ដោយៈ គង់ សូរិយា
ភ្នំពេញៈ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតបានអញ្ជើញដឹកនាំវេទិកាជំរុញ ការវិនិយោគខេត្តព្រះសីហនុ នៅទីក្រុងហ័ងសាន ខេត្តអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន។
វេទិកានេះ មានការចូលរួមពី លេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ លេខាធិការដ្ឋានក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្របស្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ សមាគមអភិវឌ្ឍន៍សហគ្រិនកម្ពុជា-អាស៊ាន អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អគ្គនាយក នាយកក្រុមហ៊ុន អ្នកគ្រប់គ្រងរោងចក្រ សហគ្រាស និងសមាជិក សមាជិកាទាំងអស់ប្រមាណជាង២០០នាក់។
-->
ថ្លែងបើកវេទិកានេះ លោកម៉ាង ស៊ីណេតបានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីការបន្តពូនជ្រុំ លើកកម្ពស់ទំនាក់ទំនងមិត្តភាព ជា «មិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» របស់ប្រទេសទាំងពីរ ដែលជាលទ្ធផលនៃភាពស៊ីសង្វាក់គ្នា រវាងយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្រ្តបញ្ចកោណ របស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់លោកប្រធានាធិបតី ស៊ី ជីនពីង។

ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពជាមួយប្រទេសចិន ខេត្តព្រះសីហនុបានបង្កើតសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុងបងប្អូនជាមួយបណ្តាខេត្ត-ក្រុង នៃប្រទេសចិនចំនួន២០ រួមទាំងខេត្តអានហ៊ួយ ដែលទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥លន្លងមកនេះ។
វេទិកាជំរុញការវិនិយោគខេត្តព្រះសីហនុ នៅខេត្តអានហ៊ួយ នាពេលនេះ គឺមានគោលបំណងដើម្បីពង្រឹង និងពង្រីកការទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តអានហ៊ួយ ព្រមទាំងស្វែងរកដៃគូវិនិយោគ លើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អចលនទ្រព្យ ការដឹកជញ្ជូននិងវិស័យមួយចំនួនទៀតដែលមានសក្តានុពល។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនទាំងអស់ ដែលមានបំណងជ្រើសរើសខេត្តព្រះសីហនុ ជាគោលដៅវិនិយោគ ព្រមទាំងអញ្ជើញធុរជន និងវិនិយោគិន ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅខេត្តព្រះសីហនុ។

លោកម៉ាង ស៊ីណេតបានបញ្ជាក់ថា “រដ្ឋបាលខេត្តព្រះសីហនុ សូមធានាជូនអ្នកវិនិយោគ នូវការផ្តល់សេវាឆាប់រហ័ស ប្រកបដោយទំនុកចិត្ត តម្លាភាព ប្រសិទ្ធភាពខ្ពស់ ព្រមទាំងការសម្របសម្រួល ការលើកទឹកចិត្ត និងធានាសន្តិសុខ សុវត្ថិភាពដល់អ្នកវិនិយោគគ្រប់រូប និងមានសុទិដ្ឋិនិយមថា តាមរយៈវេទិកានេះ អ្នកវិនិយោគនឹងទទួលបានព័ត៌មានពិត និងច្បាស់លាស់ ដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការវិនិយោគនៅខេត្តព្រះសីហនុ”។
បន្ថែមពីលើនេះលោកម៉ាង ស៊ីណេតក៏មានប្រសាសន៍លើកឡើងអំពីព័ត៌មានមិនពិតពីខេត្តព្រះសីហនុ ដើម្បីវាយប្រហារ អុចអាល ញុះញង់ ឱ្យអ្នកវិនិយោគមានការភ័យខ្លាច។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមសូមបញ្ជាក់ថា ព័ត៌មានទាំងនោះគឺជាព័ត៌មាន មិនពិតប្រាកដទេ លោកធានាអះអាងការពារ សន្តិសុខ សុវត្ថិភាពជូនដល់អ្នកវិនិយោគឱ្យបានល្អប្រសើរ ព្រោះថាបេសកម្មរបស់រដ្ឋបាលខេត្តគឺ៖
“សុខសុវត្ថិភាពរបស់អ្នកវិនិយោគ គឺជាកាតព្វកិច្ចរបស់យើងខ្ញុំ” ហើយ “ភាពជោគជ័យលើអាជីវកម្មរបស់អ្នកវិនិយោគ គឺជាភាពរីករាយរបស់យើងខ្ញុំ”។
ក្នុងវេទិកានេះក៏មានបទបង្ហាញរបស់វាគ្មិន ពាក់ព័ន្ធនឹងសក្តានុពល និងឱកាសវិនិយោគនៅខេត្តព្រះសីហនុ ព្រមទាំងផ្តល់ពេលវេលាសម្រាប់កម្មវិធីសំណួរ ចម្លើយ ដោយបានធ្វើការបកស្រាយយ៉ាងក្បោះក្បាយជូនវិនិយោគិន និងធុរជនផងដែរ៕
