ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាអ្នកអភិវឌ្ឍន៍ឯកជននៅប្រទេសសិង្ហបុរីបានលក់ចេញផ្ទះចំនួន៣១២យូនីតកាលពីខែឧសភា ឆ្នាំ២០២៥ ដោយមិនមានគម្រោងថ្មីបានបើកដំណើរការ។តួលេខនេះដាំក្បាលចុះជាងពាក់កណ្តាលបើធៀបនឹងផ្ទះចំនួន៦៦៣យូនីត ដែលលក់ចេញកាលពីខែមេសា ឆ្នាំ២០២៥។
ទោះជាយ៉ាងណា បើធៀបនឹងខែឧសភា ឆ្នាំ២០២៤ ការលក់ផ្ទះបានហក់ឡើង៣៩,៩ភាគរយកាលពីខែសភា ឆ្នាំ២០២៥។ កាលពីខែឧសភា ឆ្នាំ២០២៤ បណ្តាអ្នកអភិវឌ្ឍន៍ឯកជននៅប្រទេសសិង្ហបុរីបានលក់ចេញផ្ទះចំនួន២២៣យូនីត។នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA)។
លោក Justin Quek នាយកប្រតិបត្តិក្រុមហ៊ុន OrangeTee & Tie បានលើកឡើងថា ការលក់ផ្ទះថ្មីនៅខែឧសភា ឆ្នាំនេះ ជាកម្រិតប្រចាំខែទាបបំផុតដែលបានកត់ត្រាក្នុងរយៈពេលប៉ុន្មានខែកន្លងមក ស្របពេលអវត្តមាននៃការបើកដំណើរការគម្រោងថ្មី។
លោកស្រី Wong Siew Ying ប្រធានផ្នែកស្រាវជ្រាវ និងមាតិការបស់ក្រុមហ៊ុន PropNex បានមានប្រសាសន៍ឱ្យដឹងថា មិនមានគម្រោងថ្មីៗដាក់លក់នៅលើទីផ្សារកាលពីខែឧសភានោះទេ។ នេះជាមូលហេតុធ្វើឱ្យការលក់ផ្ទះធ្លាក់ចុះ។
លោក Nicholas Mak ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Mogul.sg បានអះអាងថា ភាពមិនប្រាកដប្រជាដែលកំពុងបន្តកើតមាននៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច និងទីផ្សារការងារបានធ្វើឱ្យការលក់ផ្ទះឯកជនធ្លាក់ចុះទាំងផ្នែកតម្រូវការ និងការផ្គត់ផ្គង់។
លោកបន្ថែមថា បណ្តាអ្នកអភិវឌ្ឍន៍កំពុងរង់ចាំរហូតលក្ខខណ្ឌទីផ្សារមានភាពអំណោយផលបន្ថែមទៀតដើម្បីចាប់ផ្តើមបើកលក់លំនៅដ្ឋានក្នុងគម្រោងថ្មីៗ ខណៈអ្នកទិញផ្ទះកំពុងរង់ចាំជ្រើសរើសគម្រោងដែលខ្លួនពេញចិត្ត និងមានតម្លៃទាប៕ប្រភព: The Business Times៕