រដ្ឋមន្ត្រីទេសចរណ៍ណែនាំឲ្យមានការរៀបចំបន្ទប់ទឹកឲ្យស្អាត និងពង្រឹងគុណភាពផលិតផលក្នុងស្រុក

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ  រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់បានលើកឡើងថា ផលិតផលក្លែងក្លាយ មិនត្រឹមតែបានប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យបាត់ជំនឿទុកចិត្ត ដល់វិស័យ​ទេសចរណ៍ និងកិត្តិនាមកម្ពុជាថែមទៀតផងដែរ។

លោកថ្លែងបែបនេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមក្នុងវិស័យទេសចរណ៍ ផ្តោតសំខាន់លើប្រធានបទសំខាន់ៗចំនួន៣ រួមមាន៖ ទី១) កម្មសិទ្ធិបញ្ញាក្នុងវិស័យទេសចរណ៍ ទី២) ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្នុងវិស័យទេសចរណ៍ និងទី៣) ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់បានអំពាវនាវឱ្យម្ចាស់សណ្ឋាគារ, ភោជនីយដ្ឋាន, អាហារដ្ឋាន និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ត្រូវចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងគុណភាព និងសុវត្ថិភាពម្ហូបអាហារ។

លោកក៏បានសង្កត់ធ្ងន់ ដោយណែនាំឱ្យមានការយកចិត្តទុកដាក់រៀបចំឱ្យមានបន្ទប់ទឹក និងបន្ទប់ទឹកឱ្យមានអនាម័យស្អាតបាត ប្រកប​ដោយគុណភាព។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី ជំរុញការលើកតម្កើងផលិតផលខ្មែរ និងគាំទ្រកសិករ និងអ្នកផលិតក្នុងស្រុកឱ្យផ្តោតលើគុណភាព ជាពិសេ​សលើកទឹកចិត្តភ្ញៀវទេសចរ ឱ្យទិញវត្ថុអនុស្សាវរីយ៍ ដែលធ្វើដោយដៃ និងផលិតនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here