអនុគ្រោះចំពោះការយឺតយ៉ាវក្នុងការចុះបញ្ជីសាជាថ្មី ត្រូវបានអនុញ្ញាតត្រឹមរយៈពេល៦ខែ៕