ដោយ រ៉ាណេត
ភ្នំពេញ៖ ស្ទើរតែគ្រប់តំបន់ជាយក្រុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្ត ក្រុង ដែលកំពុងតែមានសក្ដានុពល លើវិស័យអចលនទ្រព្យមួយចំនួនដូចជា ខេត្តព្រះសីហនុ កំពត កែប សៀមរាប ប៉ោយប៉ែត ក៏ដូចជាតំប និងក្រុងបាវិត គេសង្កេតឃើញមានការកកើតនូវក្រុមហ៊ុន ក៏ដូចជាភ្នាក់ងារប្រឹក្សាទទួលកម្រៃជើងសារជាច្រើន។
ប៉ុន្តែនៅក្នុងចំណោមអ្នកទាំងអស់នោះ ក្រុមហ៊ុនខ្លះឬភ្នាក់ខ្លះទទួលបានផលវិជ្ជមាន ហើយខ្លះទៀតក៏បិទទ្វារទៅវិញក្នុងរយៈពេលដ៏ខ្លី។ ទាំងនេះត្រូវបានអ្នកជំនាញអះអាងថា ក៏ព្រោះតែភាពមិនច្បាស់ការណ៍នៅក្នុងវិស័យអចលនទ្រព្យ។
អ្នកជំនាញបានលើកឡើងថា ដើម្បីអាចឈរជើង និងរកស៊ីបានយូរនៅក្នុងវិស័យអចលនទ្រព្យ អ្នកត្រូវតែមានភាពឆ្លាតវៃបំផុត ក្នុងការបង្កើតទំនាក់ទំនង និងចេះវាយតម្លៃទៅលើអចលនទ្រព្យ។ មនុស្សជាច្រើនបាននិយាយថា ការរកស៊ីនៅក្នុងវិស័យអចលនទ្រព្យគឺជារឿងងាយស្រួល និងឆាប់មានបំផុត ប៉ុន្តែវាមិនមែនងាយស្រួលដូចការគិតនោះទេ។
ដូច្នេះ តើអ្នកគួរស្វែងយល់ដឹងអ្វីខ្លះនៅក្នុងវិស័យមួយនេះ?
១- សិក្សាពីតម្លៃក្នុងស្រុក
នេះជាកិច្ចការដំបូង ដែលអ្នកត្រូវដឹងតម្លៃអចលនទ្រព្យក្នុងពេលបច្ចុប្បន្ន នៅក្នុងតំបន់នីមួយៗក្នុងប្រទេសរបស់អ្នក ជាពិសេសគឺតំបន់កំពុងអភិវឌ្ឍន៍ និងតំបន់គ្រោងអភិវឌ្ឍន៍។ នៅពេលដែលអ្នកដឹងពីតម្លៃអចលនទ្រព្យ ក្នុងតំបន់ណាមួយច្បាស់ នោះអ្នកនឹងងាយស្រួលក្នុងការលក់ ឬទិញ ដោយទទួលបានផលចំណេញច្រើន។ អ្នកត្រូវដឹងឱ្យច្បាស់ថា តម្លៃនៃអចលនទ្រព្យមួយនេះ វានឹងកើនតម្លៃនៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតនៅពេលខាងមុខ ជាពិសេសត្រូវដឹងថា ហេតុអ្វីតំបន់នេះមានការអភិវឌ្ឍន៍ច្រើន ប៉ុន្តែតម្លៃនៃអចលនទ្រព្យមិនកើនឡើងសោះ។
២- មើលទៅតំបន់ជាយក្រុង
ជាការពិតណាស់ នៅពេលការអភិវឌ្ឍន៍ក្នុងក្រុងកាន់តែតូចទៅៗ នោះក្រុមអ្នកវិនិយោគនឹងងាកទៅជាយក្រុងវិញម្ដង ដូច្នេះអ្នកត្រូវដឹងថា បច្ចុប្បន្នតើការអភិវឌ្ឍន៍នៅក្នុងទីក្រុងដល់កម្រិតណាហើយ ហើយវានឹងជះឥទ្ធិពលទៅដល់ជាយក្រុងនៅពេលណា? នៅពេលដែលអ្នកដឹងថា តំបន់ជាយក្រុងណាមួយ នឹងក្លាយជាតំបន់អភិវឌ្ឍន៍នោះ នោះអ្នកនឹងមើលឃើញពីការរកស៊ី និងទទួលបានផលចំណេញពីការរកស៊ី នៅក្នុងវិស័យអចលនទ្រព្យមួយនេះ។
៣- ត្រូវតាមដានព័ត៌មានឱ្យបានល្អិតល្អន់
ត្រូវមានទំនាក់ទំនងល្អជាមួយនឹងស្ថាប័នឯកជន ឬរដ្ឋ ដើម្បីទទួលបានព័ត៌មាននានា លើវិស័យអចលនទ្រព្យ ព្រោះអ្នកនឹងដឹងថា តំបន់ណានឹងក្លាយជាតំបន់អភវិឌ្ឍន៍ តំបន់ណានឹងត្រូវរដ្ឋាភិបាលកាត់ធ្វើជារបស់រដ្ឋ។ មួយទៀត ការមានទំនាក់ទំនងល្អជាមួយនឹងស្ថាប័នរដ្ឋ អ្នកអាចនឹងទទួលបានផលចំណេញច្រើន ព្រោះនៅពេលមានក្រុមវិនិយោគមក គេអាចនឹងរុញច្រានគម្រោងណាមួយឱ្យមកអ្នក៕