ដោយ: គង់ លាងហួរ
សេអ៊ូល: ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងប្រកាសវិធានការដើម្បីរក្សាស្ថិរភាពតម្លៃផ្ទះនៅដើមខែកក្កដាខាងមុខ ជាពិសេសសម្រាប់តំបន់ជុំវិញទីក្រុងសេអ៊ូល ដូចជាការរឹតបន្តឹងការផ្តល់ប្រាក់កម្ចី និងបទប្បញ្ញត្តិពន្ធ។នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Yonhap ដោយដកស្រង់ប្រភពមិនសុំបញ្ចេញឈ្មោះ។
តម្លៃអាផាតមុិននៅតំបន់ទីក្រុងសេអ៊ូល(Greater Seoul) បានកើនឡើងចំនួន២១សប្តាហ៍ជាប់ៗគ្នា ជាមួយអត្រាខ្ពស់បំផុតក្នុងរយៈពេលជិត៧ឆ្នាំ។ ការហក់ឡើងនៃតម្លៃលំនៅដ្ឋាន ជាក្តីកង្វល់សម្រាប់ធនាគារកណ្តាល និងរដ្ឋាភិបាលកូរ៉េខាងត្បូង។
តម្លៃផ្ទះនៅទីក្រុងសេអ៊ូល និងបណ្តាខេត្តជាប់រដ្ឋធានីមួយនេះបានហក់ឡើងជាង១៦ភាគរយនៅចន្លោះខែមករា ឆ្នាំ២០២៣ និងខែមេសា ឆ្នាំ២០២៥ ដោយសារកំណើននៃការទិញទុកលក់ចំណេញ(Speculation)។ ផ្ទុយទៅវិញ តម្លៃផ្ទះនៅតាមបណ្តាខេត្តមិនជាប់រដ្ឋធានីសេអ៊ូលបានស្ថិតនៅទ្រឹង ឬធ្លាក់ចុះ។
ការដោះស្រាយបញ្ហាលំនៅដ្ឋានហក់ឡើងថ្លៃកប់ពពកក្លាយជាវិញ្ញាសារសាកល្បងសម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូងថ្មីលោក Lee Jae-myung ដែលបានស្បថចូលកាន់តំណែងនៅដើមខែមិថុនា និងបានប្តេជ្ញាធ្វើឱ្យលំនៅដ្ឋានមានតម្លៃសមរម្យ។
លោក Lee បានប្តេជ្ញាបង្កើនការផ្គត់ផ្គង់លំនៅដ្ឋានសម្រាប់គ្រួសារដែលមានប្រាក់ចំណូលមធ្យម និងប្រាក់ចំណូលទាប ព្រមទាំងកែសម្រួលនីតិវិធីផ្សេងៗ ដើម្បីពន្លឿនការអនុម័តគម្រោងលំនៅដ្ឋានរបស់អ្នកអភិវឌ្ឍន៍ ក្នុងគោលដៅជួយកាត់បន្ថយការចំណាយ និងធ្វើឱ្យអ្នកអភិវឌ្ឍន៍អាចលក់ផ្ទះក្នុងតម្លៃថោក។
កាសែត Yonhap បានរាយការណ៍ថា ក្រសួងដែនដី ក្រសួងហិរញ្ញវត្ថុ និងទីភ្នាក់ងារផ្សេងទៀតកំពុងពិភាក្សាគ្នាអំពីការរឹតបន្តឹងការផ្តល់ប្រាក់កម្ចី និងការបង់ពន្ធចំពោះការទិញលំនៅដ្ឋាននៅតំបន់ ដែលមានតម្លៃផ្ទះហក់ឡើងខ្លាំង ខណៈទីក្រុងសេអ៊ូលកំពុងពង្រឹងច្បាប់ផ្ទាល់ខ្លួនដាច់ដោយឡែកដើម្បីគ្រប់គ្រងប្រតិបត្តិការទិញ-លក់នៅក្នុងសង្កាត់មួយចំនួន។
ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងធ្លាប់បានប្រកាសឱ្យដឹងកាលពីដើមខែមិថុនាថា រដ្ឋាភិបាលនឹងពិចារណាលើគ្រប់គោលនយោបាយទាំងអស់ ដើម្បីរក្សាស្ថិរភាពរបស់ទីផ្សារអចលនទ្រព្យ៕ប្រភព: Bloomberg៕