ដោយ រ៉ាណេត
ភ្នំពេញ៖ ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍន៍ប្រទេសជាតិ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលកម្រិតមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូលគោលនយោបាយរួមមួយដោយមានការចូលរួមចំណែកយ៉ាងសកម្ម និងជិតស្និទ្ធពីសំណាក់វិស័យឯកជនក្រោយកម្មវិធី «វេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជន»។
តាមរយៈកម្មវិធីនេះ តើកម្ពុជានឹងទទួលបានអ្វីខ្លះ ដើម្បីជួយជំរុញដល់វិស័យសេដ្ឋកិច្ច?
អគ្គនាយកក្រុមហ៊ុន World Bridge Group លោកឧកញ៉ា សៀ រឹទ្ធី បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ការជួបជុំគ្នា ពិភាក្សាគ្នា តែងតែរកដំណោះស្រាយបាន ហើយការជួបជុំគ្នាកាន់តែញឹកញាប់ កាន់តែបង្កើនទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដែលកាន់តែធ្វើឱ្យមានការយល់ចិត្តគ្នាថា គួរតែដើរតាមផ្លូវណា ដើម្បីឱ្យមានការរីកចម្រើនលើវិស័យសេដ្ឋកិច្ច និងធ្វើឱ្យប្រជាជនមានជីវភាពល្អប្រសើរ។
លោកបន្តថា “តាមរយៈវេទិការមួយនេះ រាជរដ្ឋាភិបាល នឹងផ្តល់ជាមធ្យោបាយក្នុងជួយសម្របសម្រួលណាមួយ ដើម្បីផ្តល់ភាពងាយស្រួលដល់វិស័យឯកជន ដែលជាប្រយោជន៍រួមក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានកំណើន និងភាពល្អប្រសើរ”។
ជាមួយគ្នានេះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង ក៏បានមានប្រសាសន៍ផងដែរថា វេទិកានីមួយៗតែងតែយកធាតុចូលពីវិស័យឯកជន ដូច្នេះដើម្បីកំណត់នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវដាក់ចេញដើម្បីសេដ្ឋកិច្ចឱ្យបានត្រឹមត្រូវ ជារឿងដែលល្អបំផុត។
ជាក់ស្ដែងក្នុងរយៈពេល២០ឆ្នាំ ដោយគិតចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានខិតខំ និងព្យាយាមដោះស្រាយជាច្រើនជូនដល់វិស័យឯកជន ហើយក៏បានដាក់ចេញនូវគោលនយោបាយល្អៗ ដែលជាការផ្តល់ឱកាសដល់វិស័យឯកជនទាំងអ្នកវិនិយោគជាតិ និងអន្តរជាតិ ដែលកំពុងរកស៊ីនៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាសារសំខាន់ និងជាប្រយោជន៍យ៉ាងសំខាន់នៃវេទិកាមួយនេះ។
លោកឧកញ៉ាបន្តទៀតថា កន្លងមកប្រសិទ្ធភាពនៃការងារ គឺសហប្រធានដែលមានវិស័យឯកជនម្នាក់ និងរដ្ឋមន្ត្រីពីផ្នែករដ្ឋាភិបាលម្នាក់ ដែលក្នុងនោះមាន១០ក្រុម គឺបានដោះស្រាយបញ្ហាជាច្រើនជាមួយថ្នាក់រដ្ឋមន្ត្រី។ ការលំបាករបស់វិស័យឯកជន មុនពេលឈានចូលដល់សម្ដេច គឺត្រូវដោះស្រាយត្រឹមថ្នាក់រដ្ឋមន្ត្រីសិន ប្រសិនបើដោះស្រាយបានត្រឹមថ្នាក់រដ្ឋមន្ត្រីគឺយើងបញ្ចប់ត្រឹមហ្នឹងតែម្ដង ប៉ុន្តែអ្វីដែលជាផលលំបាក និងដោះស្រាយមិនបានទើបបញ្ជូនដល់សម្ដេច។
លោកបន្តថា “វេទិកានេះហើយដែលជួយសោះស្រាយនូវផលលំបាកនានា របស់វិស័យឯកជនបានច្រើនបំផុត រវាងក្រសួងពាក់ព័ន្ធរហូតដល់ប្រមុខរាជរដ្ឋាភិបាលដែលជាអ្នកវះកាត់”។
ថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាត់វិធានការកែប្រែទម្រង់ដ៏មុតស្រួច និងស៊ីជម្រៅ សម្ដៅកែលម្អនៃការលើកស្ទួយភាពប្រកួតប្រជែង ជាពិសេសវិធានការសម្រួលពាណិជ្ជកម្ម ការកាត់បន្ថយថ្លៃនៃការធ្វើធុរកិច្ច ដូចជាការលុបបំបាត់នូវវិញ្ញាបនបត្រប្រភពដើមទំនិញ ការកែសម្រួលនូវមុខងារ និងតួនាទីរបស់កាំកុងត្រូលចេញពីការត្រួតពិនិត្យទំនិញចេញចូល ការរំសាយអង្គភាពកាំសាប ការកាត់បន្ថយថ្លៃស្កែនកុងទីណ័រ និងថ្លៃសេវាមួយចំនួនទៀត ការកែលម្អសេវាជាប់ព័ន្ធ ការលើកទឹកចិត្តផ្នែកសារពើពន្ធដល់សហគ្រាសខ្នាតតូច និងមធ្យម រួមជាមួយនឹងវិធានការសំខាន់ៗមួយចំនួនទៀត ដែលប្រយោជន៍ធ្វើយ៉ាងណាឱ្យថ្លៃដើម នៃការផលិតរបស់កម្ពុជាមានការចុះថោក ដែលជាការផ្តល់ឱកាសដល់បណ្តាធុរជននៅកម្ពុជា ទទួលបាននូវផលចំណេញ ហើយមានលទ្ធភាពក្នុងការបង់ពន្ធសម្រាប់ចូលទៅកាន់ទីផ្សាររបស់ពួកគេ៕