ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីភ្នាក់ងារវាយតម្លៃឥណទាន S&P Global Ratings អះអាងថា វិបត្តិកង្វះសាច់ប្រាក់របស់ក្រុមហ៊ុន New World Development ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេបំផុតមួយនៅទីក្រុងហុងកុងនៃប្រទេសចិន អាចជះផលប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកទិញ និងនាំឱ្យតម្លៃផ្ទះធ្លាក់ចុះ។
ក្រុមហ៊ុនយក្ស New World Development បានស្នើសុំពន្យារពេលការទូទាត់អត្រាការប្រាក់លើមូលបត្របំណុល ដោយបង្កឱ្យមានការព្រួយបារម្ភអំពីហានិភ័យ។ កាលពីខែមុន ក្រុមហ៊ុននេះបានធ្វើឱ្យអ្នកវិនិយោគមានការភ្ញាក់ផ្អើល ដោយមិនបានសងបំណុលចំនួន៣៤៥លានដុល្លារអាមេរិកទាន់ពេលវេលា។
ទីភ្នាក់ងារ S&P បានលើកឡើងថា ការពន្យាពេលលើការទូទាត់អត្រាការប្រាក់ជាបញ្ហា ដែលអ្នកវិនិយោគមួយចំនួនកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។ការណ៍នេះអាចជះផលប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យរបស់ទីក្រុងហុងកុង ដោយអង្រួនទំនុកចិត្តរបស់អ្នកទិញ។
ទីភ្នាក់ងារ S&P បានព្យាករណ៍ថា តម្លៃផ្ទះនៅទីក្រុងហុងកុងអាចនឹងធ្លាក់ចុះចន្លោះពី៥ភាគរយ ទៅ៧ភាគរយនៅឆ្នាំនេះ ប្រសិនសេណារីយ៉ូដ៏អាក្រក់បំផុតកើតឡើង។ប៉ុន្តែ ប្រសិនបើសេណារីយ៉ូមានសភាពធម្មតា តម្លៃផ្ទះត្រូវបានគេរំពឹងថា នឹងស្ថិតនៅទ្រឹង។
យោងតាមរបាយការណ៍របស់រដ្ឋបាលក្រុងហុងកុងចេញផ្សាយកាលពីខែឧសភាបានបង្ហាញថា តម្លៃផ្ទះនៅក្នុងទីក្រុងហុងកុងបានកើនឡើងជាលើកដំបូងក្នុងរយៈពេល៤ខែ ដោយកើនឡើងចំនួន០,៣៥ភាគរយកាលពីខែមេសាកន្លងទៅ។
ទីភ្នាក់ងារ S&P បានអះអាងទៀតថា បណ្តាអ្នកអភិវឌ្ឍន៍ហុងកុង រួមទាំងក្រុមហ៊ុនយក្ស Sun Hung Kai Properties និងក្រុមហ៊ុនយក្ស Henderson Land,កំពុងប្រកួតប្រជែងគ្នាដើម្បីប្រមូលសាច់ប្រាក់ដោយបញ្ចុះតម្លៃផ្ទះក្នុងគម្រោងលំនៅដ្ឋានថ្មីៗរបស់ពួកគេក្នុងគោលដៅទាក់ទាញអតិថិជន៕