ដោយ: គង់ លាងហួរ
អន្តរជាតិ: ភាពមិនច្បាស់លាស់ពីគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិកអាចជះផលប៉ះពាល់លើទីផ្សារអចលនទ្រព្យពិភពលោក។ប៉ុន្តែ ក្រុមអ្នកជំនាញបានអះអាងថា ឱកាសវិនិយោគនៅតែមានក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោក Chad Phillips ប្រធានផ្នែកអចលនទ្រព្យសកលនៅក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម Nuveen បានកត់សម្គាល់ថា តម្លៃអចលនទ្រព្យនៅទូទាំងពិភពលោកបានដាំក្បាលចុះប្រហែល១៦ភាគរយចាប់តាំងពីឆ្នាំ២០២២ បន្ទាប់ពីមានការដំឡើងអត្រាការប្រាក់នៅឆ្នាំនោះ។
យ៉ាងណាមិញ លោក Chad Phillips យល់ឃើញថា ការធ្លាក់ចុះនេះជួយកាត់បន្ថយហានិភ័យ និងរក្សាទីផ្សារអចលនទ្រព្យឱ្យកាន់តែមានភាពរឹងមាំ បើទោះបីជាមានការព្រួយបារម្ភផ្នែកសេដ្ឋកិច្ចទូទាំងពិភពលោកយ៉ាងណាក្តី។
លោក Vincent Chew អ្នកជំនាញគ្រប់គ្រងផលបត្រនៃក្រុមហ៊ុន PGIM Real Estate បានអះអាងថា ការផ្គត់ផ្គង់អចលនទ្រព្យស្ថិតនៅក្រោមការគ្រប់គ្រង ហើយអត្រាគ្របដណ្តប់ការប្រើប្រាស់មានកម្រិតខ្ពស់។
ទោះបីជាភាពមិនច្បាស់លាស់អាចជះផលប៉ះពាល់ដល់ទស្សនវិស័យរយៈពេលខ្លីយ៉ាងណាក្តី ក៏ប៉ុន្តែលោក Chew នៅតែជឿជាក់ថា វានឹងមិនអាចបញ្ឈប់ការងើបឡើងវិញរបស់ទីផ្សារនោះទេ។
លោក Chew បានបង្ហាញទំនុកចិត្តថា “ឆ្នាំ២០២៥នេះ នឹងក្លាយជាពេលវេលាដ៏ល្អដើម្បីចាប់ផ្តើមការវិនិយោគថ្មី”។
ទន្ទឹមនឹងនោះ តំបន់អាសុីប៉ាសុីហ្វិកត្រូវបានគេចាត់ទុកថា ជាតារាកំពុងរះ ក្នុងបរិបទមួយដែលទីផ្សារពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់។ ក្នុងនោះ ក្រុមអ្នកជំនាញបានសម្លឹងឃើញឱកាសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសផ្នែកលំនៅដ្ឋាន ភស្តុភារ និងការថែទាំសុខភាព។
យោងតាមលោក Hamish MacDonald ប្រធានក្រុមហ៊ុនអចលនទ្រព្យ BlackRock ប្រចាំតំបន់អាសុីប៉ាសុីហ្វិក បានឱ្យដឹងថា តំបន់នេះមានសក្តានុពលនៃការវិនិយោគដ៏គួរឱ្យទាក់ទាញ ជាពិសេសនៅក្នុងផ្នែកដែលកំពុងអភិវឌ្ឍន៍៕