ចិនប្រកាសផ្តល់ទិដ្ឋាការថ្មីដល់អ្នកដំណើរក្នុងគោលបំណងអាជីវកម្មមកពីកម្ពុជា និងប្រទេសអាស៊ាន៩ផ្សេងទៀត

0

ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រទេសចិនបានប្រកាសដាក់ចេញនូវ“ទិដ្ឋាការអាស៊ានពិសេស”ឬ ASEAN visa សម្រាប់អ្នកដំណើរធុរកិច្ចមកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ បូករួមទាំងប្រទេសទីម័រខាងកើត។

បណ្តាប្រទេស​រដ្ឋជាសមាជិក​អាស៊ាន​ រួមមាន ប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរី ប្រទេសថៃ ប្រទេសប្រ៊ុយណេ ប្រទេសវៀតណាម ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា និង​ប្រទេសកម្ពុជា។

យោងតាមក្រសួងការបរទេសចិនបានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរមកពីបណ្តាប្រទេសអាស៊ានទាំង១១ ដែលមកទស្សនាប្រទេសចិនក្នុងគោលបំណងអាជីវកម្ម ដោយនាំមកជាមួយប្តី ឬប្រពន្ធ និងកូនរបស់ពួកគេ នឹងត្រូវបានផ្តល់ជូន “ទិដ្ឋាការអាស៊ាន”។

-->

អ្នកទទួលបានទិដ្ឋាការនេះមានសិទ្ធិចេញ-ចូលប្រទេសចិនបានច្រើនដង(Mutiple-entry)ក្នុងរយៈពេល៥ឆ្នាំ ហើយអនុញ្ញាតឱ្យមានការស្នាក់នៅមួយលើកៗរយៈពេល១៨០ថ្ងៃជាអតិបរមា។

លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា “ដោយសារការធ្វើដំណើរទៅវិញទៅមកជាញឹកញាប់រវាងប្រជាជននៃប្រទេសចិន និងបណ្តាប្រទេសអាស៊ាន ទិដ្ឋាការថ្មីនេះមានគោលបំណងជួយសម្រួលដល់ការធ្វើដំណើរឆ្លងដែនបន្ថែមទៀតនៅក្នុងតំបន់”។

គម្រោងដាក់ចេញទិដ្ឋាការអាស៊ានថ្មីនេះ នឹងបូកបន្ថែមពីលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការដែលមានស្រាប់ រវាងប្រទេសចិនជាមួយបណ្តាប្រទេសក្នុងតំបន់ រួមមានសិង្ហបុរី ថៃ និងម៉ាឡេស៊ី។

បច្ចុប្បន្ន ប្រជាជនសិង្ហបុរី និងពលរដ្ឋចិនអាចធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំង២ ដោយមិនចាំបាច់មានទិដ្ឋាការក្នុងរយៈពេល៣០ថ្ងៃ ក្រោមកិច្ចព្រមព្រៀង ដែលបានចូលជាធរមានកាលពីខែកុម្ភៈ,ឆ្នាំមុន។ ចំណែក ប្រជាជនម៉ាឡេស៊ី និងប្រជាជនថៃក៏ទទួលបានការលើកលែងទិដ្ឋាការដូចគ្នានេះផងដែរ។

ចំណែក គម្រោង“ទិដ្ឋាការ Lancang-Mekong” ដែលបានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ផ្តល់ជូនអ្នកធ្វើដំណើរក្នុងគោលបំណងអាជីវកម្មមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម នូវទិដ្ឋាការចូលបានច្រើនដងរយៈពេល៥ឆ្នាំជាមួយនឹងរយៈពេលនៃការស្នាក់នៅអតិបរមាចំនួន១៨០ថ្ងៃ៕