(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំលើកទី១៦ របស់ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ក្នុងក្របខណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលសម្រេចបន្តអនុវត្ត រហូតដល់ដំណាច់ឆ្នាំ ២០២៥។
គម្រោងដែលបានសម្រេចជាគោលការណ៍នេះ មានចំនួន ១០គម្រោង រួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ៤, គម្រោងថ្មី ចំនួន ៤, គម្រោងពង្រីកចំនួន ១, និង គម្រោងមានស្រាប់ចំនួន ១ ដោយមានទុនវិនិយោគប៉ាន់ស្មានសរុប ១៥៤ លានដុល្លារអាមេរិក និង អាចបង្កើតការងារប្រមាណ ១,១៨៧ កន្លែង ជាអាទិ៍ រោងចក្រកែច្នៃ, អគារពាណិជ្ជកម្ម, គ្រឹះស្ថានសិក្សាចំណេះទូទៅ, ផែបណ្តែតទឹក, សណ្ឋាគារ និង អគារស្នាក់នៅរួម។ ផ្អែកតាមនេះ, ចាប់ពីឆ្នាំ ២០២៤ រហូតដល់ខែ ឧសភា ឆ្នាំ ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៩៧ គម្រោង មានទុនវិនិយោគប៉ាន់ស្មានសរុប ៧ ០២៩ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារ ៥៣ ១៨៧ កន្លែង។
បណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានគូសរំលេចជូនអង្គប្រជុំជ្រាប អំពីបច្ចុប្បន្នភាពនៃ ស្ថានភាពគោលនយោបាយពាណិជ្ជកម្មសកល និង ការការពារឧស្សាហកម្មក្នុងស្រុក ដែលបណ្តាលឱ្យមានការកើនឡើងនៃរបាំងពាណិជ្ជកម្ម ជះឥទ្ធិពលដល់ការទាក់ទាញវិនិយោគ ការអភិវឌ្ឍឧស្សាហកម្ម និង ការនាំចេញរបស់កម្ពុជាផងដែរ ។
-->