ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមធនាគារវិនិយោគខ្នាតយក្ស Goldman Sachs បានឱ្យដឹងថា វិបត្តិអចលនទ្រព្យរបស់ប្រទេសចិនអាចបន្តអូសបន្លាយ និងដាំក្បាលចុះដល់បាត ឬមានស្ថិរភាពនៅឆ្នាំ២០២៧ខាងមុខ ខណៈតម្លៃផ្ទះអាចដាំក្បាលចុះចំនួន១០ភាគរយបន្ថែមទៀតក្នុងកំឡុងពេលនេះ។
តម្លៃផ្ទះនៅប្រទេសចិនបានដាំក្បាលចុះប្រហែល២១ភាគរយគិតចាប់តាំងពីចុងឆ្នាំ២០២១មក។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយកាសែត South China Morning Post ។
ធនាគារ Goldman បានប្រៀបធៀបស្ថានភាពរបស់ប្រទេសចិនទៅនឹងវិបត្តិលំនៅដ្ឋានកាលពីអតីតកាលចំនួន២១ករណីនៅទូទាំងពិភពលោក។ ធនាគារ Goldman បានរកឃើញថា ជាធម្មតា ការធ្លាក់ចុះរបៀបនេះមានរយៈពេល៦ឆ្នាំ និងនាំឱ្យតម្លៃផ្ទះមានការធ្លាក់ចុះយ៉ាងគំហុក។
វិបត្តិអចលនទ្រព្យចិនបានចាប់ផ្តើមកើតឡើងនៅឆ្នាំ២០២១ បន្ទាប់ពីរដ្ឋាភិបាលចិនរឹតបន្តឹងការផ្តល់ប្រាក់កម្ចីដល់អ្នកអភិវឌ្ឍន៍ ហើយវិបត្តិនេះមានសភាពកាន់តែអាក្រក់ ក្រោយពីអាជ្ញាធរចិនបានដាក់ចេញវិធានការបិទខ្ទប់ជំងឺកូវីដ-១៩ យ៉ាងតឹងរ៉ឹងនៅឆ្នាំ២០២២។
ធនាគារ Goldman បានព្រមានថា ប្រសិនបើគ្មានការបន្ធូរបន្ថយគោលនយោបាយបន្ថែមទេ នោះការដាំក្បាលចុះនៃទីផ្សារលំនៅដ្ឋានអាចជះផលប៉ះពាល់លើទំនុកចិត្តរបស់អតិថិជន និងការវិនិយោគក្នុងវិស័យឯកជន។
ធនាគារនេះបានលើកទឹកចិត្តឱ្យអាជ្ញាធរចិនបន្ធូរបន្ថយគោលនយោបាយបន្ថែមទៀត ព្រោះនេះជាការចាំបាច់ដើម្បីទប់ស្កាត់មិនឱ្យតម្រូវការលំនៅដ្ឋានបន្តដាំក្បាលចុះ៕ប្រភព: South China Morning Post ៕