ចំណេះដឹង​!​ ​តើ​អ្វី​ជា​ម៉ាក​?​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​ម៉ាក​ ​គឺជា​សញ្ញា​ដែល​មើលឃើញ​ ​ហើយ​អាច​សំគាល់​លក្ខណ:ខុសគ្នា​នៃ​ទំនិញ​ឬ​សេវា​នៃ​សហគ្រាស​នី​មួយ​ៗ​។​ ​ម៉ាក​ដែល​ប្រើប្រាស់​សំរាប់​ទំនិញ​ហៅថា​ពាណិជ្ជសញ្ញា​ ​ហើយ​ម៉ាក​ដែល​ប្រើប្រាស់​សំរាប់​សេវា​ហៅថា​ ​សេវា​សញ្ញា​។​

​ម៉ាក​អាច​មាន​លក្ខណៈ​ជា​ ​ពាក្យ​ ​អក្សរ​ ​រូបភាព​ ​រូបសញ្ញា​ ​(​ឡូហ្គោ​)​ ​និមិត្តសញ្ញា​ ​ពណ៌​ ​បង្គុំ​នៃ​ពណ៌​ឬ​បង្គុំ​នៃ​សញ្ញា​ទាំងនេះ​។​ ​មិនមែន​គ្រប់​ម៉ាក​ទាំងអស់​ ​សុទ្ធតែ​អាច​ចុះបញ្ជី​ដើម្បី​ទទួល​បាន​កិច្ចការពារ​នោះ​ទេ​។​ ​

យោង​តាម​មាត្រា៤នៃ​ច្បាប់​ស្តី​ពី​ម៉ាក​ ​ពាណិជ្ជ​នាម​ ​និង​អំពើ​នៃ​ការប្រកួត​ប្រជែង​មិន​ស្មោះត្រង់​ ​កំណត់​ពី​ម៉ាក​មួយចំនួន​ដែល​មិន​អាច​ចុះបញ្ជី​បាន​ដូច​ខាង​ក្រោម៖

​ក​.​ ​ម៉ាក​ដែល​មិន​អាច​សម្គាល់​លក្ខណៈ​ខុសគ្នា​នៃ​ទំនិញ​ឬ​សេវា​ ​របស់​សហគ្រាស​មួយ​ទៅ​នឹង​សហគ្រាស​មួយផ្សេងទៀត​។​
​ខ.ម៉ាក​ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​ ​សីលធម៌​ ​ឬប្រពៃណី​ល្អ​របស់​ជាតិ​។​
​គ.ម៉ាក​ដែល​នាំ​ឱ្យ​សាធារណជន​ ​ឬ​មជ្ឈដ្ឋាន​ពាណិជ្ជកម្ម​ភាន់ច្រឡំ​ទៅ​នឹង​ប្រភព​ភូមិសាស្ត្រ​ទំនិញ​ឬ​សេវា​ពាក់ព័ន្ធ​ ​ឬ​ធាតុ​ដើម​ឬ​លក្ខណៈ​ខាងក្រៅ​របស់​ទំនិញ​ឬ​សេវា​នោះ​។​ ​ ​ ​ ​ ​
​ឃ​.​ ​ម៉ាក​ដែល​ដូចគ្នានឹង​/​ឬ​ត្រាប់តាម​ ​ឬ​មាន​ចំណុច​ណាមួយ​ដូច​ ​សញ្ញា​ជាតិ​ ​ទង់ជាតិ​ ​និង​និមិត្ត​រូប​ផ្សេង​ៗ​ ​ឈ្មោះ​ឬ​ឈ្មោះ​សង្ខេប​ឬ​អក្សរកាត់​ ​ឬសញ្ញា​ឬ​ត្រា​ជា​ផ្លូវការ​ ​ដែល​អនុម័ត​ ​ដោយ​រដ្ឋ​ណាមួយ​ ​អង្គការ​អន្តរ​រដ្ឋាភិបាល​ ​ឬ​អង្គការ​ដែល​បង្កើត​ដោយ​អនុសញ្ញា​អន្តរជាតិ​មួយ​ ​លើកលែងតែ​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ​មានសមត្ថកិច្ច​ ​នៃ​រដ្ឋ​នោះ​ឬ​អង្គការ​នោះ​។​
​ង​.​ ​ម៉ាក​ដែល​ដូចគ្នា​ឬ​ប្រហាក់​ប្រហែលគ្នា​ ​ដែល​នាំ​ឱ្យ​ច្រឡំ​នឹង​ម៉ាក​ឬ​ពាណិជ្ជ​នាម​មួយ​ដែល​ល្បី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ឬ​បង្កើត​ពី​ការបកប្រែ​នៃ​ម៉ាក​ឬ​ ​ពាណិជ្ជ​នាម​ដែល​ល្បី​នោះ​ ​សម្រាប់​ទំនិញ​ឬ​សេវា​ដូចគ្នា​ ​ឬ​ប្រហាក់​ប្រហែលគ្នា​នៃ​សហគ្រាស​មួយទៀត​។​ ​ ​ ​
​ច​.​ ​ម៉ាក​ដែល​ដូចគ្នា​ឬ​ប្រហាក់​ប្រហែល​ ​ដែល​នាំ​ឱ្យ​ច្រឡំ​នឹង​ម៉ាក​ឬ​ពាណិជ្ជ​នាម​មួយ​ដែល​ល្បី​ ​ឬ​បង្កើត​ពី​ការបកប្រែ​នៃ​ម៉ាក​ឬ​ពាណិជ្ជ​នាម​ ​ដែល​ល្បី​នោះ​ ​ហើយដែល​បាន​ចុះបញ្ជី​នៅក្នុង​ ​ព្រះរាជាណាចក្រ​កម្ពុជា​ ​សម្រាប់​ទំនិញ​ឬ​សេវា​ដែល​មិន​ដូចគ្នា​ ​ឬមិន​ប្រហាក់​ប្រហែលគ្នា​ ​ដោយ​ការប្រើ​ប្រាស់​ម៉ាក​នោះ​ ​ធ្វើ​ឱ្យ​ខូចខាត​ប្រយោជន៍​របស់​ម្ចាស់​ម៉ាក​ល្បី​។​
​ឆ​.​ ​ម៉ាក​ដែល​ដូច​ឬ​ស្ទើរតែ​ដូចគ្នា​ទាំងស្រុង​ ​ទៅ​នឹង​ម៉ាក​ដែល​ជា​កម្មសិទ្ធិ​របស់​ម្ចាស់​ផ្សេង​ ​ដែល​បាន​ចុះបញ្ជី​រួចហើយ​ ​ឬ​បាន​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​មុន​ ​ឬ​បាន​ទទួល​អាទិភាព​ចុះបញ្ជី​មុន​ ​នៅ​ឯ​បរទេស​ចំពោះ​ទំនិញ​ ​ឬ​សេវា​ដូចគ្នា​ឬ​ទំនិញ​ឬ​សេវា​ដែល​ពាក់ព័ន្ធ​គ្នា​យ៉ាង​ជិ​ត​ស្និទ្ធិ​។​

សិទ្ធិ​ដែល​ទទួល​បាន​តាមរយៈ​ការចុះបញ្ជី​ម៉ាក​ ​មាន​ដូច​ខាង​ក្រោម៖

​ក​-​ ​ចំពោះ​ម៉ាក​ដែល​ទាក់ទង​នឹង​ទំនិញ​ឬ​សេវា​ ​ដែល​បាន​ចុះបញ្ជី​រួចហើយ​ ​ការប្រើ​ប្រាស់​ម៉ាក​នោះ​ ​ដោយ​ជន​ណាមួយ​ក្រៅពី​ម្ចាស់​ដើម​ ​ត្រូវ​មានការ​យល់ព្រម​ពី​ម្ចាស់​ម៉ាក​ដើម​ជាមុន​សិន​។​ ​
​ខ​-​ ​ម្ចាស់​ដើម​នៃ​ម៉ាក​មាន​សិទ្ធិ​ ​ប្តឹង​ទៅ​តុលាការ​ប្រឆាំង​នឹង​ជន​ណា​ម្នាក់​ ​ដែល​ប្រើប្រាស់​ដោយ​រំលោភ​នូវ​ម៉ាក​របស់​ខ្លួន​ ​ដោយ​គ្មាន​ការយល់ព្រម​ពី​ម្ចាស់​ដើម​។​ ​ម្ចាស់​ដើម​ក៏​មាន​សិទ្ធិ​ប្តឹង​ ​ផង​ដែរ​ចំពោះ​ការប្រើ​ប្រាស់​នូវ​សញ្ញា​ ​ដែល​ប្រហាក់​ប្រហែល​នឹង​ម៉ាក​ដែល​ខ្លួន​បាន​ចុះបញ្ជី​រួចហើយ​ ​និង​ការប្រើ​ប្រាស់​ម៉ាក​ដែល​ទាក់ទិនទៅនឹង​ទំនិញ​ ​និង​សេវា​ដែល​ប្រហាក់​ប្រហែល​ ​ទៅ​នឹង​ទំនិញ​ឬ​សេវា​នៃ​ម៉ាក​ដែល​ចុះបញ្ជី​រួចហើយ​ ​ដែល​អាច​បណ្តាល​ឱ្យ​មានការ​ភាន់ច្រឡំ​ជា​សាធារណៈ​៕​ ​
គ​-​ ​សិទ្ធិ​ដែល​ទទួល​បាន​តាមរយៈ​ការចុះបញ្ជី​ ​ម៉ាក​នឹង​មិនរាប់​បញ្ចូល​នូវ​ការ​ដាក់​លក់ទំនិញ​នៅ​លើ​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដោយ​ម្ចាស់​ដែល​បាន​ចុះបញ្ជី​ឬ​ដោយមាន​ការយល់​ ​ព្រម​ពី​ម្ចាស់​ម៉ាក​នោះ​ទេ​។​

​រយៈពេល​ការពារ​នៃ​ម៉ាក​ ​

​ម៉ាក​ដែល​បាន​ចុះបញ្ជី​ហើយ​ ​មាន​សុពលភាព១០ឆ្នាំ​ ​ចាប់ពី​កាលបរិច្ឆេទ​នៃ​ការ​ទទួលពាក្យ​ស្នើសុំ​ចុះបញ្ជី​។​ ​តាម​ការ​ស្នើសុំ​ ​ការចុះបញ្ជី​ម៉ាក​មួយ​ ​អាច​ធ្វើ​សាជាថ្មី​សម្រាប់​រយៈពេល១០ឆ្នាំ​ម្តង​ ​ជាបន្តបន្ទាប់​ ​ក្នុង​លក្ខខណ្ឌ​ដែល​ម្ចាស់​ដើម​បង់​អាករ​ចុះបញ្ជី​ជាថ្មី​តាម​ការកំណត់​។​ ​ ​ ​ការ​អនុគ្រោះ​ចំពោះ​ការ​យឺតយ៉ាវ​ក្នុង​ការចុះបញ្ជី​សាជាថ្មី​ ​ត្រូវ​បាន​អនុញ្ញាត​ត្រឹម​រយៈពេល៦ខែ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here